ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីគ្រឿងចក្រ អេស្កាវ៉ាទ័រ កាយដី ជាប់គ្រាប់ MK82 ជាង២០០គីឡូ ដែលទម្លាក់ពីយន្តហោះ ដែលធ្វើឱ្យអ្នកបញ្ជាគ្រឿងចក្រ ភ័យតក់ស្លុតយ៉ាងខ្លាំង។

តាមប្រភពលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមរយៈទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “មានស្អីហ្នឹង! រត់ចោលគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ទាំងព្រលឹងមិនជាប់សក់។ នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម។ នេះជាសំណល់គ្រាប់បែក ពីសង្គ្រាមជំនាន់មុន ក្នុងអំឡុងទសវត្សឆ្នាំ៦០-៧០ (មានអាយុកាល៥០-៦០ឆ្នាំហើយ) ដោយឡែក សង្គ្រាមសៀមឈ្លានពាន លើកនេះ (ឆ្នាំ២០២៥) ក៏បានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK នេះដែរ និងមានមួយចំនួន នៅកប់ក្នុងទឹកដីនៃមាតុភូមិកម្ពុជាយើង…”។

លោកហេង រតនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបរគ្រឿងចក្រទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍មកសមត្ថកិច្ច ឬមន្ត្រីស៊ីម៉ាក់ ជាបន្ទាន់ ប្រសិនបើប្រទះឃើញវត្ថុដែលមានការសង្ស័យថា ជាគ្រាប់មិនទាន់ផ្ទុះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ…៕

