ភ្នំពេញ ៖ មាន សូនីតា បានប្រារព្ធខួបកំណើតគម្រប់៣៦ឆ្នាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលលើកនេះ ខុសពីឆ្នាំមុនៗ ព្រោះនាងឲ្យគេដឹកសេះស មួយក្បាល យកមកឲ្យនាងជិះ និងថា ខួបកំណើតឆ្នាំនេះ មិនមែនលំៗទេ ។ ក្នុងឈុតសិចស៊ី ពាក់តែអាវវ៉ែនតា សំពត់ក្រណាស់ស្ដើង អង្គុយលើសេះស ឈ្មោះនាគរាជ សូនីតា ថានាងកើតឆ្នាំមមី (ឆ្នាំមមី «ធាតុភ្លើង» ពង្សទេវតាស្រី) មានសេះ ជាសត្វតំណាងជោគតា ។ សូនីតា ថានាងញ័រជើងអស់ហើយ ពេលឡើងអង្គុយលើខ្នងសេះស និងពាក់ស្បែងជើងលែងចោត ហើយទម្រាំបានជិះសេះ មិនមែនស្រួលទេ ព្រោះត្រូវលូនផង ក្រាបផង។ ជាមួយគ្នានោះដែរ នៅពេលដែលសេះស យកមាត់ត្បុលប៉ះសំពត់នាងនោះ សូនីតា ស្រែកឡើងភ្លាត់សំឡេងថា «អូយ! វាខាំខ្ញុំហើយ !»។ ប៉ុន្តែ សូនីតា ថាសេះសនេះ រាង សាំង និងស្លូតបន្ដិច ខណៈដែលមានប្រុស ៣នាក់ ហែហមលើកសូនីតា ឡើងនិងចុះពីលើខ្នងសេះស ។

អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា មាន សូនីតា អាយុ៣៦ឆ្នាំ ទៅហើយ ប៉ុន្ដែចរិតនៅតែដូចកូនក្មេង គួរឲ្យក្នាញ់ណាស់ ប៉ុន្ដែពួកគេបានដាស់តឿននាងថា គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងនេះបន្ដិចទៅ ព្រោះជិះសេះ មិនចេះតែលែងដៃផ្ដេសផ្ដាសបានទេ ។


គួរបញ្ជាក់ថា មាន សូនីតា តែងតែប្រារព្ធខួបកំណើត ជារៀងរាល់ឆ្នាំ ជាលក្ខណៈឯកជន តែនេះជាលើកទី១ ដែលនាងជ្រើសជិះសេះស នៅថ្ងៃពិសេសរបស់ខ្លួន ខណៈដែលឆ្នាំមុន នាងក៏ធ្លាប់ថតឱបរឹតពស់ថ្លាន់ពណ៌ស មួយក្បាលផងដែរ ប៉ុន្ដែមិនញ័រជើងដូចពេលជិះសេះសនេះឡើយ ។ Fan បានរំលឹកសូនីតា ផងដែរថា នាងមានវ័យកាន់តែជ្រេបន្ដិចហើយ អ៊ីចឹងពួកគេចង់ឃើញឆ្នាំក្រោយ នាងគួរតែជំនួសឲ្យធ្វើខួបកំណើតដោយជិះ សេះស មកគ្រងឈុតរ៉ូបសកូនក្រមុំមែនទែនវិញម្ដង ។ ប៉ុន្ដែសូនីតា ដែលធ្លាប់សារភាពថា នាងមានម្ចាស់ស្នេ ហាហើយ តែមិនហ៊ានបង្ហាញមុខប្រុសស្នេហ៍នោះ នៅតែមិនដាច់ចិត្តដឹកដៃសង្សារ ចូលរោងការទេ ទើបធ្វើឲ្យពេលនេះ ស្នេហាស្រីស្អាតនេះ នៅតែអាថ៌កំបាំង មិនដឹងថា គូស្នេហ៍នាង ជាអ្នកណា? ខណៈដែលព័ត៌មានថា មន្រ្ដីគយ វ័យចំណាស់ តាមស្នេហានាង ជាង១០ឆ្នាំទៅហើយនោះ ក៏នៅតែមិនទាន់ស្ងាត់ ហើយរឿងដ៏រសើបនោះ លេចឮថា ស្រីស្អាតរូបនេះនៅតែមានស្រី តាមស្នេហ៍ច្រើនជាងប្រុស។

អតីត Freshie 2009 មាន សូនីតា បានប្រឡូកក្នុងវិស័យសិល្បៈ រយៈពេល ១៧ឆ្នាំ (២០០៩-២០២៦) ប៉ុន្ដែនាងជោគជ័យតែការសម្ដែងប៉ុណ្ណោះ ដោយបរាជ័យអាជីពពិធីការិនី ដោយសាតែអ្នកដឹកនាំសិល្បៈ ត្អូញថា នាងមានសំឡេងតូចស្រាលពេក និយាយទៅច្រឡំកូនក្មេង ។ ដោយចង់ឲ្យអ្នកមើលស្រាលលើខ្លួន បានភ្លឺភ្នែក កាលពីឆ្នាំ២០២៥ សូនីតា បានសាកល្បងកាន់ក្បាលមីក្រូ ឡើងច្រៀង និងចេះលេងក្បាច់រាំ មិនចាញ់តារា ចម្រៀងអាជីពឡើយ ។ ប៉ុន្តែគម្រោងធ្វើជាតារាចម្រៀងអាជីពនេះ បានស្ងាត់ទៅវិញ ព្រោះនាងលែងចេញបទថ្មីៗ ហើយភាគច្រើនស្រីស្អាត នៅតែជ្រើសការដើរកម្សាន្ដនៅក្រៅស្រុក ជាបន្ដបន្ទាប់ដដែល ហើយទោះជាអាយុ៣៦ឆ្នាំ ទៅហើយ ប៉ុន្ដែនាងកាន់តែហ៊ានលេងឈុតប៊ីគីនី បញ្ចេញសាច់គល់ភ្លៅ និងគល់ដើមទ្រូងសខ្ចី លើសកាលពីនៅយុវវ័យទៅទៀត ។ ចំណែកអាជីពសិល្បៈ សូនីតា ធ្លាប់ប្រាប់ថា ក្នុង១ឆ្នាំ នាងទទួលថតសម្ដែងភាពយន្ដ តែមួយរឿងប៉ុណ្ណោះ នៅសល់ពេលពីការងារសិល្បៈទុកពេលរកស៊ី និងដើរលេង។


ថ្វីត្បិតតែ មាន សូនីតា មិនទាន់ជោគជ័យអាជីពពិធីការិនី និងចម្រៀង ប៉ុន្ដែតារាដែលហៅខ្លួនឯងថា «មេបក្សSingle» រូបនេះ ត្រូវហង្សមាស លើកឲ្យធ្វើជាគណៈកម្មការ (Judge) កម្មវិធី The Amazing Star ដោយចាប់ដៃជាមួយ ប្រាសាទ ដាវីន ទើបធ្វើឲ្យបេក្ខភាពកម្មវិធីនោះ ខ្លះបានហៅនាងថា អ្នកគ្រូ ទៀតផង។ យ៉ាងណា ការធ្វើខួបកំណើត ឆ្នាំនេះ ដោយជិះសេះសហូតភ័យញ័រជើងនេះ អ្នកខ្លះថា នេះជាសញ្ញាថា សូនីតា ជិតដល់គូព្រេងមែនទែន ក្នុងពេលឆាប់ៗនេះហើយ ៕

