Thursday, February 12, 2026
Homeនយោបាយយោធាថៃ ឈ្លានពានទឹកដីកម្ពុជា បណ្តាញព័ត៌មានជុំវិញពិភពលោក លាតត្រដាងការពិត

យោធាថៃ ឈ្លានពានទឹកដីកម្ពុជា បណ្តាញព័ត៌មានជុំវិញពិភពលោក លាតត្រដាងការពិត

ភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សារព័ត៌មានធំៗនានា លើពិភពលោក បានផ្សព្វផ្សាយអត្ថបទដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានសរសេរដោយបានចុះទៅផ្តិតរូបភាព និងសម្ភាសន៍ដោយផ្ទាល់ នៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់ថ្មដា ស្រុកវាលវែង បង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ដែលជាការលាតត្រដាងការពិត អំពីទង្វើឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលនេះគឺជាជោគជ័យនៃ “ការពិត” ដែលត្រូវបានលាតត្រដាងទៅកាន់ពិភពលោក ដើម្បីការពារយុត្តិធម៌ និងអធិបតេយ្យជាតិរបស់កម្ពុជា ដែលថៃ មិនអាចឈ្លានពានលួចប្លន់ រំលោភកាន់កាប់ដោយខុសច្បាប់អន្តរជាតិបានឡើយ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សារព័ត៌មានធំៗនានា លើពិភពលោក បានផ្សប្វផ្សាយអត្ថបទដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានសរសេរ ដោយបានចុះទៅផ្តិតរូបភាព និងសម្ភាសន៍ដោយផ្ទាល់ នៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អត្ថបទ បានបង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដោយសារតែឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។ តាមរយៈអត្ថបទនេះ និងការផ្សព្វផ្សាយដ៏ទូលំទូលាយពីសារព័ត៌មានអន្តរជាតិនានា ទាំងភាសាអង់គ្លេស និងបារាំង ដូចជា សារព័ត៌មាន CNA, TV5 Monde, RFI, South China Morning Post, Malaymail, Dailytribunal ជាដើម ការពិត បានបង្ហាញពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្តថា តាមរយៈអត្ថបទទីភ្នាក់ងារសារព័ត៌មាន Agence France Press (AFP) ដែលជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ទី១ ដែលបានទៅដល់តំបន់ប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភព លោក ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានចេញផ្សាយ នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗ នៅលើពិភពលោក យកទៅចុះផ្សាយ ក្នុងនោះមាន សារព័ត៌មាន FRANCE 24, RFI, CNA, BARRONS, Yahoo ជាដើម។ សារព័ត៌មាន បានពិពណ៌នាអំពីការខូចខាត បែកបាក់ នៃប្រាសាទ ដោយសារតែការបាញ់ប្រហារដោយសព្វាវុធធុនធ្ងន់របស់យោធាថៃ ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ការខូចខាតធ្ងន់ធ្ងរនេះ មានជាច្រើនរយកន្លែង។ ការផ្សព្វផ្សាយរបស់ សារព័ត៌មានទាំងនេះ កាន់តែធ្វើឱ្យពិភពលោក បានដឹងអំពីអំពើឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា និងអំពើឃោរឃៅរបស់យោធាថៃ ដែលបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោក ដោយគ្មានត្រាប្រណី។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ស៊ើបអង្កេតយ៉ាងលម្អិត ពីសំណាក់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្តាញព័ត៌មានល្បីៗ ជុំវិញពិភពលោក បានក្លាយជាភ័ស្តុតាងយ៉ាងរឹងមាំ បញ្ជាក់ពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងតំបន់ថ្មដា ខេត្តពោធិ៍សាត់  តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ក្នុងខេត្តឧត្តរមានជ័យ និងតំបន់មួយចំនួនទៀត ។

ចំណុចសំខាន់ៗដែលអត្ថបទអន្តរជាតិ បានលាតត្រដាង រួមមាន ៖

– សក្ខីកម្មពិត ពីជនរងគ្រោះ ៖ តាមរយៈការសម្ភាសន៍ផ្ទាល់ AFP បានបង្ហាញពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារតែការរំលោភបំពានដោយកម្លាំងយោធា ពីភាគីថៃ។

– ការផ្សព្វផ្សាយជាសកល ៖ ស្ថាប័នព័ត៌មានធំៗ ដូចជា CNA, RFI, TV5 Monde, South China Morning Post, Yahoo News និង Malaymail ជាដើម បានចុះផ្សាយនូវការពិតនេះ ជាភាសាអង់គ្លេស និងបារាំង ដែលធ្វើឱ្យមតិអន្តរជាតិ បានយល់ដឹងយ៉ាងច្បាស់ពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ។

– ការបដិសេធការបំភ័ន្ត ៖ ការចុះផ្សាយដោយមានរូបភាពនិងភ័ស្តុតាងច្បាស់លាស់នេះ បានបន្សាបរាល់ការព្យាយាមបំភ័ន្តព័ត៌មានពីភាគីឈ្លានពាន និងបង្ហាញថា កម្ពុជា គឺជាជនរងគ្រោះនៃការរំលោភបូរណភាពទឹកដី។

តាមរយៈសំណេររបស់លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា នេះគឺជាជោគជ័យនៃ “ការពិត” ដែលត្រូវបានលាតត្រដាងទៅកាន់ពិភពលោក ដើម្បីការពារយុត្តិធម៌ និងអធិបតេយ្យជាតិកម្ពុជា ដែលចោរឈ្លានពាន មិនអាចលួចប្លន់ រំលោភកាន់កាប់ដោយខុសច្បាប់អន្តរជាតិបានឡើយ។

តថភាពដែលសារព័ត៌មានអន្តរជាតិ បានចុះផ្សាយ គឺជាការតបស្នងទៅនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការនាំការពិត ទៅកាន់ឆាកអន្តរជាតិ ឬពិភពលោក ដើម្បីទាមទារសិទ្ធិស្របច្បាប់ លើទឹកដីដូនតា អតីតចក្រភពកម្ពុជាទេស មហានគរដ៏រុងរឿង៕

RELATED ARTICLES