Saturday, June 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងវប្បធ័មកម្ពុជា​ ថ្កោលទោស យោធាថៃ ដុតបំផ្លាញជណ្ដើរឈើប្រាសាទខ្នារ

ក្រសួងវប្បធ័មកម្ពុជា​ ថ្កោលទោស យោធាថៃ ដុតបំផ្លាញជណ្ដើរឈើប្រាសាទខ្នារ

ខេត្តព្រះវិហារ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោ លទោសយ៉ាងខ្លាំងក្លាបំផុតចំពោះកងកម្លាំងយោធាថៃ ដែលបានដុតបំផ្លាញជណ្តើរឈើ ឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជា នៅឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ចុះថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានខ្លឹមសារសង្ខេបទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើ ឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញា ធរកម្ពុជា នៅឆ្នាំ២០១៧។ ជណ្តើរនេះ មានចំនួន ១១៨១កាំ និងមានប្រវែង ៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។

ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជា បានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថាន ភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភ័ស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ដោយកម្ពុជា ជាយូរលង់មកហើយ។ សកម្មភាពបែបនេះផ្ទុយនឹងគោលការណ៍មូលដ្ឋានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងមិនស្របតាមកាតព្វកិច្ចរបស់រដ្ឋភាគី ក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជនជំនាន់ក្រោយនោះទេ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃ ក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកប្រាសាទតាក្របី ឱ្យសាធារណជនចូលទស្សនា ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលគ្រោងអនុវត្តនៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនា ដោយអាជ្ញាធរថៃ នៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់ លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះ មិនអាចទទួលយកបានឡើយ ហើយជាគោលបំណងបង្កើតការយល់ច្រឡំថា មានការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃ លើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធយ៉ាងដាច់ខាត ចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យមានភាពស្រប ច្បាប់ ឬធ្វើឱ្យក្លាយជារឿងប្រក្រតី លើការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់នេះ តាមរយៈសកម្មភាពទេស ចរណ៍ វប្បធម៌ សាសនា ឬរដ្ឋបាល។ សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែអធិប តេយ្យស្របច្បាប់របស់កម្ពុជា លើប្រាសាទតាក្របី បានឡើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងអស់ខាងលើ រួមទាំងប្រតិបត្តិការទេសចរណ៍ ការលក់សំបុត្រចូលទស្សនា និងរាល់សកម្មភាពដែលបង្កការខូចខាត កែប្រែ ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ក្រសួង ក៏ជំរុញឱ្យភាគីថៃ គោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងចៀសវាងវិធាន ការណាមួយដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី។

ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យរបស់ខ្លួន អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូត ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងមរតកវប្បធម៌របស់ជាតិ»៕ ខៀវទុំ

RELATED ARTICLES