ភ្នំពេញ ៖ តារាសម្ដែងរាងតូចច្រឡឹង រូបសម្រស់គួរឲ្យក្នាញ់ ហេង គីមហ័្សង ហៅជីហ្ស័ង បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍គាំទ្រផង រិះគន់ផង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ចំពោះការលើកឡើងរបស់ស្រីស្រស់រូបនេះ កាលពីពេលថ្មីៗនេះ នៅកម្មវិធីមួយ ដែលនាងបានលើកឡើងថា «ប្រុសៗត្រូវដឹង បើស្រលាញ់នារីម្នាក់ ត្រូវឲ្យលុយនាងចាយខ្លះ ព្រោះពេលទៅជួបម្ដងៗ ត្រូវរៀបចំខ្លួន បាញ់ទឹកអប់ ត្រូវចំណាយលុយដែរ មិនមែនទៅទទេទេ» រហូតអ្នកខ្លះថានាង «មុខលុយ»។

វាចាបែបនេះរបស់ជីហ្ស័ង ធ្វើឲ្យអ្នកលេងហ្វេសប៊ុក ខ្លះថានាងយកលុយជាធំ មុខលុយជាដើម ព្រោះស្នេ ហាពិត មិនចាំបាច់និយាយពីរឿងលុយ នៅពេលទើបតែចាប់ផ្ដើមបែបនេះឡើយ ។ ប៉ុន្ដែតារាជាច្រើន ពិសេសស្រីៗ បានចេញមកការពារស្រីស្អាត ជីហ្ស័ង ដោយអះអាងថា ការនិយាយរបស់នាង សុទ្ធតែជាការពិត គ្រាន់តែនាងមិនចេះរៀបចំពាក្យនិយាយ ពោលគឺនិយាយចំៗពេក ។

តារាចម្រៀងនិងពិធីការិនី វ៉ាន់នីឡា (សុខ ចិន្ដា ) បាននិយាយថា «ឃើញវីដេអូប្អូនម្នាក់នេះ គេជេរគាត់ច្រើនណាស់ ឥឡូវនិយាយពីចិត្តគំនិតខ្ញុំវិញ មនុស្សម្នាក់ៗ កំណត់ស្ដង់ដារជីវិតរស់នៅ មនុស្សប្រុសដែលខ្លួនស្រលាញ់ ទៅតាមភាពពេញចិត្តរៀងៗខ្លួន ពាក្យដែលគាត់និយាយ រាងទើសចិត្តបន្ដិច តែដោយសារគាត់និយាយត្រង់ យើងដែលឮពាក្យគេតែងនិយាយថា បើគេស្រលាញ់យើង គេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យយើងសប្បាយចិត្ត អាឃ្លានេះហើយ គឺមានបូកបញ្ចូលគ្រប់ចំណុច ទាំងលុយកាក់ ការស្មោះត្រង់ ការ Take Care ស្រលាញ់បុរសអ្នកមានលុយ លុយគេនៅតែជាលុយគេ បើគេអត់ចូលចិត្ត គឺស្មើនឹងអត់មានអី ស្រលាញ់បុរសអត់លុយ តែមានចិត្ត ទោះមួយម៉ាត់មួយក ក៏គេបោចឲ្យយើង តែបើស្រលាញ់ប៉ះបុរសអត់លុយ ហើយអត់ចិត្តទៀត វាស្មើនឹងកម្ម។ សរុបជារួម ខំប្រឹងរកខ្លួនឯង ទាន់នៅក្មេងស្អាត មានកេរ្តិ៍ឈ្មោះ ចូរប្អូនៗក្ដោបឱកាស កុំគិតរឿងស្នេហាជាធំ ជីវិតដែលកំពុងលូតលាស់ ដកស្នេហាចេញ គឺអាចស្មើនឹងស្រស់បំព្រងគុណ១០» ។

តារាសម្ដែង គីម ស៊ីវឡាម លើកឡើងនថា «គាត់និយាយអត់ខុស គ្រាន់តែគាត់អត់ទាន់ចេះរៀបពាក្យនិយាយ គាត់នៅក្មេង កំពុងរះ ហើយប្រមូលគ្នាមកជាន់ក្មេង ? សង្គមជាន់គេឯង Bully គេ អង្កាល់អស់ ? ចុះពួកយើងសុទ្ធតែមាន Type រៀងៗខ្លួន ត្រូវអត់? អត់ត្រូវ type កុំស្រលាញ់ កុំយកទៅ ចប់តុកស៊ិកហើយ»។

