ខេត្តកំពង់ស្ពឺ ៖ នារី ២នាក់បងប្អូន ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែនាំគ្នាឈរជេរប្រមាស្ត្រីចំណាស់ម្នាក់ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា លុះស្ត្រីរងគ្រោះចេញមកសួរនាំ រកហេតុផល ស្រាប់តែនារី ២នាក់បងប្អូន បានព្រួតវាយ បណ្តាលឱ្យស្ត្រីចំណាស់រងរបួសធ្ងន់ រួចក៏រត់គេចចូលបន្ទប់វិញ ស្រាប់តែជនសង្ស័យមិនអស់ចិត្ត ថែមទាំងយកដុំថ្មគប់ទៅលើទ្វារបន្ទប់ស្ត្រីរងគ្រោះទៀត ធ្វើឱ្យស្ត្រីរងគ្រោះ ទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់ ឃាត់ខ្លួនស្រីទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
ជនសង្ស័យទាំង២នាក់បងប្អូន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះយូ ចិន្តា ហៅ ឡែន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះយូ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាក។ បងប្អូនទាំង២នាក់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ុំ សាម៉ី ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ឈ្មោះអ៊ុំ សាម៉ី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ឈ្មោះយូ ដាឡែន ភេទស្រី ដែលជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងបក្ខពួក បានធ្វើសកម្មភាពជេរបញ្ចោរគាត់ នៅមុខបន្ទប់ជួល ខណៈនោះគាត់បានចេញពីក្នុងបន្ទប់ មកសួរនាំ ស្រាប់តែឈ្មោះយូ ដាឡែន បានស្ទុះយកដុំថ្ម មកវាយគាត់ បណ្តាលឱ្យរងរបួសជង្គង់ រង្វង់ភ្នែក និងកែងដៃ ហើយពេលកំពុងប្រតាយប្រតប់គ្នា ស្រាប់តែបក្ខពួករបស់ជនសង្ស័យម្នាក់ទៀត បានចូលមកចាប់គាត់ ឱ្យគេវាយបន្ថែមទៀត។ បន្ទាប់មក គាត់បានរើបម្រះរួច រត់ចូលក្នុងបន្ទប់ជួល ហើយឈ្មោះយូ ដាឡែន បានយកដុំថ្ម គប់ទ្វារបន្ទប់របស់គាត់ថែមទៀត។ ក្រោយបង្កហេតុ ជនសង្ស័យទាំងពីរនាក់ បានរត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលសង្កាត់រកាធំ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះយូ ចិន្តា ហៅឡែន និង-ឈ្មោះយូ ដាលីន) ដែលជាបងប្អូនបង្កើត យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដៃដល់ទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់របស់ស្ត្រីរងគ្រោះខាងលើ ប្រាកដមែន មូលហេតុមកពីពួកខ្លួនផឹកស្រាស្រវឹង។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាននគរបាលក្រុងច្បារមន កសាងសំណុំរឿង បញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