Wednesday, June 24, 2026
Homeសង្គម និងជីវិតចៅអធិការ មានស្រី រត់ចោលវត្ត ធ្លាយទុកបំណុល ៦ម៉ឺនដុល្លារ

ចៅអធិការ មានស្រី រត់ចោលវត្ត ធ្លាយទុកបំណុល ៦ម៉ឺនដុល្លារ

ខេត្តព្រៃវែង ៖ ចៅអធិកាវត្ត ដែលលួចលាក់ទាក់ទងស្រីស្នេហ៍ រហូតដល់បែកធ្លាយវីដេអូបញ្ចេញប្រដាប់ភេទឱ្យស្រីស្នេហ៍មើល ធ្វើឱ្យភ័យខ្លួន ក៏លួចដោះស្បងចីវរ ដោយខ្លួនឯង រួចគេចខ្លួនបាត់នោះ ពេលនេះស្រាប់តែបែកធ្លាយរឿងដ៏ធំបន្ថែមទៀត គឺអតីតសង្គ្រាជវត្តនោះ បានវេចទាំងត្រាវត្ត យកទៅជាមួយផង ដោយទុកតែវិក្កយបត្រ បំណុល ប្រមាណជាង៦ម៉ឺនដុល្លារ ឱ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោះស្រាយ។

គួរបញ្ជាក់ថា ក្រោយផ្ទុះរឿងអតីតចៅអធិការវត្តសង្កែ ស្ថិតក្នុងឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ឈ្មោះណែម វុទ្ធី ទាក់ទងស្រីស្នេហ៍ រហូតដល់បែកធ្លាយវីដេអូឃ្លីបបង្ហាញប្រដាប់ភេទ ឱ្យស្រីស្នេហ៍មើល ធ្វើឱ្យអតីតចៅអធិការវត្តរូបនោះ ភ័យខ្លួន ដោះស្បង់ចីវរ រត់ចោលវត្តបាត់ តាំងពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ រួចមក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ជាថ្ងៃសីល ក៏មានពុទ្ធបរិស័ទ គណៈកម្មការ អាចារ្យវត្ត នាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងប្រតិបត្តិធម៌តាមទំនៀមទម្លាប់អ្នកកាន់សាសនាព្រះពុទ្ធ ស្រាប់តែមានរឿងភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត គឺបាត់ត្រា វត្តសង្កែ ដែលត្រូវបានគេសង្ស័យថា ពិតជាអតីតចៅអធិការវត្ត ឈ្មោះណែម វុទ្ធី វេចត្រាដាក់ក្នុងថង់យាម គេចខ្លួនយកទៅជាមួយមិនខាន។ 

បន្ទាប់ពីកើតមានការភ្ញាក់ផ្អើលរឿងបាត់ត្រា វត្ត មិនទាន់រសាយផង ស្រាប់តែមានម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ជាច្រើននាក់ បានកាន់វិក្កយបត្រទិញ-លក់ យកទៅជូនគណៈកម្មការ អាចារ្យវត្ត ដើម្បីទូទាត់ប្រាក់ដែលអតីតចៅអធិការ ណែម វុទ្ធី ជំពាក់ គ្មានឱ្យអ្នកណាដឹងឮសោះឡើយ ដោយវិក្កយបត្រដែលជំពាក់នោះ សរុបទឹក ប្រាក់ ជាង៦ម៉ឺនដុល្លារអាមេរិក ហើយអាចនឹងនៅមានបន្តទៀត។

តាមប្រភពពុទ្ធបរិស័ទ្ធចំណុះជើងវត្តសង្កែ បានឱ្យដឹងថា ប្រាក់ដែលអតីតចៅអធិការ ណែម វុទ្ធី ជំពាក់អ្នកលក់គ្រឿងសំណង់នោះ ថាយកមកកសាងសាលាឆាន់ និងរបងវត្ត ប៉ុន្តែជាក់ស្តែង សាលាឆាន់ មានតែគ្រោង អត់ដំណើរការទៅមុខ រយៈពេល២-៣ឆ្នាំហើយ ចំណែករបងវត្ត មានតែជាប់ខ្លោងទ្វារ ខាងមុខបន្តិច ចំហៀងនិងខាងក្រោយ គ្មានទេ គោ-ក្របីចេញចូលបាន ។

ទាក់ទិននឹងការរត់គេចខ្លួនរបស់អតីតចៅអធិការវត្តសង្កែ លោកឆាន សុផា មេឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា ករណីនេះ លោកបានធ្វើរបាយការណ៍ជូនទៅគណៈអភិបាលស្រុក រួចហើយ ហើយស្រុកកំពុងមានវិធានការទាក់ទងទៅលោក ណែម វុទ្ធី ដើម្បីឱ្យចូលខ្លួនមកដោះស្រាយបញ្ហាផ្សេងៗ ពាក់ព័ន្ធវត្តសង្កែ រួមទាំងថវិកាវត្ត ដែលជំពាក់អ្នកលក់គ្រឿងសំណង់ជុំទិស ប៉ុន្តែទាក់ទងមិនបាន ដោយទូរស័ព្ទបិទគ្រប់ប្រព័ន្ធ។

លោកមេឃុំ បន្តថា រឿងនេះ អាចឈានទៅដល់ផ្លូវច្បាប់ បើសិនជាលោកណែម វុទ្ធី មិនចូលខ្លួនមកដោះស្រា យជាមួយពុទ្ធបិរស័ទចំណុះជើងវត្ត ហើយសង្ឃឹមថា អតីតចៅអធិការវត្តសង្កែ មិនអាចគេចផុតពីសំណាញ់ ច្បាប់ បានយូរទេ។

គួររំលឹកថា អតីតចៅអធិការវត្ត ណឺម វុទ្ធី ត្រូវបានរាយការណ៍ថា បានលួចដោះស្បង់ចីវរ រត់ចោលវត្ត កាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានការបែកធ្លាយឃ្លីបវីដេអូ ត្រូវបានចែករំលែកតៗគ្នា តាមបណ្តរាញសង្គម ស្តីពីសកម្មភាពរបស់អតីតចៅអធិការវត្ត បង្ហាញប្រដាប់ភេទ ឱ្យស្រីស្នេហ៍មើល។

លោក ឆាន សុផា មេឃុំស៊ាងឃ្វាង បានបញ្ជាក់ថា ចៅអធិការវត្តសង្កែ ពិតជាបានចាកចេញពីវត្តសង្កែ ប្រាកដ មែន ប៉ុន្តែមិនដឹងទៅទីណាទេ ព្រោះមុនចាកចេញ អតីតចៅអធិការវត្ត បានដោះស្បង់ចីវរដោយខ្លួនឯង ឬហៅថា សឹកដំបូក ហើយក៏មានរថយន្ត មួយគ្រឿង ចូលទៅដឹកគេចចេញបាត់តែម្តង។

តាមប្រភពពុទ្ធបរិស័ទចំណុះជើងវត្ត បានបញ្ជាក់ប្រាប់ថា អតីតចៅអធិការវត្តសង្កែ ឈ្មោះណែម វុទ្ធី នេះ កន្លង មក ត្រូវបានលោកឧកញ៉ាម្នាក់ និមន្តទៅឱ្យធ្វើចៅអធិការវត្ត ដោយសារវត្តនេះ ខ្វះខាតព្រះសង្ឃគ្រប់គ្រង។ នៅពេលលោក ណែម វុទ្ធី ធ្វើចៅអធិការវត្តសង្កែ ក៏មានការរីកចម្រើនគ្រាន់បើដែរ ប៉ុន្តែមួយរយៈក្រោយនេះ មានរឿងរ៉ាវមិនសូវល្អជាច្រើន រហូតធ្វើឱ្យពុទ្ធបរិស័ទចំណុះជើងវត្តខ្លះ អាក់អន់ស្រពន់ចិត្ត លែងចង់ចូលវត្ត ធ្វើបុណ្យទៀតផង។

ស្រាប់តែនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មានការបែកធ្លាយវីដេអូមួយ ដែលចៅអធិការ  ណែម វុទ្ធី បានទាក់ ទងស្នេហាជាមួយស្ត្រីម្នាក់ រហូតថតវីដេអូ រយៈពេលប្រមាណ ៦នាទី បង្ហាញប្រដាប់ភេទឱ្យស្រីស្នេហ៍មើល និងត្រូវបានចែករំលែកតៗគ្នាតាមបណ្តាញសង្គម ធ្វើឱ្យប្រជាពលរដ្ឋចំណុះជើងវត្ត មានប្រតិកម្ម នាំគ្នាផ្តិតមេដាយព្រោងព្រាត ដាក់ជូនអាជ្ញាធរភូមិ-ឃុំ ស្នើសុំបណ្តេញចៅអធិការ ចេញពីវត្ត។ លុះមកដល់ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកឆាន សុផា មេឃុំស៊ាងឃ្វាង និងមេរងឃុំម្នាក់ ព្រមទាំងមន្ត្រីសមត្ថកិច្ចឃុំ បានចុះទៅដល់វត្តសង្កែ ដើម្បីសាកសួរអតីតចៅអធិការ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែចៅអធិការ ណែម វុទ្ធី បានដោះ ស្បង់ចីវរ ឡើងជិះរថយន្តគេចខ្លួនបាត់ទៅហើយ៕

RELATED ARTICLES