ខេត្តកោះកុងៈ ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលែងកូនក្តាមថ្ម ៤០០គីឡូក្រាម ស្មើនឹងចំនួនកូនក្តាម ប្រមាណ ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំ បន់ការពារធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។


លោកស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សនិងតំបន់ឆ្នេរ និងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រ សួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលែងក្តាមថ្ម នាថ្ងៃនេះ ក្នុងគោលបំណងបង្កើនធនធានក្តាមថ្ម នៅក្នុងតំបន់សមុទ្រ និងក៏ដូចជាការអប់រំណែនាំដល់បងប្អូន សហគមន៍ ចូលរួមថែរក្សាការពារធម្មជាតិ ដូចជា ព្រៃកោងកាង និងជនធានជីវៈចម្រុះ នៅក្នុងព្រៃកោងកាង នៅក្នុងតំបន់ការពារធម្មជាតិឱ្យមានភាពល្អប្រសើរ និងជាកន្លែងស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រ ក៏ដូចជាធនធានជីវចម្រុះ នៅក្នុងតំបន់ព្រៃកោងកាង និងការដកហូតធនធានសមុទ្រ ប្រកបដោយចីរភាព។

លោកខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងឱ្យដឹងថា ការអភិរក្សធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្មូលដ្ឋានរបស់ប្រជាពលរដ្ឋ ទើបមានការលែងក្តាម ទាំងនេះ ចូលទៅព្រៃកោងកាង ដែលជា ជម្រករបស់ពួកវា។ លោកបានស្នើដល់ប្រជាពរដ្ឋ ចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀត ទៅអនាគត ចៀសវាងការនេសាទខុស ច្បាប់ ក្នុងតំបន់ការពារធម្មជាតិ។

លោកខ្វៃ អាទិត្យា បានបន្តថា ក្រៅពីលែងក្តាមពូជ ទាំងអស់នេះហើយ សូមប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាង បន្ថែមទៀត ដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានី ខេត្ត បានបណ្តុះកូនឈើ ជាច្រើនលានដើម ចែកជូនដល់មហាជន យកទៅដាំដុះនៅតាផ្ទះ វត្តអារាម ឬទីសាធារណៈ និងដាំស្តារព្រៃសហគមន៍។ នៅឆ្នាំ២០២៦ ក្រសួងបរិស្ថាន គ្រោងចែកកូនឈើ ៥លានដើម បន្ថែមទៀត។

បើតាមលោក ខ្វៃ អាទិត្យា ការពង្រឹងអភិរក្សធនធានធម្មជាតិនេះ មិនត្រឹមតែយន្តការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនោះ ពោលគឺវាជួយបង្កើនចំនួនធនធានជលផល និងទាក់ទាញអ្នកទេសចរណ៍ ដែលជួយអភិ វឌ្ឍន៍ជីវភាពប្រជាជនផងដែរ។

លោកអន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង បានចាត់ទុកការលែងកូនក្តាម និងពូជក្តាមថ្ម នៅតំបន់សហគមន៍អេកូទេសចរណ៍ ព្រៃកោងកាង ពាមក្រសោប និងតំបន់ការពារធនធានធម្មជាតិ បឹងកាឆាង នេះជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខ ក៏ដូចជាជួយលើក កម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរ និងបន្សាំការប្រែប្រួល អាកាសធាតុផងដែរ។

លោកអភិបាលរងខេត្តកោះកុង ឲ្យដឹងថា ខេត្តក៏មានវារីប្បកម្មចិញ្ចឹមក្តាមថ្ម ក្តាមសេះ និងត្រី សំដៅដល់មិនរំពឹងលើការនេសាទបែបធម្មជាតិ នោះឡើយ។ គួរកត់សម្គាល់ថា ក្តាម ក៏ដូចជាធនធានជលផលសមុទ្រជា ច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះ គួរឱ្យព្រួយបារម្ភ។ ដូច្នេះការលែងកូនក្តាមថ្ម នៅពេលនេះ គឺជួយបង្កើនធនធានក្តាម ឱ្យមានកាន់តែច្រើន តាមរយៈការលែងចូលក្នុងសមុទ្រ ព្រៃកោងកាង និងសហ គមន៍មូលដ្ឋាននានា៕

