Thursday, March 26, 2026
Homeព័ត៌មានជាតិលុបបំបាត់និទ្ទណ្ឌភាព ពង្រឹងនីតិរដ្ឋ ស្តារយុត្តិធម៌ និងទំនុកចិត្តពលរដ្ឋកម្ពុជា

លុបបំបាត់និទ្ទណ្ឌភាព ពង្រឹងនីតិរដ្ឋ ស្តារយុត្តិធម៌ និងទំនុកចិត្តពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា នៅក្នុងសង្គមណាមួយ “ច្បាប់” គឺជាគោលដៅនៃយុត្តិធម៌។ ប៉ុន្តែនៅកម្ពុជា បញ្ហានិទ្ទណ្ឌភាព (Impunity) នៅតែជាបញ្ហាដែលបំផ្លាញមូលដ្ឋាននៃរដ្ឋនីតិ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ។ ដូច្នេះត្រូវតែលុបបំបាត់និទ្ទណ្ឌភាព ពង្រឹងនីតិរដ្ឋ ស្តារយុត្តិធម៌ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។

លោក មាជ សុវណ្ណារ៉ា បានលើកឡើងតាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «បញ្ចប់និទ្ទណ្ឌភាព ដើម្បីស្តារយុត្តិធម៌ និងអនាគតកម្ពុជា។ នៅក្នុងសង្គមណាមួយ “ច្បាប់” គឺជាគោលដៅនៃយុត្តិធម៌។ ប៉ុន្តែនៅកម្ពុជា បញ្ហានិទ្ទណ្ឌភាព (Impunity) នៅតែជាបញ្ហាដែលបំផ្លាញមូលដ្ឋាននៃនីតិរដ្ឋ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ» ។

លោក មាជ សុវណ្ណារ៉ា បានរំលឹកពីសារបានថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក កម្ពុជា បានឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរច្រើន ប៉ុន្តែបញ្ហានិទ្ទណ្ឌភាព មិនបានបាត់បង់ទេ វាបានបន្តបង្កើតវប្បធម៌ «អ្នកមានអំណាច មិនត្រូវទទួលទោស» ដែលប៉ះពាល់យ៉ាងធ្ងន់ដល់យុត្តិធម៌សង្គម។ លោកថា បញ្ហាមិនមែនជាករណីឯកត្តា ប៉ុន្តែជាប្រព័ន្ធបញ្ហានេះ មិនមែនកើតឡើងដោយចៃដន្យទេ វាបង្កឡើងពីបញ្ហារចនាសម្ព័ន្ធចម្បង រួមមាន តុលាការ ខ្វះឯករាជ្យភាព និងរងឥទ្ធិពលនយោបាយ កម្លាំងសន្តិសុខ ប្រើអំណាចលើសលប់ ដោយគ្មានការទទួលខុសត្រូវ អំពើពុករលួយ និងបណ្តាញអំណាចការពារអ្នកប្រព្រឹត្តបទល្មើស ជនរងគ្រោះ គ្មានការការពារ និងខ្វះចូលដំណើរការយុត្តិធម៌ ។  នេះបង្ហាញថា និទ្ទណ្ឌភាព គឺជា «លំនាំប្រព័ន្ធ» មិនមែនជាករណីឯកត្តាទេ។

ទាក់ទងដល់ករណីជាក់ស្តែងដែលបង្ហាញពីនិទ្ទណ្ឌភាព មេបក្សជំនាន់ថ្មី លើកជាចំណោទថា បញ្ហានេះ ត្រូវបានបញ្ជាក់ដោយករណីធំៗជាច្រើន នៅបច្ចុប្បន្ន ៖

១. ករណីសម្លាប់អ្នកវិភាគនយោបាយ ជនល្មើស ត្រូវបានចាប់ខ្លួន ប៉ុន្តែសំណួរធំបំផុតនៅតែគ្មានចម្លើយ ៖ តើអ្នកបញ្ជាពិតប្រាកដ នៅពីក្រោយនោះ ជានរណា?

២. ករណីជម្លោះដីធ្លី ប្រជាពលរដ្ឋជាច្រើន បាត់បង់ដីធ្លី ទោះបីមានភ័ស្តុតាងច្បាស់លាស់ក៏ដោយ ប៉ុន្តែមិនមានការទទួលខុសត្រូវពីអ្នកមានអំណាច ។

៣. ករណីអំពើហិង្សាដោយកម្លាំងសន្តិសុខ ការប្រើកម្លាំងលើសលប់ ក្នុងការបង្រ្កាប ប៉ុន្តែគ្មានការដាក់ទណ្ឌកម្ម ដែលនេះជាទិដ្ឋភាពច្បាស់នៃ “និទ្ទណ្ឌភាព” ។

ចំពោះហេតុអ្វីត្រូវបញ្ចប់និទ្ទណ្ឌភាព? មេបក្សជំនាន់ថ្មី ពន្យល់ថា និទ្ទណ្ឌភាព ៖ បំផ្លាញការជឿទុកចិត្តសាធារណៈ បង្កើតអយុត្តិធម៌ក្នុងសង្គម បង្អាក់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យ និងបង្កើតវប្បធម៌អំណាចលើច្បាប់ ។ ដូច្នេះប្រទេសមួយ មិនអាចរីកចម្រើនបាន ប្រសិនបើច្បាប់មិនអនុវត្តលើគ្រប់គ្នា។

ជុំវិញដំណោះស្រាយ របស់គណបក្សជំនាន់ថ្មី បានដាក់ចេញនូវវិស័យកំណែទម្រង់ចម្បង ៥ចំណុច ដូចខាងក្រោម ៖

១. កំណែទម្រង់តុលាការ ៖ ធានាឯករាជ្យភាពពេញលេញ និងបន្ថយឥទ្ធិពលនយោបាយ ។

២. បង្កើតប្រព័ន្ធទទួលខុសត្រូវ ៖ ត្រួតពិនិត្យកម្លាំងសន្តិសុខដោយឯករាជ្យ និងអនុវត្តច្បាប់ស្មើគ្នា “មិនថាអ្នកណា” ។

៣. ប្រឆាំងអំពើពុករលួយ ៖ បំបែកបណ្តាញអំណាច និងធានាថា ច្បាប់លើសអំណាច ។

៤. ការពារជនរងគ្រោះ ៖ បង្កើតប្រព័ន្ធការពារសាក្សី និងពង្រីកជំនួយផ្នែកច្បាប់ ។

៥. លើកកម្ពស់សង្គមស៊ីវិល ៖ បង្កើតវេទិកាសន្ទនា និងបើកចំហអភិបាលកិច្ច ។

ជាមួយគ្នានោះដែរ ជាសារអំពាវនាវ គណបក្សជំនាន់ថ្មី សូមអំពាវនាវដល់ ៖ រដ្ឋាភិបាល ស្ថាប័នតុលាការ កម្លាំងសន្តិសុខ និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាបញ្ចប់វប្បធម៌ “គេចផុតពីទោស” ។

ចំណែកសេចក្តីសន្និដ្ឋាន គណបក្សជំនាន់ថ្មី ក្រើនរំលឹកថា «យុត្តិធម៌ មិនមែនជាការសន្យា តែត្រូវជាការអនុវត្ត ច្បាប់មិនមែនសម្រាប់អ្នកធំតូច ឬអ្នកមានក្រ តែសម្រាប់គ្រប់គ្នា» ។ បញ្ចប់និទ្ទណ្ឌភាព គឺជាជំហានដំបូងក្នុងការសាងសង់កម្ពុជា ដែលមានយុត្តិធម៌ សុចរិតភាព និងអនាគតរឹងមាំ ។

បន្ថែមលើខ្លឹមសារខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ថា ដើម្បីពង្រឹងនីតិរដ្ឋ ទៅបាន ស្ថាប័នជាតិ មិនត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលគណបក្សនយោបាយ ឬអ្នកមានអំណាចណាមកជាន់ឈ្លីទេ ក្រៅពីនាំគ្នាអនុវត្ត លុបបំបាត់នូវនិទ្ទណ្ឌភាព ភាពអយុត្តិធម៌ ការជិះជាន់ ការប្រព្រឹត្តអំពើពុករលួយ ជាដើម ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “យើងដឹងហើយថា សង្គមជាតិ ដែលគោរពនូវនីតិរដ្ឋ មានន័យថា គោរពច្បាប់ យកច្បាប់ជាការអនុវត្ត យកច្បាប់ នៅលើកំពូលនៃមនុស្ស ដែលជាថ្នាក់ដឹកនាំ មិនថាប្រមុខរដ្ឋ មិនថានាយករដ្ឋមន្រ្តី មិនថាប្រធានរដ្ឋសភា ឬក៏អំណាចនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ហើយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គឺប្រទេសនីតិរដ្ឋ រដ្ឋដែលដើរនូវអ្វីដែលយកច្បាប់ជាធំ គ្មានការបំពាន ។ អាហ្នឹងហើយ ដែលយើងចង់ឲ្យបញ្ចប់នូវនិទ្ទណ្ឌភាព ភាពគ្មានទោសពៃរ៍ សម្រាប់សង្គមកម្ពុជាយើង ដែលយើងធ្លាប់ឃើញមកហើយថា យើងគិតពីឆ្នាំ១៩៩៣ មកដល់ឥឡូវ វា៣៣ឆ្នាំ វាពីជំនាន់ចាស់ មកជំនាន់ថ្មី នៃអ្នកកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ។ អ៊ីចឹងអ្វីដែលយើងចង់ឲ្យពង្រឹងនូវនីតិរដ្ឋ គឺយុត្តិធម៌ តម្លាភាព គណនេយ្យភាព ដែលគ្មានការជ្រៀតជ្រែកពីអំណាចបុគ្គល នៃឥទ្ធិពលអ្នកនយោបាយណា និន្នាការបក្សណា មកបង្កឲ្យប្រទេសជាតិ ត្រូវទទួលនូវនិទណ្ឌភាព ការអនុវត្តស្ដង់ដារពីរ អំពើពុករលួយ ការប្រកាន់បក្ខពួក គ្រួសារនិយម ដែលតែងតែប្រើអំណាច ប្រើទឹកលុយ យកមកគ្របដណ្ដប់ច្បាប់ ហើយជាន់ឈ្លីច្បាប់ប្រទេស គឺមានន័យថា អាហ្នឹងហើយ មិនបានបញ្ចប់នូវនិទណ្ឌភាព ភាពគ្មានទោសពៃរ៍ សម្រាប់អ្នកបង្កបញ្ហា ដែលយកច្បាប់ មកធ្វើជាខែល ដើម្បីឲ្យខ្លួនហ្នឹង កាន់តែពង្រឹងនូវអំណាច កាន់តែបង្កើតនូវបក្ខពួក គ្រួសារនិយម ហើយបង្កើតនូវអំពើពុករលួយ ធ្វើឲ្យគេឈឺចាប់ បៀតបៀន សង្គមមួយ ដែលទៅជាសង្គមអនាធិបតេយ្យ សង្គមដែលមិនគោរពនីតិរដ្ឋ ក្រៅតែពីអំណាចបុគ្គល ចង្អុលហួសព្រំដែននៃច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ប្រទេសជាតិ ទៅតាមចំណេះជំនាញនៃនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ ។ អ៊ីចឹងហើយ បានខ្ញុំចង់បង្ហាញថា ដើម្បីពង្រឹងនីតិរដ្ឋ ទៅបាន គឺស្ថាប័នជាតិហ្នឹង មិនត្រូវបានឬក៏ឥទ្ធិពលគណបក្សនយោបាយ ឬក៏អ្នកមានអំណាចណា មកជាន់ឈ្លីទេ ក្រៅពីនាំគ្នាអនុវត្ត ហើយលុបបំបាត់នូវនិទ្ទណ្ឌភាព ភាពអយុត្តិធម៌ ការជិះជាន់ ប្រព្រឹត្តអំពើពុករលួយ ប្រើអំណាច ទឹកលុយ គ្របដណ្ដប់នៅលើស្ថាប័នមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើឲ្យការិយាធិបតេយ្យ ក្នុងការដឹកនាំប្រទេសហ្នឹង គឺទៅជាវាមានការបែកបាក់សាមគ្គីគ្នា ហើយមានការរើសអើងគ្រប់សព្វបែបយ៉ាង ពិសេសស្រទាប់រវាងរាជការ ទៅនឹងប្រជារាស្រ្តនៅឯមូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហ្នឹង វាជួបនូវការលំបាកក្នុងការកសាងនិងអភិវឌ្ឍន៍ ហើយនិងរកយុត្តិធម៌ តម្លាភាពមួយ ដែលមិនមានការជ្រៀតជ្រែកនៃឥទ្ធិពលនយោបាយ មកគ្របដណ្ដប់ មិនមែនជាស្ថាប័នជាតិ ។ អាហ្នឹងជាបញ្ហាដែលយើងចង់បាន“ ។

គួរបញ្ជាក់ថា និទ្ទណ្ឌភាព មានន័យថា ការមិនត្រូវបានផ្តន្ទាទោស ឫគ្មានផលវិបាកណាមួយ ។ និទ្ទណ្ឌភាពនៅកម្ពុជា កើតឡើងដោយសារតែការខកខានរបស់រដ្ឋ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីស៊ើបអង្កេតចំពោះការរំលោភបំពាន, ចាត់វិធានការសមស្របសម្រាប់ជនល្មើស ជាពិសេសក្នុងបរិបទយុត្តិធម៌ ដោយធានាថា ជនសង្ស័យនៃការទទួលខុសត្រូវព្រហ្មទណ្ឌ នឹងត្រូវបានចោទប្រកាន់សម្រេចក្តី និងផ្តន្មាទោស ដើម្បីផ្តល់សំណងដ៏មានប្រសិទ្ធភាព ដល់ជនរងគ្រោះ និងធានាថា ពួកគេទទួលបានសំណងចំពោះការខូចខាតដែលកើតមានចំពោះខ្លួនគេ ធានានូវសិទ្ធិដែលមិនអាចដកហូតបាន នៃការទទួលបានការពិត ស្តីពីការរំលោភបំពាន និងចាត់វិធានការចាំបាច់ដទៃទៀត ដើម្បីការពារការកើតឡើងនៃបទល្មើសទាំងនោះម្តងទៀត។ គិតចាប់តាំងពីអំឡុងទសវត្សឆ្នាំ១៩៩០ មក អង្គការសង្គមស៊ីវិល មួយចំនួន បានសិក្សាស្រាវជ្រាវពីនិទ្ទណ្ឌភាពនៅកម្ពុជា និងបានដាក់របាយការណ៍ទាំងនេះ ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់យោបល់ និងជំរុញឲ្យយកចិត្តទុកដាក់លុបបំបាត់បញ្ហានិទ្ទណ្ឌភាព ។

យោងតាមរបាយការណ៍បានស្ថាបនាឡើងវិញ (ឆ្នាំ១៩៩៦–១៩៩៩) បានបង្ហាញថា កណ្ដាលដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០ គឺជាដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រជាធិបតេយ្យ ក្រោយសម័យអ៊ុនតាក់ (UNTAC) នៅមានភាពងាយរងគ្រោះ ស្ថាប័នតុលាការខ្សោយ ការអនុវត្តនីតិរដ្ឋ មានកម្រិត ភាពអស្ថិរភាពនយោបាយ ។ ក្នុងអំឡុងពេលនេះ បញ្ហានិទ្ទណ្ឌភាព (Impunity) បានក្លាយជាបញ្ហាសំខាន់ជាតិ ដែលបង្ហាញដោយកង្វះការចោទប្រកាន់ចំពោះការរំលោភសិទ្ធិមនុស្ស ការប្រើអំណាចលើសលប់ដោយកម្លាំងសន្តិសុខ ការការពានយោបាយចំពោះអ្នកប្រព្រឹត្តបទល្មើស និងប្រព័ន្ធទទួលខុសត្រូវខ្សោយ ។

ដោយយល់ឃើញពីភាពបន្ទាន់ អង្គការមិនមែនរដ្ឋាភិបាល ជាច្រើន ក្រោមបណ្តាញ NGO Forum on Cambodia បានបង្កើតក្រុមការងារសង្គមស៊ីវិល ស្តីពីនិទ្ទណ្ឌភាព និងបានកំណត់មូលហេតុរចនាសម្ព័ន្ធចំនួន៤ ដែលបណ្តាលឱ្យមាននិទ្ទណ្ឌភាព គឺ១. ប្រព័ន្ធតុលាការខ្សោយ បណ្ដាលមកពីតុលាការខ្វះឯករាជ្យភាព មានឥទ្ធិពលនយោបាយលើសេចក្តីសម្រេច សមត្ថភាពផ្នែកច្បាប់មានកម្រិត ។ ២. ការរំលោភដោយវិស័យសន្តិសុខ ការធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ ការចាប់ខ្លួនដោយអំពើចិត្តនិងអំពើហិង្សា ខ្វះប្រព័ន្ធវិន័យខាងក្នុង ។ ៣. អំពើពុករលួយ និងបណ្តាញអំណាច ការទូទាត់ក្រៅផ្លូវការ ប៉ះពាល់ដល់លទ្ធផលយុត្តិធម៌ បណ្តាញការពារជួយលាក់បាំងអ្នកប្រព្រឹត្តបទល្មើស ។ ៤. កង្វះការការពារជនរងគ្រោះ ការភ័យខ្លាចការសងសឹក មិនមានប្រព័ន្ធការពារព័ត៌មានសាក្សី ការចូលដំណើរការជំនួយផ្នែកច្បាប់មានកម្រិត។

ភ្ជាប់ជាមួយនឹងការបញ្ជាក់មូលហេតុ ក្រុមការងារសង្គមស៊ីវិល ស្តីពីនិទ្ទណ្ឌភាព នៅពេលនោះ បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន កំណែទម្រង់ច្បាប់ និងស្ថាប័ន ពង្រឹងឯករាជ្យភាពតុលាការ បង្កើតនីតិវិធីច្បាស់លាស់ក្នុងការចោទប្រកាន់ ប្រព័ន្ធទទួលខុសត្រូវ ត្រួតពិនិត្យខាងក្នុងសម្រាប់ប៉ូលិសនិងយោធា ពង្រឹងការប្រឆាំងអំពើពុករលួយ ប្រព័ន្ធការពារ ការពារសាក្សី ពង្រីកជំនួយផ្នែកច្បាប់ ការចូលរួមសង្គមស៊ីវិល បង្កើតកិច្ចពិភាក្សាជាប្រព័ន្ធជាមួយអង្គការ និងលើកកម្ពស់ភាពបើកចំហក្នុងអភិបាលកិច្ច ។

ដោយឡែក មកដល់ពេលបច្ចុប្បន្ន និទ្ទណ្ឌភាពនៅកម្ពុជា នៅតែត្រូវបានអង្គកាសង្គមស៊ីវិល អ្នកនយោបាយ អ្នកវិភាគ មជ្ឈដ្ឋានបញ្ញវន្ត និងមជ្ឈដ្ឋានមួយចំនួន មើលឃើញថា រដ្ឋាភិបាល មានភាពខ្វះចន្លោះ និងខ្វះឆន្ទៈក្នុងការលុបបំបាត់ អនុញ្ញាតឲ្យជនប្រព្រឹត្តបទល្មើសនៅរួចខ្លួន។ ដូច្នេះមជ្ឈដ្ឋានទាំងនោះ បង្ហាញក្ដីព្រួយបារម្ភថា ល្គឹកណានិទ្ទណ្ឌភាព នៅតែបន្តក្នុងប្រទេសកម្ពុជា វានឹងមានឥទ្ធិពលអាក្រក់ដល់លទ្ធិប្រជាធិបតេយ្យ បង្កើតវប្បធម៌ភ័យខ្លាច សម្រាប់ជនរងគ្រោះ ។ ជាពិសេស “វប្បធម៌សុំទោស រួចខ្លួន” ជាកំហុសសង្គមដ៏រ៉ាំរ៉ៃ ដែលផ្ដល់ឱកាសឲ្យជនប្រព្រឹត្តបទល្មើស បង្កើតព្រឹត្តិការណ៍ ទុកធ្វើជាឈ្នាន់បង្ករឿងដដែលៗ ៕                                                                                                           កុលបុត្រ

RELATED ARTICLES