Thursday, May 7, 2026
Homeសង្គម និងជីវិតកូនប្រសាបោកលុយ ៧ម៉ឺនដុល្លារ ម៉ែក្មេកជរា សំពះសុំថ្នាក់ដឹកនាំជួយ

កូនប្រសាបោកលុយ ៧ម៉ឺនដុល្លារ ម៉ែក្មេកជរា សំពះសុំថ្នាក់ដឹកនាំជួយ

ខេត្តត្បូងឃ្មុំៈ លោកយាយ ហេង សុខឃឹម អាយុ៧២ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទទូចសុំឱ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ ជួយអន្តរាគមន៍បញ្ចប់រឿងក្តី ក្រោយកូនប្រ សាប្រុស លួងលោមបោកយកប្រាក់គាត់ ៧ម៉ឺនដុល្លារ ហើយមិនព្រមសង តាំងពីអំឡុងឆ្នាំ២០២១ ធ្វើឱ្យគាត់ពិបាករស់នៅ ដោយសារត្រូវការលុយជាចាំបាច់ ព្យាបាលជំងឺប្រចាំកាយ និងការចាយវាយប្រចាំថ្ងៃ។

យោងតាមព័ត៌មាន និងឯកសារផ្លូវច្បាប់មួយចំនួន ដែលអ្នកសារព័ត៌មានទទួលបាន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកយាយ ហេង សុខឃឹម មានកូនប្រសាប្រុស ម្នាក់ ឈ្មោះគាន លាងហ៊ត់ ហើយកាលពីអំឡុងឆ្នាំ២០២១ កូនប្រសានេះ បានលួងលោមឱ្យគាត់បាញ់លុយនៅក្នុងកុងធនាគារ ចំនួន៧ម៉ឺនដុល្លារ ដែលជាលុយលក់ដី ដាក់ចូលកុងរបស់កូនប្រសា ក្រោមហេតុផលថា ដាក់នៅធនាគារផ្សេង ដើម្បីទទួលបានអត្រាការប្រាក់ ខ្ពស់ ប៉ុន្តែធាតុពិតកូនប្រសា បានយកលុយទាំងនេះ ទៅប្រើប្រាស់ផ្ទាល់ខ្លួន មិនបានប្រគល់ជូនគាត់ទេ រហូត មកដល់ពេលនេះ។

ក្រោយកូនប្រសាលួងលោមយកលុយទាំងនេះ លោកយាយ ហេង សុខឃឹម បានសម្រេចដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តត្បូងឃ្មុំ រហូតតុលាការ បានដំណើរនីតិវិធី ហើយបានសម្រេចផ្តន្ទោទោសកូនប្រសា ដាក់ពន្ធនាគារ និងបង្គាប់ឱ្យសងប្រាក់ ជូនលោកយាយទៀតផង។ ប៉ុន្តែការប្តឹងទាស់របស់កូនប្រសា បានធ្វើបន្តទៀត តាមនីតិវិធី រហូតលោកអាចនៅក្រៅឃុំបាន តែលុយចំនួន ៧ម៉ឺនដុល្លារនោះ មិនទាន់សងមកម្តាយក្មេកនៅឡើយ។

តាមសេចក្តីរាយការណ៍ថា នៅពេលនេះ សំណុំរឿងក្តី កំពុងស្ថិតនៅក្នុងដំណាក់កាលសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី។ លោកយាយ មានជំនឿថា សាលាឧទ្ធរណ៍ នឹងជួយអន្តរាគមន៍បញ្ចប់រឿងក្តី និងដោះ ស្រាយបញ្ចប់ជម្លោះរឿងលុយកាក់នេះ ជាមួយកូនប្រសា ឱ្យចប់ ដើម្បីអាចទទួលបានលុយត្រឡប់មកវិញ។លោកយាយ ហេង សុខឃឹម ដែលជាស្ត្រីមេម៉ាយ ក្រោយប្តីស្លាប់ កាលពីឆ្នាំ២០១៦ លោកយាយមានកូនស្រីច្បង ឈ្មោះវ៉ា សុគន្ធី មានប្តីឈ្មោះ គាន លាងហ៊ត់។ ក្រោយប្តីទទួលមរណភាព ស្ត្រីមេម៉ាយរូបនេះ ដែលមានវ័យចាស់ជរា បានហៅកូនស្រីច្បង ឈ្មោះវ៉ា សុគន្ធី មករស់នៅជាមួយគ្នា និងប្តីរបស់នាង ឱ្យជួយប្រកប អាជីវ កម្មខ្សាច់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមគាត់ ជាម្តាយជរា។

លុះមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកយាយ បានលក់ដី ១កន្លែង ក្នុងតម្លៃសរុបចំនួន ១៣ម៉ឺនដុល្លារ។ ក្រោយពីបានទទួលប្រាក់មួយចំនួន ជាប្រាក់សុទ្ធ លោកយាយ បានបង្កើតគណនីធនាគាររួមគ្នាជាមួយកូនប្រសា ឈ្មោះគាន លាងហ៊ត់ និងបានដាក់ប្រាក់ ចំនួន ៩ម៉ឺន ៥ពាន់ដុល្លារ នៅធនាគារអេស៊ីលីដា។ ក្រោយមក ស្រាប់តែកូនប្រសា ឈ្មោះគាន លាងហ៊ត់ បានលួងលោមគាត់ ឲ្យធ្វើការផ្ទេរប្រាក់ ចំនួន ៧ម៉ឺនដុល្លារ ពីគណនីរួម ទៅកាន់គណនីផ្ទាល់ខ្លួន ក្រោមហេតុផលថា ដាក់នៅធនាគារផ្សេង បានការប្រាក់ខ្ពស់ជាង ដោយឱ្យគាត់ផ្តិតមេដៃ លើឯកសារធនាគារ ដើម្បីអាចដកប្រាក់បាន។ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់មិនដែលបានទទួល ការប្រាក់និងលុយពីកូនប្រសា ឈ្មោះ គាន លាងហ៊ត់ នោះទេ។

ជុំវិញករណីខាងឡើនេះ នៅមិនទាន់មានប្រតិកម្មឆ្លើយតបពីភាគីបុរសជាកូនប្រសា ឈ្មោះគាន លាងហ៊ត់ នៅ ឡើយ គិតត្រឹមល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES