ភ្នំពេញ ៖ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ហៅគុកព្រៃស លោក នុត សវនា បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺអំពីបុព្វហេតុពិតប្រាកដនៃមរណភាពអតីតអ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា នៅក្នុងពន្ធនាគារព្រៃស ដោយបញ្ជាក់ថា លោក លី សាម៉េត មានជំងឺប្រចាំកាយធ្ងន់ធ្ងរ រួមមាន ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមុនពេលបញ្ជូនមកឃុំខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយក៏អនុញ្ញាតឱ្យស្នាក់នៅប៉ុស្តិ៍សុខភាពរបស់មណ្ឌល ដើម្បីតាមដានសុខភាព ជាប្រចាំ និងទទួលបានការពិនិត្យពីគ្រូពេទ្យ និងអនុញ្ញាតឱ្យលេងកីឡាវាយប៊ូល ជារៀងរាល់ថ្ងៃ ។ ប៉ុន្តែមានជនឱកាសនិយមមួយចំនួន បានបង្ហោះព័ត៌មានមិនពិតថា មរណភាពនេះ ជាការបង្វែងសភាពការណ៍រឿងឆបោកអនឡាញ ដែលការលើកឡើងទាំងនោះ គឺជាការញុះ ញង់ បង្កការភាន់ច្រឡំមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច ។ ដូច្នេះលោកបានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាផ្តល់ការគោរពដល់វិញ្ញាណក្ខន្ធសព និងក្រុមគ្រួសារដែលកំពុងមានទុក្ខធ្ងន់ ដោយបញ្ឈប់ការប្រើប្រាស់ពាក្យប្រមាថមាក់ងាយ ឬជាន់ឈ្លីដល់អ្នកដែលបានចែកឋានទៅហើយ ។


សេចក្តីបំភ្លឺរបស់លោក នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលកែប្រែទី១ (គុកព្រៃស) ចុះថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គោរពជូន និងបញ្ជាក់ជូនលោកឧត្ដមគានុរក្ស១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងកម្មវត្ថុ ៖ សូមជូនរបាយការណ៍ស្ដីពីមរណភាពរបស់ពិរុទ្ធជនឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧៣ឆ្នាំ សញ្ជាតិខ្មែរ ដោយសារជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់ មានខ្លឹមសារថា «នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ០៧និង៣៥នាទី ពិរុទ្ធជនឈ្មោះ លី សាម៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសឆបោក (មាន៥រឿង រួចបទចោទ ១រឿង) កម្រិត ទោស ២៤ឆ្នាំ។ ក្នុងអំឡុងពេលឃុំខ្លួននៅក្នុងមណ្ឌល ពិរុទ្ធជនរូបនេះ មានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ហើយប្រើប្រាស់ថ្នាំ ជាប្រចាំ។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីប្រចាំអគារ បានបញ្ជូនពិរុទ្ធជនរូបនេះ ពីអគារទី៦” មកសម្រាកព្យាបាលជំងឺ នៅអគារប៉ុស្តិ៍សុខភាព បន្ទប់លេខ២ ដោយមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម (នោមញឹក ស្រវាំងភ្នែក និងហើមម្ដងម្កាល)។ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៧និង៣៥នាទី មន្ត្រីអគារប៉ុស្តិ៍សុខភាព បានចាក់សោ រាប់ចំនួនជនជាប់ឃុំ ពិនិត្យឃើញថា ពិរុទ្ធ ជន លី សាម៉េត ដាស់មិនងើប ទើបមន្ត្រីប្រចាំអគារ បានហៅមន្ត្រីផ្នែកសុខាភិបាល ឲ្យមកពិនិត្យ ឃើញថា ពិរុទ្ធជនរូបនេះ ចាប់សញ្ញាជីវិតយកមិនបាន មានសភាពស្លេកស្លាំង ស្វាយបបូរមាត់ ចុងដៃ ចុងជើង រួចគ្រូ ពេទ្យប្រចាំមណ្ឌល បានសន្និដ្ឋានថា ពិរុទ្ធជនរូបនេះ បានដេកស្លាប់នៅលើគ្រែ ក្នុងបន្ទប់លេខ២ នៃអគារប៉ុស្តិ៍សុខភាព រួចហើយ។ មណ្ឌលបានស្នើសុំមន្ត្រីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យកោសល្យវិច័យរបស់តុលាការរាជធានីភ្នំពេញ បានពិនិត្យសាកសពរួច បានធ្វើការវាយតម្លៃថា ពិរុទ្ធជនរូបនេះ បានទទួល មរណភាពដោយសារ ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់ ពិតប្រាកដមែន។ មណ្ឌល បានប្រគល់សព ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី…” ។

ក្រៅពីលិខិតគោរពជូនលោកឧត្ដមគានុរក្ស១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដូចខាងលើនេះ លោកនុត សវនា ក៏បានធ្វើការបំភ្លឺបន្ថែម តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះ ជម្រាបសាធារណជន និងបងប្អូនអ្នកសារព័ត៌មាន បានជ្រាបដូចខាងក្រោម ៖
– លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
– ថ្វីត្បិតគាត់ពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ គាត់ត្រូវបានអនុញ្ញាតឱ្យសម្រាកនៅប៉ុស្តិ៍សុខភាពរបស់មណ្ឌល ដើម្បីតាមដានសុខភាព ជាប្រចាំ ពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយប៊ូល ជារៀងរាល់ថ្ងៃផងដែរ។
– មួយរយៈចុងក្រោយនេះ គាត់បានបង្ហាញអាការបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍ងងឹតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងទៀត ត្រៀមប្រកាសទោស)។

– នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការនៅអគារសម្រាកព្យាបាល នៃប៉ុស្តិ៍សុខភាព ម១ បានធ្វើការចាក់សោ បញ្ចេញជនជាប់ឃុំ ដូចសព្វមួយដង បានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសម្រាន្តលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗនោះ មន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍សុំជំនួយពីជំនាញសុខាភិបាល។
– ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌល ក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និងបានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ។

– បន្ទាប់ពីបានចំណាយពេលពិនិត្យ អស់រយៈពេលពេញមួយព្រឹក មណ្ឌល ក៏បានអញ្ជើញគ្រួសារសព រួមមាន ៖ កូនប្រុសស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាពនិមន្តព្រះសង្ឃ និងអា ចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែសពចេញពីមណ្ឌល ទៅកាន់គេហដ្ឋានគ្រួសារគាត់វិញ ដោយក្តីក្រៀមក្រំ។
– ទាំងមន្ត្រីជំនាញ និងគ្រួសារសព បានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាព ដោយអាការគាំងបេះដូង ដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់។
– ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទា ជូនជនជាប់ឃុំ យើងខ្ញុំមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខុមាលភាពនិងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់ តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ។

– ក្នុងនាមប្រធានមណ្ឌល ខ្ញុំសូមច្រានចោលរាល់ការចោទប្រកាន់យ៉ាងងងើលរបស់ជនឱកាសនិយម ពាលអគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះ ជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចធម៌ក្នុងខ្លួន រកតែឱកាសញុះញង់ បង្កការភាន់ច្រលំមកលើសមត្ថកិច្ច និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់។
– ខ្ញុំក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គម ទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសពដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថមាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ។
– សូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធលោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ» ។

ដោយឡែក នៅក្នុងលិខិតទទួលស្គាល់ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយ ម៉ុន មួយ ទៀង ត្រូវជាកូនស្រីបង្កើតរបស់លោក លី សាម៉េត បានបញ្ជាក់ថា “នាងខ្ញុំឈ្មោះ ម៉ុន មួយទៀង កើតថ្ងៃទី៤ ១២ ១៩៨៦ ត្រូវជាកូនស្រីបង្កើតរបស់ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅសម្រាកព្យាបាលនៅបន្ទប់លេខ២ អគារសម្រាកព្យាបាលប៉ុស្តិ៍សុខភាព នៃមណ្ឌលអប់រំកែប្រែទី១ នៅម៉ោងដឹងស្លាប់ ០៧និង៣៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅលើគ្រែសម្រាកព្យាបាលក្នុងបន្ទប់លេខ២ អគារសម្រាកព្យាបាលប៉ុស្តិ៍សុខភាព មណ្ឌលអប់រំកែប្រែទី១ ដោយជំងឺទឹកនោមផ្អែម និងជំងឺសម្ពាធឈាមឡើងខ្ពស់ ។ នាងខ្ញុំ ម៉ុន មួយទៀង ត្រូវជាកូនស្រី សូមទទួលស្គាល់ថា លោក លី សាម៉េត ត្រូវជាប៉ារបស់នាងខ្ញុំ គាត់ស្លាប់ដោយជំងឺទឹកនោមផ្អែម និងជំងឺសម្ពាធឈាមឡើងខ្ពស់ ពិតប្រាកដមែន ។ នាងខ្ញុំពុំមានការប្ដឹងតវ៉ាអ្វីផ្សេងទៀតឡើយ។

ក្រែងពុំពិតប្រាកដ នាងខ្ញុំសុំផ្ដិតមេដៃទុកជាភ័ស្តុតាង“ ៕