ភ្នំពេញ ៖ សួស វីសា បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលបញ្ហាជាមួយប្តី ព្រោះតែកំហឹង ១ឆាវ ចង់ឈ្នះប្ដី នាំឲ្យទាំងរូបនាងនិងប្ដី រួមទាំងកូនប្រុសស្រី ទាំងពីរ លេចមុខពេញបណ្ដាញសារព័ត៌មាន Online ដែលជាប្រធានបទទាក់ទងរឿងគេថា ត្រៀមលែងលះគ្នា។ ប៉ុន្ដែនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វីសា បានចេញមកបញ្ជាក់ច្បាស់ៗថា នាងនិងប្ដី មិនបានលែងលះគ្នាទេ តែបេះដូងនាងខ្ទេចខ្ទាំអស់ហើយ ពេលដែលត្រូវកូនស្រីសួរថា «តើម៉ាក់ និងប៉ា លែងលះគ្នាមែន?»។

សួស វីសា ថ្លែងសារយ៉ាងវែងអន្លាយ តាមបណ្តាញសង្គមថា «ព្រោះតែកំហឹងមួយពេល មិនគិតវែងឆ្ងាយ ទើបផុសផ្តេសផ្តាស់ ដើម្បីតែឈ្នះ! ពេលអស់កំហឹង ទើបដឹងស្តាយក្រោយ ព្រោះខ្ញុំពិតជាទទួលយកមិនបាន ពេលបើកទូរស័ព្ទមក ឃើញគេយករូបថតពួកខ្ញុំនិងកូនៗ cute cute របស់ខ្ញុំ ទៅសរសេរជាប្រធានបទបែកបាក់ ឈឺចាប់បែបនេះ ទាំងដែលសាច់រឿងវាមិនធំដុំ និងជ្រៅដល់ថ្នាក់នោះសោះឡើយ.. អញ្ចឹងខ្ញុំសុំឲ្យបងៗសារព័ត៌ មាន ទាំងអស់ កុំបន្តផុសរូបថតគ្រួសារខ្ញុំទៀតអី បានហើយ ខ្ញុំសុំ! ក៏សុំអ្នកកាត់តមួយចំនួន ទាំង FB និងTikTok កុំបន្ត Post ទៀតអីណា៎ បានហើយ.. ខ្ញុំទទួលខុសហើយ ខ្ញុំព្រមទទួលខុសថា ខ្ញុំឆេវឆាវមួយពេល ក៏សុំទោសគ្រួសារទាំងអស់ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភ សុំទោសអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ដែលធ្វីឲ្យអត់សប្បាយចិត្ត ជាពិសេស សុំទោសកូនទាំងពីរ របស់ម៉ាក់ ដែលម៉ាក់ធ្វើឲ្យគេយករូបថតដ៏ស្រស់ស្អាតរបស់ពួកយើង ទៅកាត់ត សរសេរពេញបណ្តាញសង្គមបែបន័យឈឺចាប់យ៉ាងនេះ។ ពេលនេះ កូនស្រីខ្ញុំ Jenny គាត់ធំ គាត់ក៏ពូកែអាន ទាំងភាសាខ្មែរទាំង English អញ្ចឹងពេលគាត់បើក FB or TikTok មក គាត់ឃើញគេសរសេរអត្ថបទ ឬដាក់រូបថតប៉ាម៉ាក់ កូនថា Breakup គាត់កាន់ទូរស័ព្ទ រត់មកសួរម៉ាក់ ទាំងក្តីបារម្ភថា mom and dad breakup មែនអត់ម៉ាក់? ខ្ទេចបេះដូងម៉ាក់ហើយ..។ សរុបខ្លីមក ខ្ញំនិងប្តីខ្ញុំ គ្រាន់តែខ្វែងគំនិតគ្នាច្រើន រឿងបន្តិចលើកនេះ ទើបខ្ញុំខឹងយ៉ាងនេះ តែអត់ពាក់ព័ន្ធរឿងផិតក្បត់គ្នាទេ ហើយគ្រាន់តែមួយរយៈនេះ ខ្ញុំហត់ មើលកូនដោយខ្លួនឯងផង និងប្រឹងសម្រកគីឡូ យ៉ាងគំហុកផង ទើបអារម្មណ៍ឆេវឆាវ ចង់ឈ្នះប្តី ចង់ឈ្នះគ្រួ សារ យ៉ាងកំរោលបែបនេះ។ សរុបមក ប្តីប្រពន្ធ ខ្ញុំអត់មានលែងលះគ្នាអីទេ ហើយប្តីខ្ញុំ គាត់ក៏ស្រលាញ់ប្រពន្ធកូនណាស់ដែរ ដល់ថ្នាក់ឈ្លោះគ្នា គាត់លួងខ្ញុំមិនស្តាប់ គាត់រត់ទៅរកព្រះធម៌ និងចង់ទៅបួសទៀត។ អញ្ចឹងខ្លីៗមក អត់មានអីឲ្យបងប្អូនតាមដានទៀតទេ ហើយក៏មិនបានចង់បំពុលសង្គម ឬឆ្លៀតលក់ផលិតផលអីដែរ..សម្រេចថា រឿងនេះចប់ដោយបរិបូរណ៍ សូមអរគុណ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២៦ តារាចម្រៀង សួស វីសា បានចេញសារគួរឲ្យភ្ញាក់ផ្អើលថា «ខែថ្មីនេះខ្ញុំ កំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយហើយ ព្រោះហត់នឿយនឹងជីវិត មានប្ដី ដូចអត់ប្ដីណាស់» ។ ភ្លាមៗនោះដែរ លោក ថមមី ជាប្ដីវីសា បញ្ចេញសារថា «តាមផ្លូវទៅរកផ្លូវព្រះធម៌ ទើបស្ញប់ចិត្ត សូមជួយណែនាំកន្លែងវិបស្សនា មកកាន់ខ្ញុំមួយបងប្អូន»។

តាមប្រភពថា ក្រោយសួស វីសា និងប្ដី បង្ហាញសញ្ញាចំណងស្នេហាបានដើរដល់ទីបញ្ចប់ នឹងត្រៀមលែងលះបែបនេះ ក្រុមគ្រួសារទាំងសងខាង បានព្យាយាមឲ្យពួកគេសម្រុះសម្រួលគ្នា និងរកច្រកមួយ ដើម្បីរារាំងកុំឲ្យប្ដីប្រពន្ធតារា ១គូនេះ ឈានដល់ការផ្ដាច់ស្នេហ៍គ្នាកណ្ដាលទី ហើយអ្វីដែលឪពុកម្ដាយទាំងសងត្រូវធ្វើនោះ គឺឲ្យវីសា លុបចោលសារដែលនាងបង្ហោះថា ត្រៀមខ្លួនក្លាយជាស្រ្ដីមេម៉ាយនោះចោលសិន នៅលើបណ្ដាញសង្គម ហើយតារាកូនពីររូបនេះ យល់ព្រមធ្វើតាម។

នៅថ្ងៃដដែលនោះ សួស វីសា ថ្លែងក្រោយលុបសារនោះចោលវិញថា «ខ្ញុំសម្រេចលុបStatus ចោលទាំងអស់ ពីហ្វេសបុក ទុករឿងទាំងអស់ដោះ offline ចុះ ព្រោះជាការស្នើសុំរបស់ឪពុកម្ដាយ! ណាមួយក៏មិនចង់ឮពាក្យថា បង្កើតរឿងចង់ល្បី ព្រោះខ្ពើមពាក្យនេះណាស់»។ ចំណែកលោក ថមមី នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ បានចែករំលែក (Share) ពីវិធីអប់រំផ្លូវចិត្ត ដែលសម្ដែងដោយព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មតេ្ថរោ ហើយលោកថ្លែងសារថា «បើអប់រំចិត្តបាន គឺយើងអាចដោះស្រាយរាល់បញ្ហា» ។

សូមរំលឹកថា សួស វីសា បានក្លាយជាប្រពន្ធលោក ថមមី ជិត៧ឆ្នាំហើយ ដោយទទួលបានចំណងដៃ កូនពីរនាក់ កូនស្រីទី១ ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny អាយុជាង ៥ឆ្នាំ និងកូនប្រុសទីពីរ ឈ្មោះ ថង សាតារាពិសិដ្ឋ ហៅ Johnny អាយុជាង ១ឆ្នាំ។ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វីសា ត្រូវប្ដីធ្វើឲ្យរំភើបម្ដងរួចទៅហើយ តាមរយៈការខួបកំណើតតាមOnline ឲ្យនាង គម្រប់អាយុ ៣៣ឆ្នាំ ពីប្រទេសម៉ាឡេស៊ី ប៉ុន្ដែរំលងបានតែ ២០ថ្ងៃប៉ុណ្ណោះ វីសា ទម្លាយតម្រុយជិតក្លាយជាមេម៉ាយទៅវិញ ទើបធ្វើឲ្យមហាជនភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ។ ប៉ុន្តែតែគេចាំបានថា តាំងពីវីសា រៀបការជាមួយលោក ថមមី កាលពីចុងឆ្នាំ២០១៩ មក នាងតែងតែងនិយាយថា ខ្លួនជានារីមានសំណាងបំផុតលើលោក ព្រោះប្ដីថ្នាក់ថ្នមនាងដូចព្រះនាង ខណៈលោក ថមមី ប្រកា សថា ស្រលាញ់ប្រពន្ធកូន អស់១ជីវិត ប៉ុន្ដែដឹងអី នៅខែឧសភា នេះ បែរជាពួកគេស្ទើរតែបញ្ចប់ជីវិតជាប្ដីប្រពន្ធទៅហើយ ៕



