Monday, May 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រយ័ត្នវីរុសហាន់តា ឆ្លងតាមសត្វកណ្តុរ

ប្រយ័ត្នវីរុសហាន់តា ឆ្លងតាមសត្វកណ្តុរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លង វីរុសហាន់តា (Hantavirus) ដែលឆ្លងតាមរយៈសត្វកកេរ ដូចជាកណ្តុរ កំប្រុក ជាដើម ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វីរុសហាន់តា (Hantavirus) គឺជាវីរុស ដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស។ រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់រកឃើញករណីវីរុសហាន់តា លើមនុស្សនៅឡើយទេ។ មនុស្សអាចឆ្លងវីរុសនេះ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹក នោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្មោចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ថ្មីៗនេះ មានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវា ទេសចរណ៍ មួយគ្រឿង ដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរ មកពី២៨ប្រទេស ដោយមានករណីសង្ស័យ ៨នាក់ បញ្ជាក់វិជ្ជមាន ៥នាក់ និងស្លាប់ ៣នាក់។

ការឆ្លង ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។ អង្គការសុខភាពពិភពលោក បានវាយតម្លៃថា ហានិភ័យនៃការរាលដាលជាសកល មានកម្រិតទាប ពីព្រោះវីរុសហាន់តា មិនងាយឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទេ ប៉ុន្តែទោះយ៉ាងណា ក្រសួងសុខាភិបាល បានផ្សព្វផ្សាយចំ ណេះដឹងនិងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ គ្រូពេទ្យទូទាំងប្រទេស អ្នកទទួលទូរស័ព្ទ១១៥ និងផ្តល់សារអប់រំសង្ខេប តាមបណ្តាញទំនាក់ទំនងសង្គម និងបន្តពង្រឹងការតាមដាននិងឆ្លើយតបជាប្រចាំ ហើយមានមន្ទីរពិ សោធន៍ ដែលមានលទ្ធភាពធ្វើតេស្តរកវីរុសនេះផងដែរ។

វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗ ចំនួន២ទម្រង់ ៖

– ទម្រង់ទី១ ជាជំងឺដែលប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។

– ទម្រង់ទី២ ជាជំងឺដែលបង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់ដល់តម្រងនោម។ វីរុសប្រភេទនេះត្រូវ បានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកផងដែរ។

របៀបចម្លង ៖

– តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេស ទឹកនោម លាមក ទឹកមាត់ និងធូលីស្ងួត នៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរ ដែលឆ្លងវីរុសហាន់តា។

– តាមរយៈការខាំ ឬខ្វាច ដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។

– ការឆ្លងពីមនុស្ស ទៅមនុស្ស អាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួន នាពេលកន្លងមក។

រោគសញ្ញា ៖

– អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។

– ករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ។

– បច្ចុប្បន្ននេះ មិនមានឱសថឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសហាន់តា នៅឡើយ មានតែការព្យាបាល ថែទាំ គាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។

របៀបបង្ការ ៖

– រក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត។

– បិទច្រកចូលរបស់សត្វកកេរ ជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។

– រក្សាទុកអាហារ និងទឹក ឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព មិនឱ្យសត្វកកេរ (សត្វកណ្តុរ) ចូលប៉ះពាល់។

– ពេលសម្អាតកន្លែងដែលមានសត្វកកេរ (សត្វកណ្តុរ) ត្រូវពាក់ម៉ាស់ និងស្រោមដៃ ហើយប្រើទឹក សាប៊ូ ឬទឹកលាយសារធាតុក្លរីន សម្រាប់សម្អាត។

– មិនត្រូវបោសធូលីស្ងួត នៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរ (សត្វកណ្តុរ) ព្រោះអាចបង្កឱ្យវីរុសហើរចូលខ្យល់ និងចម្លងមកចូលខ្លួនយើងបាន។

– ធ្វើឱ្យកន្លែងដែលមានលាមកសត្វកណ្តុរ សើមសិន មុនពេលសម្អាត ហើយចៀសវាងការបោសសម្អាតស្ងួត ឬបូមធូលីលាមកសត្វកកេរ។

– លាងសម្អាតដៃ ជាមួយនឹងសាប៊ូ និងទឹកស្អាត ឱ្យបានញឹកញាប់។

– ក្នុងករណីមានអាការសង្ស័យ ដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវត្តិធ្វើដំណើរមកពីតំបន់ដែលរាតត្បាតដោយជំងឺបង្កដោយវីរុសហាន់ ក្នុងរយៈពេលពី ១ទៅ៨សប្តាហ៍ កន្លងមក សូមទៅពិនិត្យនិងពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកជាបន្ទាន់។

– បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថា មានការឆ្លង ដោយមន្ទីរពិសោធន៍ ត្រូវអនុវត្តការប្រុងប្រយ័ត្ន គ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបនិងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខា ភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES