ខេត្តបន្ទាយមានជ័យ ៖ ភ្លើងឆេះ ព្រៃក្បែរព្រំដែន បណ្តាលឱ្យផ្ទុះគ្រាប់ដែលសល់ពីសង្គ្រាម ហើយមិនទាន់រកឃើញអ្នកដុតនៅឡើយទេ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយទទួលព័ត៌មានពីអគ្គិភ័យបានឆាបឆេះព្រៃ តាមបន្ទាត់ព្រំដែន (តំបន់ស) ដែលឈមភូមិសាស្គ្រភូមិទំនប់ (ក៥) និងភូមិព្រៃគុប សង្កាត់អូរឫស្សី និងមានស្នូរគ្រាប់ផ្ទុះដែលជាសំណល់គ្រាប់មិនទាន់ផ្ទុះ សល់ពីសង្គ្រាម។

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយអគ្គិភ័យបានឆាបឆេះព្រៃ តាមបន្ទាត់ព្រំដែន ដែលអាចប្រឈមឆេះរាលដាលដល់ភូមិលំនៅឋានប្រជាពលរដ្ឋ លោកប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ និងបាញ់ទឹកការពារមិនឱ្យរាលដាលចូលភូមិឋានប្រជាពលរដ្ឋរស់នៅក្បែរព្រំដែន។

លោកប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះព្រៃ នៅតាមបន្ទាត់ព្រំដែន ឬតំបន់ស ដែលមានស្នូរគ្រាប់ផ្ទុះ ជាយុទ្ធភណ្ឌសល់ពីសង្គ្រាម សូមឱ្យបងប្អូនកុំមានការភាន់ច្រឡំ ហើយភ្លើងឆេះព្រៃ តាមបន្ទាត់ព្រំដែននេះ មិនទាន់បានដឹងថា អ្នកណាជាអ្នកដុតនៅឡើយទេ៕
