ភ្នំពេញ ៖ អតីតតារាសម្ដែងតូចច្រឡឹង នេត សុចរិយា បានដកថយពីអាជីពសិល្បៈ ជាច្រើនឆ្នាំហើយ ដោយទៅរស់នៅប្រទេសសិង្ហបុរី តាមគូស្នេហ៍នោះ មានព័ត៌មានថា នាងនឹងដឹកដៃម្ចាស់ចិត្ត រៀបការតាមប្រពៃណីខ្មែរ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះហើយ ក្រោយពួកគេភ្ជាប់ស្នេហ៍បាន ១០ឆ្នាំ ។

តាមប្រភពថា មង្គលការរបស់សុចរិយា ធ្វើ២កម្មវិធីបញ្ចូលគ្នា ពោលគឺរៀបការតាមបែបប្រពៃណីខ្មែរផង និងបែបអឺរ៉ុបផង ព្រោះគូស្នេហ៍នាង លោក Nathan Gan ជាបុរសសញ្ជាតិសិង្ហបុរី ។

អ្នកយកព័ត៌មាន «នគរធំ» មិនអាចទាក់ទងនេត សុចរិយា បានទេ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ យ៉ាងណាតាមប្រភពថា សុរិយា បង្ហើបប្រាប់អ្នកកាសែតថា នាងពិតជារៀបការនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះមែន ដែលពិធី រៀបចំនៅអាគារ Grand Hall បុរីប៉េង ហួត (បឹងស្នោ) និងធ្វើពិធីជប់លៀង តាមបែបខ្មែរ លាយអឺរ៉ុប ។ នាងថាកម្មវិធីពេលព្រឹថ្ងៃទី១០ ខែកុម្ភៈ និងពេលថ្ងៃ ធ្វើតាមប្រពៃណីខ្មែរទាំងអស់ ចំ ណែកនៅល្ងាច ជាកម្មវិធីជប់លៀងធំ តាមបែបអឺរ៉ុប អមដោយការដើរបង្ហាញម៉ូដ តាមបែបអឺរ៉ុប ពីតារាល្បីៗកំដរភ្ញៀវ។

តាមព័ត៌មានថា មានភ្ញៀវខាងស្វាមីនេត សុចរិយា នៅបរទេស ជាច្រើន នឹងចូលរួមពិធីនេះ ខណៈដែលសុចរិយា នាងនឹងហៅភ្ញៀវតែតារាដែលធ្លាប់រាប់អាននាងជិតដិតពីមុនប៉ុណ្ណោះ ព្រោះតែនាងផ្អាកអាជីពសិល្បៈជាច្រើនឆ្នាំហើយ ។

នេត សុចរិយា ជាតារាសម្ដែងនិងពិធីការិនី ដែលមុនប៉ះគូស្នេហ៍ជាជនជាតិបរទេសនាងចូលចិត្តស្លៀកឈុតប៊ីគីនី បង្ហាញរាងសិចស៊ី នៅតាមមាត់សមុទ្រ ធ្វើឲ្យសម្រស់នាងកាន់តែគួរឲ្យទាក់ទាញ។ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០១៦ សុចរិយា រយាលៗពីអាជីពចាស់ ព្រោះគូស្នេហ៍ជាអ្នកជំនួញទ្រព្យស្ដុកម្នាក់ ដែលអាចផ្គាប់ចិត្តនាងបានគ្រប់យ៉ាង ដោយមិនចាំបាច់ឲ្យនាងពឹងអាជីពសិល្បៈ ។ សុចរិយា បានប្រាប់អ្នកយកព័ត៌មានយើង នៅថ្ងៃបុណ្យសពតារាសម្ដែង អ៊ុន សិទ្ធា ថា នាងបាត់មុខពីស្រុកខ្មែរ ដោយសាតែទៅរស់នៅប្រទេសសិង្ហបុរី តែចុះឡើងៗមកស្រុកខ្មែរ ញឹកញាប់ដែរ ។

ក្រៅពីនេត សុចរិយា តារាដែលជ្រើសរើសគូស្នេហ៍ជាជនបរទេស មានដូចជា អ្នកនាងកែវ ស្រីនាង, អឿន ដាលីស, ទឹម រដ្ឋា, ខៀវ សានសាណា, សូ អេណា, រ៉ាប៊ី និងរ៉េត សារីតា ជាដើម ។ អាពាហ៍ពិពាហ៍របស់សុចរិយា គឺស្រដៀងគ្នាទៅនឹងមង្គលការរបស់អ្នកនាង រ៉េត សារីតា ជាមួយលោកថូម៉ាស ហ្គីមេនេស (Thomas Gimenez) កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ដែរ ពោលគឺធ្វើតាមប្រពៃណីខ្មែរផង អឺរ៉ុបផង ។ សុចរិយា ថាក្រោយរៀបការរួច នាងនឹងចុះមកខ្មែរច្រើនជាងមុន ពិសេសផ្ដោតលើការរកស៊ីជាមួយស្វាមីតែម្ដង គ្មានតម្រុយលេងសិល្បៈវិញទេ ៕


