ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា តវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា ដែលសកម្មភាពនេះ មានទម្រង់ជាពាក្យបណ្តឹងផ្លូវ ច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លេខ បព ០៩/២០២៦ កបទ.សអ ចុះថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា។ សកម្មភាពនេះ មានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលា ការក្នុង ប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។
កម្ពុជា យល់ឃើញជាមួយក្តីបារម្ភខ្លាំងថា ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូល របស់កម្ពុជា នេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះ មិនស្របនឹងគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអា ស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ។ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណ ភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ។

កម្ពុជា ជំរុញឱ្យប្រទេសថៃ ចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយ នេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃបទឈប់បាញ់ និងការរៀបចំនានា ដើម្បីកាត់ បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារទំនុកចិត្តនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ»៕ ខៀវទុំ