អតីតអ្នកដឹកនាំ MV នៅសាន់ដេ និងហង្សមាស លោក Eco Vaksong បញ្ចេញយោបល់ទាក់ទងរឿងនេះដែរថា «មនុស្សដែលស្រលាញ់ចេញពីចិត្ត គេទិញនេះ ទិញនោះឲ្យ គេមានក្ដីសុខហើយ យើងអត់ត្រូវការបញ្ជារគេ បងឯងត្រូវតែឲ្យលុយខ្ញុំ អូនចង់បានចិញ្ចៀន ក្រវិលពេជ្រ អីអត់ទេ មនុស្សដែលស្រលាញ់យើងពិត គេនឹងផ្ដល់ស្នាមញញឹមឲ្យយើងហើយ មិនថាលុយកាក់ ទ្រព្យសម្បត្តិ គេនឹងផ្ដល់ឲ្យ។ ប៉ុន្ដែមនុស្សស្រីដែលចូលចិត្ត Share កាបូបប្រេនប្រេន របស់ថ្លៃៗ ដើម្បីឲ្យគេទិញឲ្យនោះ មនុស្សប្រុសនោះ ទិញឲ្យ តែគេចង់បានតែខ្លួនយើងទេ គេមិនយកយើងធ្វើប្រពន្ធឡើយ ។ តែបើមនុស្សប្រុសស្រលាញ់យើងចេញពីចិត្ត គេនឹងផ្ដល់ឲ្យយើង ដោយមិនបាច់ទាមទារឡើយ គេនឹងធ្វើទង្វើគ្រប់យ៉ាង ដើម្បីឲ្យយើងស្រលាញ់គេ» ។

ដោយឡែកគណនីហ្វេសប៊ុក ឈ្មោះ Chansorphea Chieng ខម្មិនថា «ជីហ្ស័ង និយាយមិនខុសទេ និយាយការពិត វាមានឆ្គងខ្លះហើយ ម្នាក់ៗមានសិទ្ធិកំណត់ស្ដង់ដាររៀងៗខ្លួន មិនមែនម៉េចក៏បាន ម៉េចក៏យកទេ បើយើងអត់ទាំងហ៊ានចំណាយ សូម្បីរបស់តិចតួច ចំពោះមនុស្សស្រលាញ់ផង មានសមត្ថភាពឯណាមើលថែគេបានល្អ នៅថ្ងៃបន្ទាប់ទៀត ? កុំថាលុយអត់សំខាន់ មិនជឿទេ កុំថាគេមុខលុយ ធ្វើអីក៏ចំណាយលុយដែរ អត់លុយ សុំគេបានអត់?ស្រលាញ់ រកស្អាត រកតែឆ្លាត តែអត់លុយផង រអ៊ូង៉ូវៗ»។

ជុំវិញការបញ្ចេញយបល់គាំទ្រ និងរិះគន់ រឿង «មុខលុយ» ខាងលើនេះ អ្នកយកព័ត៌មាន «នគរធំ» មិនអាចទាក់ទងសុំយោបល់ជីហ្ស័ង បានទេ កាលពីរសៀលថ្ងៃទី២ មីនា ឆ្នាំ២០២៦ ។

គួរបញ្ជាក់ថា ហេង គីមហ្ស័ង ជាតារាលេចធ្លោម្នាក់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះនាងមានសម្រស់ស្អាត ពូកែតែងខ្លួនស្ទីលបែបយុវ័យប្លែកៗ ទើបឆក់បានតំណែងតួឯក ជាបន្ដបន្ទាប់ ដូចជារឿង «ម៉ែក្មេកផ្កាភ្លើង» និងរឿង «ហាមបិទភ្នែក» រួមទាំងភាពយន្ដមួយចំនួនទៀត របស់ផលិតកម្ម Sastra Film ។ ស្រីស្អាតរូបនេះ ធ្លាប់ត្រូវបានគេសង្ស័យថា ជាគូស្នេហ៍របស់តារាសម្ដែង លោកហេង ស័ក្ដា ប៉ុន្ដែកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាងបែរជាទៅចូលរួមពិធីភ្ជាប់ពាក្យរបស់លោកទៅវិញ ៕
