ភ្នំពេញ ៖ ក្រោយពីបានឃើញយុវជនឈ្មោះ ឈិន សុធា ដែលរស់នៅប្រទេសជប៉ុន ពីមុនតែងតែធ្វើសកម្មភាពប្រឆាំងនិងរិះគន់រាជរដ្ឋាភិបាល មិនសំចៃមាត់ ពេលនេះត្រូវបានសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រួចមក ឌីចេ កណ្តុរ ដែលតែងបង្ហាញការគាំទ្រពេញទំហឹង ចំពោះសម្តេចហ៊ុន សែន រហូតបានចាក់សាក់នៅលើដៃ នូវឈ្មោះសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទៀតផងនោះ ស្រាប់តែឌីចេរូបនេះ បានប្រកាសសុំចាញ់យុវជន ឈិន សុធា នោះហើយ ដោយលោកបានលើកឡើងថា អ្នកពូកែជេរប្រមាថសម្តេច គ្រួសារសម្តេច និងរដ្ឋាភិបាល បែរជាសំណាងបានជួបសម្តេច ហ៊ុន សែន ។ ចំណែករូបខ្លួន ជាអ្នកការពារសម្តេច ស្លាប់រស់នឹងថ្នាក់ដឹកនាំ បានត្រឹមឈឺចាប់ ចាញ់គេ ត្រូវគេប្រមាថគ្រប់យ៉ាង។


ឌីជេកណ្តុរ បានបង្ហោះរូបភាពក្នុងគណនីបណ្តាញសង្គម ហ្វេសបុក របស់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយសំណេរថា “អញចាញ់អ្ហែងហើយ អាប្អូន ឈិន សុធា ! បងនិយាយការពាររដ្ឋាភិបាលស្របច្បាប់ និងថ្នាក់ដឹកនាំ អ្ហែងថាអញ តារាទ័លច្រក តារាសំរាម តារា ការពារឆ្អឹង ទ្រពងឪពុកកូន ពេលដែលអញជេរអ្ហែង អ្នកគាំទ្រអ្ហែង និងអ្នកអាប្រឆាំង ជេរដៀលត្មះសព្វបែបយ៉ាងដល់អញ រហូតដល់អញ ទ័លច្រក មិនមានមុខក្នុងសង្គម គ្មានអ្នករាប់អានផ្តល់ការងារឱ្យអញ អញស៊ូស្ទើរស្លាប់ មិនហ៊ាននិយាយពីចិត្ត លាក់លៀម ខ្លាចខ្មាសពួកអាប្រឆាំង ផេកអញ ត្រូវរលាយ ដោយសារពួកអាប្រឆាំង។ អ្នកជេរប្រមាថពុក គ្រួសារពុក និងរដ្ឋាភិបាល បែរជាសំណាងបានជួបពុក។ អ្នកការពារ ស្លាប់រស់នឹងថ្នាក់ដឹកនាំ បានត្រឹមឈឺចាប់ ចាញ់គេ គេប្រមាថគ្រប់យ៉ាង។ ពុកបិតាសន្តិភាព មិនប្រកាន់ទោសកូនៗ និងអ្នកប្រឆាំងមួយចំនួនដែលចង់ចុះចូលជីវភាពនយោបាយគ្រប់រូប។ ខ្ញុំនៅតែជឿជាក់លើពុកសែន ពិតជាមានមេត្តាដល់មនុស្សគ្រប់រូប ខ្ញុំហ៊ាននិយាយថា អ្នកណាដែលជេរប្រមាថពុក ម៉ែប៊ុន រ៉ានី និងត្រកូលហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ នឹងវិនាសអន្តរាយ ជាមិនខាន ស្អប់បំផុតអា ពស់ក្បាល២ ។ ប្អូនពិតជាមានសំណាងណាស់ ដែលពុក បានឱ្យជួបលោក មហាសំណាងគ្មានអីផ្ទឹម សូមប្អូនកុំបន្តការជឿ ត្រចៀកសនឹងពួកប្រឆាំង នយោបាយបោកប្រាស់តទៅទៀតប្អូន រក្សាថ្នាក់ដឹកនាំ ឱ្យបានល្អ បន្តសន្តិភាពដល់យុវជនក្រោយ។ ចុងក្រោយ ខ្ញុំឈប់ដឹងឮរឿងក្នុងសង្គមហើយ អរគុណសន្តិភាព…”។


ជុំវិញការលើកឡើងរបស់ឌីចេ កណ្តុរ ខាងលើ លោក ផន ផាន់ណា សកម្មជនអតីគណបក្សប្រឆាំង ជាកូនធម៌លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលបានរត់ភៀសខ្លួនទៅរស់នៅសហរដ្ឋ អាមេរិក បានធ្វើការចែករំលែក (ស៊ែរ) នូវសំណេររបស់ឌីចេ កណ្តុរ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ជាជា មួយសំណេរបែបចំអកថា “ចង់ប្រាប់អាកណ្តុរប្រមេះ ថាឯងសាក់ឈ្មោះត្រកូលហ៊ុន ម៉ាពូជ មួយជីវិតឯង គ្មានឱកាសហ៊ុន សែន ហៅជួបផង។ តែបើឯងចេញជេរ ហ៊ុន សែន តែ១ខែ ដឹងតែហ៊ុន សែន ហៅជួបហើយ បានលុយនិងបានបុណ្យស័ក្តិទៀត…”។

គួរបញ្ជាក់ឌីចេ កណ្តុរ បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យយុវជន ឈិន សុធា យុវជនខ្មែរ រស់នៅប្រទេសជប៉ុន ដែលពីមុន តែងតែធ្វើសកម្មភាពប្រឆាំង និងរិះគន់រាជរដ្ឋាភិបាល មិនសំចៃមាត់នោះ បានចូលជួបសម្តែងការគួរសម នៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រោយពេលបានជួបសម្តេច ហ៊ុន សែន រួចហើយ យុវជន ឈិន សុធា បានលើកឡើងថា សម្តេច ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។យុវជន ឈិន សុធា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ”ខ្ញុំបាទ ឈិន សុធា សូមគោរពអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបាន អនុញ្ញាតឱ្យខ្ញុំបាទបានចូលសម្តែងការគួរសមចំពោះសម្តេចពុក ក្នុងឱកាសវិលចូលស្រុកលើកនេះ។ ថ្វីត្បិតតែខ្ញុំបាទ ជាអ្នករិះគន់បញ្ហាសង្គម និង នយោបាយ ក៏ពិតមែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វារស្វាគមន៍ខ្ញុំបាទ យ៉ាងកក់ក្តៅ បំផុត។ សម្តេច ទាំងទ្វេ គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រា កដ។ ដោយក្តីគោរព ពីខ្ញុំបាទ ឈិន សុធា…”៕

