Monday, February 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះអេតចាយ មិនឲ្យពន្លត់ ខ្លាចសមត្ថកិច្ចបាញ់ទឹក យកលុយ

ភ្លើងឆេះអេតចាយ មិនឲ្យពន្លត់ ខ្លាចសមត្ថកិច្ចបាញ់ទឹក យកលុយ

ភ្នំពេញ ៖ គំនរអេតចាយមួយកន្លែងដែលមានសុទ្ធតែជាគ្រឿងជ័រ ត្រូវបានភ្លើងឆាបឆេះសន្ធោសន្ធៅ និងផ្សែងហុយឃ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ដែលសង្ស័យបណ្តាលមកពីក្មេងៗ ដុតភ្លើងលេង ភ្លាមៗនោះម្ចាស់ទីតាំងអេតចាយ បានយកគ្រឿងចក្រកាយអេតចាយ ផ្តាច់គំនរចេញពីគ្នា និងកាយដីលុបភ្លើង ព្រមទាំងយកទុយោបាញ់ទឹកពន្លត់ភ្លើង  ហើយភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យ ក៏បានចុះទៅដល់ ដើម្បីអន្តរាគមន៍ដែរ  តែត្រូវបានម្ចាស់ទីតាំងរារាំងមិនឱ្យរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ទេ ដោយខ្លាចរថយន្តពន្លត់អគ្គិភ័យ យកលុយកាក់ រហូតដល់មានអន្តរាគមន៍ពីលោកចៅសង្កាត់ត្រពាំងក្រសាំង ទើបម្ចាស់ទីតាំងយល់ព្រមឱ្យឡានទឹក បាញ់ពន្លត់ អស់ទឹក១ឡាន ទើបភ្លើងរលត់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកន្លែងស្តុកអេតចាយ នៅលើដីទំនេរមួយកន្លែង ស្ថិតនៅផ្លូវលេខ១៣៨ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពប្រជាការពារ បានឱ្យដឹងថា ទីតាំងស្តុកអេតចាយ ខាងលើ ពុំមានរោងទេ គឺគេគរទុកនៅកណ្តាលវាល នៅក្នុងដីទំនេរ ដែលមានស្មៅដុះទ្រុបទ្រុល ហើយនៅជិតទីនោះ ក៏មានផ្ទះច្រើនខ្នងផងដែរ។ នៅមុនពេលកើតហេតុ មានក្មេងៗលេងភ្លើងនៅទីនោះ ហើយក្រោយមកស្រាប់តែមានភ្លើងឆេះអេតចាយ សន្ធោសន្ធៅ ហុយផ្សែងខ្មៅខ្មួលខ្មាញ់ ដែលសង្ស័យក្មេងៗទាំងនោះដុតលេង។

ប្រភពដដែល បានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះ ម្ចាស់អេតចាយ បានយកទុយោបាញ់ទឹកពន្លត់ ព្រមទាំងយកគ្រឿងចក្រអេស្កាវ៉ាទ័រ កាយផ្តាច់គំនរអេតចាយចេញពីគ្នា និងកាយដីលុបភ្លើង ។ ប៉ុន្តែខណៈនោះភ្លើងឆេះខ្លាំងណាស់ ព្រោះអេតចាយដែលភ្លើងកំពុងឆេះនោះសុទ្ធតែគ្រឿងជ័ត ងាយឆេះ ទោះជាខំប្រឹងពន្លត់ ក៏មិនរលត់ភ្លាមៗឡើយ។

ប្រភពខាងលើ បានបន្ថែមថា ពេលរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ទៅដល់ ម្ចាស់អេតចាយ បានហាមឃាត់ មិនបាញ់ទឹកពន្លត់នោះទេ ដោយថា ចង់ពន្លត់ខ្លួនឯង រហូតដល់ចៅសង្កាត់ត្រពាំងក្រសាំង បានអន្តរាគមន៍ ទើបម្ចាស់អេតចាយ ព្រមឱ្យរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់។

ខណៈនោះ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានបាញ់ទឹកអស់១រថយន្ត ភ្លើងរលត់ទៅវិញទាំងស្រុង មិនឆេះរាលដល់កន្លែងផ្សេង និងផ្ទះសម្បែងដែលស្ថិតនៅជិតនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានអញ្ជើញម្ចាស់អេតចាយ ទៅណែនាំ ធ្វើកំណត់ហេតុនិងធ្វើកិច្ចសន្យាចំពោះការរារាំងដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ មិនឱ្យបាញ់ពន្លត់។

នៅចំពោះមុខសមត្ថកិច្ច បុរសជាម្ចាស់ទីតាំងអេតចាយ ឈ្មោះ ធឹម ចេង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរទិញ-លក់អេតចាយ បានបញ្ជាក់ថា មូលហេតុដែលខ្លួនរារាំង មិនឱ្យសមត្ថកិច្ចជួយពន្លត់ ដោយសារគាត់ភិតភ័យពេក និងគិតថា ខ្លាចរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹក គិតលុយ ទើបខ្លួនឃាត់មិនឱ្យបាញ់ទឹក និងថែមទាំងប្រើពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ច និងកម្លាំងពន្លត់អគ្គិភ័យផង ហេតុនេះខ្លួនសុំធ្វើការសុំទោសជាសាធារណៈ និងសន្យាមិនឱ្យកើតមានករណីបែបនេះទៀតឡើយ៕

RELATED ARTICLES