Monday, March 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀនជិត ២គីឡូ ជាប់ខ្នោះ៧

ជួញថ្នាំញៀនជិត ២គីឡូ ជាប់ខ្នោះ៧

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀន ១ក្រុម ត្រូវបានកម្លាំងសមត្ថកិច្ចជំ នាញ ធ្វើការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី២) ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង គ្រឿងញៀនប្រមាណ ជិត២គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង ចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៧នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខឹម សុផា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី។ ទី២-ឈ្មោះរឿន គឹមសាន្ត ហៅមុំ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី។ ទី៣-ឈ្មោះស៊ិប ដន ហៅគោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី។ ទី៤-ឈ្មោះយឿន យ៉េង អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី។ ទី៥-ឈ្មោះឌឹម ឡាញ់ អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី។ ទី៦-ឈ្មោះនួន សុខុន ហៅនីន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង និងទី៧-ឈ្មោះសារ៉ា ថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង។ 

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ជាបន្តបន្ទាប់ ជិត២គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៧នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន១នាក់ ឈ្មោះខឹម សុផា ដោយដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ចំនួន២កញ្ចប់តូច ទូរស័ព្ទ ចំនួន១គ្រឿង។ បន្ទាប់ សមត្ថកិច្ចជំនាញ ស្តាប់តាមចម្លើយរបស់ឈ្មោះខឹម សុផា កម្លាំងជំនាញ បានបន្តឃាត់ខ្លួនឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី និងដកហូតទូរស័ព្ទ ចំនួន១គ្រឿង។

បន្ទាប់មកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រោយស្តាប់ចម្លើយរបស់ឈ្មោះរឿន គឹមសាន្ត ហៅមុំ កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះស៊ិប ដន ហៅគោ នៅចំណុចភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ក្នុងនោះដក ហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន២កញ្ចប់ (តូច១កញ្ចប់ មធ្យម១កញ្ចប់) និងទូរស័ព្ទ១គ្រឿង។ កម្លាំងបានបន្តឆែកឆេរបន្ទប់ជួលបន្ទប់លេខ៨ នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ឃាត់ខ្លួនមុខសញ្ញា ចំនួន២នាក់ (១-ឈ្មោះយឿន យ៉េង ២-ឈ្មោះឌឹម ឡាញ់) និង ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន២កញ្ចប់ធំ និងទូរស័ព្ទ ចំនួន២គ្រឿង។

បន្ទាប់មកទៀត កម្លាំងនគរបាលជំនាញបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះស៊ិប ដន ហៅគោ នៅចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ដោយដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន១កញ្ចប់មធ្យម (សារធាតុមិនច្បាស់) ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គឿងញៀន មួយចំនួន។ ក្រោយពីស្តាប់ចម្លើយរបស់ឈ្មោះស៊ិប ដន ហៅគោ បានសារភាពថាទិញគ្រឿងញៀន ពីឈ្មោះនួន សុខុន ហៅនីន។ ថ្ងៃបន្ទាប់ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញការិយាល័យ បានបន្តឃាត់ខ្លួនមុខសញ្ញាឈ្មោះនួន សុខុន ហៅនីន និងដក ហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន៩កញ្ចប់ (ធំ៨កញ្ចប់ មធ្យម១កញ្ចប់) ទូរស័ព្ទ ១គ្រឿង ម៉ូតូ ១គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។

ក្រោយបង្ក្រាបបាន និងស្តាប់ចម្លើយសារភាពរបស់ឈ្មោះ នួន សុខុន ហៅនីន បានសារភាពថា ខ្លួនទិញពីឈ្មោះសារ៉ា ថាន់។ លុះនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះសារ៉ា ថាន់ នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ដោយដកហូតទូរស័ព្ទដៃ ចំនួន៣គ្រឿង។ សមត្ថកិច្ចបានបន្តសួរចម្លើយឈ្មោះសារ៉ា ថាន់ បានឆ្លើយថា ខ្លួនទិញពីឈ្មោះខេន ពិសិដ្ឋ ហើយភ្លាមនោះ កម្លាំងជំនាញបានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះខេន ពិសិដ្ឋ ដែរប៉ុន្តែមុខសញ្ញាបានដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។

សមត្ថកិច្ច បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងបានបង្ក្រាបមុខ សញ្ញាចែកចាយគ្រឿងញៀន ចំនួន៧នាក់ (ស្រី២នាក់) និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿង ញៀន ចំនួន១៥កញ្ចប់ (ធំ១០កញ្ចប់ មធ្យម២កញ្ចប់ និងតូច៣កញ្ចប់) សរុបទម្ងន់ចំនួន ១ ៦៩៧,២៧ក្រាម (១គីឡូ ៦៩៧,២៧ក្រាម) និងសារធាតុមិនច្បាស់ចំនួន ១កញ្ចប់មធ្យម ទម្ងន់ ២,៩៣ ក្រាម។ ទូរស័ព្ទ ចំនួន៩គ្រឿង ម៉ូតូ ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ថង់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

ជនសង្ស័យទាំង៧នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES