ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសឱ្យដឹងកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមអ្នក ស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ ដែលជាបណ្តុំ ទួលមនុស្សរស់នៅ ស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល ៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួន នៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុត នៅរាយប៉ាយជាច្រើន។

តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះ បានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃ មានដូចជា ឆ្នាំងដី ក្អម ផើង៘ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង។

លោកទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅ ជាសហគមន៍ស្មូន ដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមួយចំនួន ទើបនៅឆ្នាំ២០២៥ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានជ្រើស រើសយកទួលត្រពាំងថ្មអណ្តែត ធ្វើកំណាយស្រាវជ្រាវ។

ក្រៅពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត នៅឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ បានជ្រើសរើសទួលមួយ ដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែត សម្រាប់ធ្វើកំណាយ។
លោកឆាយ រចនា ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗនេះថា ក្រុមស្រាវជ្រាវ បានរកឃើញស្លាកស្នាមឡ ក្នុងដំ ណាក់ កាលដំបូង គឺរចនាសម្ព័ន្ធឡទាំងមូល ធ្វើពីដីឥដ្ឋ។ ចំណែករចនាសម្ព័ន្ធឡចុងក្រោយ ដូចដែលយើងបានឃើញនេះ គឺធ្វើពីឥដ្ឋដុត ហើយឡដែលទើបបានរកឃើញថ្មីនេះ ទំនងជារចនាសម្ព័ន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូន បានបោះបង់ចោល។

លោក ពិទូ ភិរម្យ បុរាណវិទូ ឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ព័ន្ធឡនេះ មានកម្រាលនិងជញ្ជាំងធ្វើពីឥដ្ឋ ។ តាមរយៈស្លាកស្នាម ដែលនៅសេសសល់ យើងអាចសន្និដ្ឋានបានថា ឡ មានទំហំប្រមាណ ១,៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង ១,៨០ម៉ែត្រ ទៅ២ម៉ែត្រ និងមានបំពង់ផ្សែង នៅលើដំបូល។

លោក ពិទូ ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា រចនាសម្ព័ន្ធឡ គឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់ តាមទិសចំនួន៤ មានគុកដុតភ្លើង ចំនួន ៤ នៅតាមជ្រុង។ ផ្នែកកណ្តាលនៃតួឡ មានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។ ក្រុមអ្នកស្រាវជ្រាវ បានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍ មួយចំនួន ចេញពីឡនេះ សម្រាប់វិភាគស្វែងរកអាយុកាល។ ដោយឡែក ទាក់ទងនឹងការស្វែងយល់ពីការលើកទួល និងកន្លែងស្មូន ចោលអំបែងភាជន៍ និងសំណល់ឡ ៘

លោកញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយ នៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះ មានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយ គ្មានស្រទាប់រលោង។

ដោយឡែក ចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ។ ប៉ុន្តែបើយើងប្រៀបធៀបជាមួយលទ្ធផលដែលទទួលបានពីការវិភាគលើសំណាកធ្យូង ដែលយកពីស្រទាប់ដី ដែលនៅសល់រចនាសម្ព័ន្ធឡដុតភាជន៍ខ្លះៗពីរណ្តៅកំណាយមួយចំនួន ដែលបានធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បានបង្ហាញថា ស្រទាប់ដីនោះ មានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។

ដូច្នេះយើងអាចសន្និដ្ឋានបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិត ចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២៕