Thursday, February 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ប្លន់៨០ម៉ឺន ជាប់ខ្នោះ៣

កាប់ប្លន់៨០ម៉ឺន ជាប់ខ្នោះ៣

ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន៣នាក់ ប្រដាប់ដោយកាំបិត ១ដើម បានធ្វើសកម្មភាពស្ទាក់ កាប់ប្លន់លុយអ្នកដំណើរនៅពេលយប់ បាន៨០ម៉ឺនរៀល រួចយកទៅចែកគ្នាចាយអស់ លុះ៤ថ្ងៃក្រោយមក ចេញធ្វើសកម្មភាពម្តងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបាន ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីកាប់ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវស្ពានអូរតុំ ស្ថិតក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ រហូតដល់វេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបង្ក្រាបជនសង្ស័យបានបន្តបន្ទាប់ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិសូភី ឃុំរនាម ស្រុកទ្រាំង ។ ទី២-ឈ្មោះង៉ែត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករបោចមាន់ មានលំនៅ ភូមិត្រពាំងធំ ឃុំរនាម ស្រុកទាំង និងទី៣-ឈ្មោះវង់ មករា ហៅខ្ជឹប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសូភី ឃុំរនាម ស្រុកទ្រាំង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ប្រាក់ កើតឡើងនៅចំណុចផ្លូវស្ពានអូរតុំ ស្ថិតក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយជនសង្ស័យ មានគ្នា២នាក់ ប្រដាប់ដោយកាំបិត ១ដើម បានធ្វើសកម្មភាពស្ទាក់ផ្លូវ កាប់ប្លន់ប្រាក់ពីជនរងគ្រោះ បានចំនួន ៨០ម៉ឺនរៀល រួចរត់គេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានធ្វើផែនការចាត់ឱ្យកម្លាំងចេញល្បាតចល័ត ដើម្បីពួនស្ទាក់ រហូតមកដល់វេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ និងកម្លាំងជំនាញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ (ឈ្មោះជន សំណាង និងឈ្មោះង៉ែត ចិត្រា) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ ស្លាកលេខ ភ្នំពេញ 1HR-6469 ចំនួន១គ្រឿង និងកាំបិតក្រងុក ដងដែក ពណ៌ខ្មៅ ចំនួន១ដើម ដែលជាមធ្យោបាយ និងអាវុធ សម្រាប់ធ្វើសកម្មភាព។

សមត្ថកិច្ច បានបញ្ជាក់ថា កាំបិត១ដើម ខាងលើ ត្រូវបានជនសង្ស័យគប់ចោល ខណៈពេលសមត្ថកិច្ចធ្វើការដេញបង្ក្រាប ហើយត្រូវបានសមត្ថកិច្ចតាមរកឃើញយកមកវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា រូបគេពិតជាបានជិះម៉ូតូ និងកាន់កាំបិតក្រងុក ដាក់ក្រោមគូទ ជិះម៉ូតូតាមផ្លូវស្ពានអូរតុំ ដែលស្ថិតនៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដើម្បីចាំស្ទាក់និងកាប់ប្លន់លុយ ពីប្រជាពលរដ្ឋដែលធ្វើដំណើរដោយម៉ូតូឆ្លងកាត់ទីនោះ តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះ ជន សំណាង បានសារភាពបន្តថា កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៦ រូបគេ និងឈ្មោះ វង់ មករា ហៅខ្ជឹប បានធ្វើសកម្មភាពជិះម៉ូតូ និងកាន់កាំបិតក្រងុកខាងលើ មកកាក់ពីមុខម៉ូតូជនរងគ្រោះ ឈ្មោះស៊ឹម ចាន់ធូ ឱ្យឈប់ និងគំរាមកាប់ រួចទាញផ្តាច់ខ្សែកាបូបលុយ ពីជនរង គ្រោះ នាំគ្នាជិះម៉ូតូគេចខ្លួន បានលុយចំនួន៨០ម៉ឺនរៀល ចែកគ្នាចាយអស់។

រហូតដល់វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វង់ មករា ហៅខ្ជឹប យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង៣នាក់ខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES