Saturday, June 6, 2026
Homeសង្គម និងជីវិតថៅកែមហាហង្ស ផ្ទុះរឿង តួសម្តែង តាមទារលុយជុំទិស

ថៅកែមហាហង្ស ផ្ទុះរឿង តួសម្តែង តាមទារលុយជុំទិស

ភ្នំពេញ ៖ បន្ទាប់ពីស្ងាត់រឿងជំពាក់លុយ មួយរយៈពេលធំ ស្រាប់តែថ្មីៗនេះ លោក អ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស ត្រូវបានតួសម្ដែង និងអ្នកសិល្បៈជាច្រើននាក់ ដែលធ្លាប់ធ្វើការឲ្យផលិតកម្មរបស់លោក តាម ទារលុយជុំទិស ។ ក្នុងនោះ ក្នុងចំណោមអ្នកសិល្បៈ ជាច្រើន រួមទាំងពិធីករ លោក សុខ រ៉ាស៊ី ម្នាក់ដែរ ដែលបានដាក់ពាក្យបណ្ដឹងទៅតុលាការ តែលោកថា មកដល់ពេលនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នោះ ក៏មានបុគ្គលិកលក់កាហ្វេ ដែលជាអតីតតួសម្តែងមួយរូបដែរ បានអះអាងថា លោកអ៊ិន សុភិន បានជំពាក់លុយលោក ២០០ដុល្លារ តែមិនព្រមសង ថែមទាំងចោទលោកថា បានលួចអីវ៉ាន់គាត់ តម្លៃរាប់លានដុល្លារថែមទៀត ។

 លោក អ៊ិន សុភិន ត្រូវបានមហាជនស្គាល់ថា ជាម្ចាស់ផលិតកម្មមហាហង្ស និងជាអតីតអ្នកគ្រប់គ្រងថ្នាក់ជាតិ កម្មវិធីបវរកញ្ញាជាច្រើន ហើយលោកក៏ធ្លាប់ផ្ទុះរឿងអាស្រូវ ជំពាក់លុយសិល្បករ និងអ្នករៀបចំកម្មវិធីមួយចំនួន មិនសងផងដែរ ។ រឿងអាស្រូវរបស់លោក ដែលផ្ទុះឡើងតាំងពីឆ្នាំ២០២១ មកទល់ពេលនេះ នៅតែមិនទាន់ចប់ ព្រោះថ្មីៗនេះ មានសិល្បករមួយចំនួន មានទាំងអ្នកលក់កាហ្វេ ម្នាក់ផង បានប្រើប្រាស់បណ្ដាញសង្គម បង្ហោះ សារទារលុយលោក សាជាថ្មី ដែលធ្វើឱ្យផ្ទុះកក្រើកឡើងវិញពេញពិភពសិល្បៈ ។

លោក ឃីម វីរៈ ជាអ្នកលក់កាហ្វេម្នាក់ ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះ “វីរៈ ការហ្វេរ” បានបង្ហោះរូបលោក អ៊ិន សុភិន ភ្ជាប់ជាមួយសំណេរទារលុយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា «ម៉េចហើយពូ នៅរស់អត់? ឆាត ចូលស៊ីនហើយ អត់តប ? កុំភ្លេចបាញ់លុយឱ្យខ្ញុំផង ពូអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស» ។

 ក្រោយការបង្ហោះសារទារលុយខាងលើនេះ បើតាមលោក ឃីម វីរៈ បានឲ្យដឹងថា លោកអ៊ិន សុភិន បានឆ្លើយតបមកលោក ដោយសន្យាថា នឹងបាញ់លុយសងលោក នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។

  លោក ឃីម វីរៈ បានសរសេរបន្ថែម នៅលើហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ថា “Ok! ពូ អ៊ិន សុភិន ស្អែក 10hព្រឹក ពូបាញ់សងខ្ញុំ ខ្ញុំនឹងលុបរូបពូ តាមដែលពូបាននិយាយសន្យាជាមួយខ្ញុំ»។

 ទោះយ៉ាងណា មកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក ឃីម វីរៈ អះអាងថា លោកអ៊ិន សុភិន មិនត្រឹមតែមិនបានបាញ់លុយសងលោកទេ ថែមទាំងផុសហ្វេសប៊ុក លាបពណ៌រូបលោក ចោទលោកថា បានលួចអីវ៉ាន់គាត់ ដែលមានតម្លៃរាប់លានដុល្លារទៀតផង ដែលធ្វើឲ្យលោកអត់ទ្រាំមិនបាន  ទើបបបួលថៅកែផលិតកម្មមហាហង្ស រូបនេះស្បថ ។

លោក ឃីម វីរៈ បានសរសេរបន្ថែមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ថា “កុំផុសលាបពណ៌ខ្ញុំពូ! បើគ្រាន់បើ ត្រឹមត្រូវ កុំចាក់សោ Fb បើកវិញភ្លាម ហើយហ៊ានទៅស្បថនៅព្រះអង្អដងកើ ជាមួយខ្ញុំអត់? យុគ៩ ធ្វើអីបានហ្នឹង ប្រយ័ត្នរន្ទះបាញ់ពូ! ខ្ញុំមិននឹកស្មានថា ពូចរិតថោកដល់ថ្នាក់ហ្នឹងសោះ!“ ។

  លោក ឃីម វីរៈ បានសរសេរបន្ថែម ដាស់តឿនក្រើនរំលឹកលោកអ៊ិន សុភិន ថា “កុំឡុកសោ fb ហើយផុសលាបពណ៌ខ្ញុំ ពូ! ខ្ញុំស្អាតស្អំ ត្រឹមត្រូវ ហ៊ានថា ហ៊ានធ្វើ ពូឯងថា ខ្ញុំយករបស់ពូឯង : ទី១ សូមពូបង្ហាញភ័ស្តុតាងមក ថាខ្ញុំយកពេលណា ខែណា ថ្ងៃណា ម៉ោងណា ហើយយកស្អីខ្លះ? ទី២ ពូឯងហ៊ានទៅស្បថនៅមុខព្រះអង្គដងកើ ឲ្យរន្ទះបាញ់ងាប់ ជាមួយខ្ញុំអត់? (ពូអ៊ិន សុភិន មហាហង្ស) ឆ្លើយ? ទី៣ បើពូឯងមិនហ៊ានទៅស្បថ ពូឯងនឹងត្រូវរន្ទះបាញ់ងាប់! យុគ៩ ពូធ្វើស្អីបានហ្នឹង!“ ។

  បន្ថែមលើការបង្ហោះសារតាមបណ្ដាញសង្គម ខាងលើនេះ លោក ឃីម វីរៈ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រៅពីបបួលស្បថ លោកក៏មិនខ្លាចក្នុងការប្រឈមផ្លូវច្បាប់ ជាមួយថៅកែមហាហង្ស ដែរ ព្រោះលោកពិតជាមិនបានលួចអីវ៉ាន់របស់គាត់ទេ តែអ្វីដែលជាការពិតនោះ លោកអ៊ិន សុភិន ពិតជាបានជំពាក់លុយលោក ២០០ដុល្លារ ដែលជាលុយប្រាក់ខែ លក់កាហ្វេ ឲ្យគាត់ មិនទាន់ទូទាត់បើកឲ្យលោក ។

លោក ឃីម វីរៈ បាននិយាយថា “ចំនួនលុយដែលគាត់ជំពាក់ខ្ញុំហ្នឹង គឺធ្វើការងារបានដាក់កាហ្វេជាមួយគាត់ហ្នឹង កន្លះខែ គឺគាត់និយាយការងារមួយខ្ញុំ ១ខែ បួនរយដុល្លារ បន្ទាប់មក ខ្ញុំធ្វើការជាមួយគាត់ បានកន្លះខែ ដោយសារគាត់ប្រាប់ខ្ញុំថា គាត់ក្ស័យធន គាត់អត់មានលុយបើកកាហ្វេហ្នឹងទេ អ៊ីចឹងគាត់ឲ្យខ្ញុំផ្អាកសិន ។ អ៊ីចឹងបន្ទាប់ពីខ្ញុំធ្វើការ កន្លះខែ គាត់ឲ្យខ្ញុំផ្អាកហ្នឹង គឺខ្ញុំសុំឲ្យគាត់បើកលុយ ចំនួនពីររយដុល្លារ ដែលខ្ញុំធ្វើការជាមួយគាត់ បានកន្លះខែហ្នឹង ។ ខ្ញុំចូលធ្វើការជាមួយគាត់ ចាប់ពីថ្ងៃទី៤ ខែ៥ ថ្មីៗនេះទេ ។ និយាយទៅ គម្រោងហ្នឹង គាត់ចង់បើកហាងកាហ្វេ ប៉ុន្តែគាត់ឲ្យខ្ញុំមករៀបចំ របៀបថា បើកហាងកាហ្វេ យើងត្រូវចំណាយដើមទុនអីខ្លះ? យើងត្រូវប្រើម៉ាស៊ីនអីគេ? ប្រើសម្ភារៈអីគេ? ប្រើគ្រាប់កាហ្វេ ទាំងរូបមន្ត ទាំងភេសជ្ជៈ ទាំងរបៀបធ្វើ គាត់ឲ្យខ្ញុំចងក្រងជាសៀវភៅ មួយមុខៗ ដើម្បីឲ្យយើងយកទៅបោះពុម្ព ដើម្បីយើងត្រៀមពេលដែលយើងបើក ។ តាមគម្រោងទី១ ដោយសារតែគាត់ជ្រើសរើសយកខ្ញុំ មកធ្វើនៅហាងកាហ្វេ ជាមួយគាត់ ដោយសារខ្ញុំបើកកាហ្វេ ខ្លួនឯង រយៈពេល ៥ឆ្នាំហើយ ដោយសារចង់មានបញ្ហាជាមួយកន្លែងដែលខ្ញុំបើកហ្នឹង ក៏ខ្ញុំផ្អាកសិន ពេលផ្អាកសិន ក៏គាត់ទាក់ទងមកខ្ញុំទៅ គាត់ថា ឥឡូវគាត់មានគម្រោងចង់បើកហាងកាហ្វេ អ៊ីចឹងគាត់ថា ខ្ញុំហ្នឹងមានបទពិសោធន៍ហាងកាហ្វេ តើអាចមកធ្វើការជាមួយគាត់អត់? គាត់ឲ្យប្រាក់ខែខ្ញុំ បួនរយដុល្លារ ក្នុងមួយខែ“ ។

  លោក ឃីម វីរៈ បន្តថា “ប៉ុន្តែជាក់ស្ដែង ខ្ញុំធ្វើការទាន់បានគ្រប់ខែទេ គាត់ផ្អាក គាត់ក្ស័យធន អត់មានលុយ ដើម្បីបើកហាងកាហ្វេ ព្រោះវាត្រូវចំណាយលុយ អស់ច្រើនដែរ ដែលខ្ញុំប្រាប់គាត់ហ្នឹង ហើយនៅយប់ចុង ក្រោយ ដែលខ្ញុំធ្វើការជាមួយគាត់ហ្នឹង គឺពេលដែលបញ្ឈប់ហ្នឹង ចេញធ្វើការ ម៉ោង៥ ខ្ញុំជិះមកដល់ផ្ទះហ្នឹង គឺម៉ោងមួយយប់ គាត់ចាប់ផ្ដើមឆាតប្រាប់ខ្ញុំថា ឥឡូវការងារខ្ញុំ ផ្អាកសិនទៅ កាហ្វេហ្នឹង ដោយសារគាត់ក្ស័យធន ។ អ៊ីចឹងទៅ គាត់ថា ថ្ងៃម្ភៃបីហ្នឹង គាត់បើកលុយឲ្យខ្ញុំហើយ ពីររយហ្នឹង ។ ពេលដល់ថ្ងៃម្ភៃបី ដែលគាត់ត្រូវបើកលុយឲ្យខ្ញុំហ្នឹង សោ Office ដែលខ្ញុំយកមកតាមខ្លួនហ្នឹង យកសោហ្នឹង ទៅឲ្យគាត់ផង ព្រោះធម្មតា តែចូលកន្លែងធ្វើការ បុគ្គលិកត្រូវមានសោហើយ ហើយថ្ងៃដែលគាត់ប្រាប់ខ្ញុំឈប់ហ្នឹង គាត់ប្រាប់ពេលយប់ បើសិនជាគាត់ប្រាប់ខ្ញុំនៅកន្លែងធ្វើការ ក៏ខ្ញុំដកសោហ្នឹងឲ្យគាត់ដែរ ប៉ុន្ដែទាល់តែខ្ញុំត្រឡប់មកដល់ផ្ទះ ពេលយប់ ម៉ោង១ហើយ បានគាត់ឆាតប្រាប់ខ្ញុំ ហើយសម្រាប់អាកន្លែងហ្នឹង អាចចូលមកហ្វេសប៊ុកខ្ញុំ ផុសបាន ខ្ញុំមានស្រ្គីនសតតេឡេក្រាមខ្ញុំផុស ប៉ុន្តែបើជាក់ស្តែង ឥឡូវតេឡេក្រាមខ្ញុំ គឺគាត់ប្លុកចោលអស់ហើយ គាត់ delete ចោលអស់ហើយ ហើយបន្ទាប់ពីគាត់និយាយរឿងឲ្យផ្អាកសិនហើយ ខ្ញុំក៏យល់ព្រមតាមគាត់ ។ ពេលដល់ថ្ងៃជាក់ស្តែង ដល់ថ្ងៃដែលគាត់បាញ់ឲ្យខ្ញុំ ថ្ងៃម្ភៃបី ពីព្រឹកដល់យប់ ខ្ញុំអត់ឃើញគាត់បាញ់លុយ ខ្ញុំក៏ឆាតសួរគាត់ ។ គាត់ថា សូមលើកទៅថ្ងៃម្ភៃប្រាំ ។ ដល់ថ្ងៃម្ភៃប្រាំ  អត់ឃើញគាត់បើកលុយឲ្យខ្ញុំ ខ្ញុំក៏ឆាតទៅគាត់ទៀត គាត់សុំលើកទៅថ្ងៃម្ភៃប្រាំពីរ ។ ដល់ថ្ងៃម្ភៃប្រាំពីរ ដល់ថ្ងៃហ្នឹងទៀត ខ្ញុំអត់ឃើញគាត់បាញ់លុយមកឲ្យខ្ញុំ ខ្ញុំឆាតទៅទៀត គាត់សុំថា ចុងខែតែម្ដង ដាច់ខែ បានគាត់បើកលុយពីមេគាត់ដែរ ។ ខ្ញុំអត់ដឹងថា គាត់មានមេធ្វើការអីទេ គាត់និយាយមកខ្ញុំជាក់ស្ដែងអ៊ីចឹង ។ ពេលដល់ថ្ងៃចុងខែ ខ្ញុំចាំដល់ថ្ងៃ១ អត់ឃើញគាត់ឆាតមកទៀត ខ្ញុំឆាតទៅគាត់ គាត់ចូលមើលហើយ គាត់អត់ឆ្លើយតបទេ ។ ដល់ថ្ងៃ២ ខ្ញុំឆាតទៅទៀត គាត់ចូលមើលហើយ គាត់អត់ឆ្លើយតបទៀត ។ ដល់អ៊ីចឹងទៅ ជម្រើសដែលខ្ញុំទាក់ទងដើម្បីឲ្យគាត់មានដំណោះស្រាយខ្ញុំ ទី១ បើខ្ញុំទាក់ទងតាមតេឡេក្រាម គាត់ចូលមើលហើយ គាត់អត់ឆ្លើយតប អ៊ីចឹងជម្រើសខ្ញុំមានតែផុសនៅក្នុងហ្វេសប៊ុក ដើម្បីឲ្យបងប្អូនស៊ែរ ឲ្យគាត់បានឃើញ ។ បន្ទាប់ពីគាត់ឃើញការផុសរបស់ខ្ញុំហើយ គាត់ក៏ឆាតមកខ្ញុំ គាត់ណាត់ខ្ញុំ ថ្ងៃនេះ (៥ មិថុនា) ម៉ោង១០ ។ បានទៅដល់ Office គាត់ ដើម្បីគាត់បាញ់លុយឲ្យខ្ញុំ ដើម្បីខ្ញុំប្រគល់សោ ឲ្យគាត់។ ជាក់ស្តែង ពេលខ្ញុំទៅដល់ម៉ោងការណាត់ គាត់អត់ចេញមកនិយាយជាមួយខ្ញុំទេ ឲ្យខ្ញុំដើរទៅចូលនិយាយក្នុង Office ហើយក្នុង Office ហ្នឹង គឺមានបន្ទប់គេងរបស់គាត់ នៅហ្នឹងដែរ“ ។

លោក ឃីម វីរៈ បន្តទៀតថា “ដូច្នេះទីមួយ ដែលខ្ញុំអត់ហ៊ានចូលទៅក្នុង Office ហ្នឹង គឺខ្ញុំទៅតែម្នាក់ឯង ហើយមូលហេតុដែលខ្ញុំអត់ចូលទៅ យប់មិញនេះ គាត់ផុសលាបពណ៌ខ្ញុំ ថាខ្ញុំហ្នឹង លួចអីវ៉ាន់នៅកន្លែង Office គាត់ អស់តម្លៃរាប់លានដុល្លារឯណោះ ហើយខ្ញុំឆ្ងល់ប៉ុណ្ណេះមួយទៀត ពេលដែលគាត់ដឹងថា ខ្ញុំលួចអីវ៉ាន់គាត់ អស់រាប់លានដុល្លារ តាំងពីថ្ងៃដែលខ្ញុំឈប់ធ្វើការហ្នឹង ហេតុអីក៏គាត់មិនរកភ័ស្តុតាងមកចាប់ខ្ញុំ? ទាំងដែលខ្ញុំឈប់ធ្វើការ ដល់កន្លះខែហើយហ្នឹង? ដល់ម្សិលមិញ ពេលដែលខ្ញុំផុសរូបគាត់ ទារលុយនេះ បានគាត់យករូបខ្ញុំ ទៅផុសលាបពណ៌ថា ខ្ញុំលួចអីវ៉ាន់គាត់ អស់រាប់លានដុល្លារ ហើយបើសិនជាខ្ញុំលួចអីវ៉ាន់គាត់អស់រាប់លានដុល្លារ ខ្ញុំសុំឲ្យគាត់បញ្ចេញភ័ស្តុតាងមក ខ្ញុំលួចថ្ងៃណា? ខែណា? ពេលណា? ម៉ោងប៉ុន្មាន? លួចស្អីខ្លះ? ខ្ញុំចង់បានតែប៉ុណ្ណឹងទេ ហើយចុះហេតុអីក៏ទុកដល់កន្លះខែហើយ បានមកផុសចោទលាបពណ៌ខ្ញុំថា ខ្ញុំលួចអីវ៉ាន់ក្នុង Office  គាត់ លានដុល្លារ? បន្ទាប់មក ពេលដែលគាត់ផុសលាបពណ៌ថា ខ្ញុំលួចអីវ៉ាន់នៅក្នុង Office គាត់ រាប់លានដុល្លារ គឺខ្ញុំទៅថ្ងៃហ្នឹង សុំឲ្យគាត់ចេញមកនិយាយតទល់ជាមួយខ្ញុំ នៅហាងកាហ្វេ ជាប់អគារសំណង់ដែលគាត់ទុកចោល ដែលគាត់រស់នៅរាល់ថ្ងៃហ្នឹង គឺនៅហាងកាហ្វេ ក៏បាន នៅហាងបាយ ក៏បាន ព្រោះទី១ ខ្ញុំអត់ហ៊ានចូលទៅ ខ្ញុំខ្លាចគាត់ចោទថា ខ្ញុំចូលទៅលួចធ្វើឃាតគាត់ ឬក៏ទៅលួចអីវ៉ាន់គាត់ ព្រោះគាត់ធ្លាប់លាបពណ៌ខ្ញុំ យប់មិញម្ដងហើយ ។ អ៊ីចឹងមូលហេតុដែលខ្ញុំអត់ចូលទៅក្នុង Office គាត់ ដោយសារខ្ញុំចង់និយាយការងារក្រៅ ក៏ដើម្បីដោះស្រាយ គឺខ្ញុំចង់មានដំណោះស្រាយខាងក្រៅ អត់នៅក្នុង Office គាត់ទេ តែគាត់អត់ព្រម គាត់ចេះតែទាមទារឲ្យចូលទៅក្នុង Office គាត់ ។ កន្លែងហ្នឹង ខ្ញុំអត់ហ៊ានចូលទេ ទី១ ខ្លាចគាត់រៀបគម្រោងធ្វើស៊ីខ្ញុំ ចោទខ្ញុំថាលួចអ៊ីចេះអ៊ីចុះ ឬចោទថាខ្ញុំលួចធ្វើឃាតគាត់ ព្រោះមនុស្សគាត់ លាបពណ៌គេសាហាវ ព្រោះបើចូលមើលហ្វេសប៊ុក ដែលខ្ញុំផុសពីគាត់យប់មិញ មើលខម្មិនទៅដឹងហើយ គាត់ជំពាក់លុយគេចង់កន្លះប្រទេស មួយស្រុកខ្មែរ“ ។

 លោក ឃីម វីរៈ បន្ថែមថា “ខ្ញុំមិនមែនជាអ្នកសិល្បៈទេ ខ្ញុំគ្រាន់តែជាអ្នកធម្មតា ដែលគាត់ទាក់ទងការងារមកខ្ញុំទេ ហើយខ្ញុំអត់មានទាក់ទងការងារទៅគាត់ទេ ព្រោះគាត់ស្គាល់ខ្ញុំតាមរយៈបណ្ដាញសង្គម ទិកតុក ដោយសារខ្ញុំលក់កាហ្វេខ្លួនឯង ធម្មតាតែលក់កាហ្វេខ្លួនឯង រកស៊ីខ្លួនឯង ត្រូវមានការធ្វើទីផ្សារតាមប្រព័ន្ធបណ្តាញសង្គម ហើយគាត់ឃើញខ្ញុំ ក៏បានចាប់អារម្មណ៍តាមហ្នឹងដែរ ។ បន្ទាប់មក គាត់ឃើញការផុសរបស់ខ្ញុំ ពីការខ្ញុំរើ ខ្ញុំបិទហាងកាហ្វេបណ្ដោះអាសន្នអ៊ីចឹង គាត់ក៏ទាក់ទងការងារកាហ្វេហ្នឹង ជាមួយខ្ញុំ ។ ចំពោះរឿងគាត់ចោទ ខ្ញុំអត់ ខ្លាចទេ ខ្ញុំតស៊ូជាមួយគាត់ ឲ្យតែគាត់យកភ័ស្តុតាងដែលបញ្ជាក់ថា ខ្ញុំលួចអីវ៉ាន់គាត់ហ្នឹង ហើយអ្វីដែលខ្ញុំបបួលគាត់ស្បថនៅព្រះអង្គដងកើ ទី១ ខ្ញុំទាមទារភ័ស្តតាង គាត់អត់បង្ហាញភ័ស្តុតាង ទី២ គាត់បែរជាផុសអីឯណាឯ ណាថា គាត់សុំបញ្ចប់រឿងត្រឹមហ្នឹងចុះ ហើយខ្ញុំថា បើអត់មានភ័ស្តុតាងក៏ហីចុះ គាត់ហ៊ានស្បថមុខព្រះអង្គដងកើ ជាមួយគាត់អត់? កន្លែងហ្នឹង គាត់អត់ឆ្លើយតបជាមួយខ្ញុំទេ ។ និយាយទៅ គាត់ឆ្លើយតបទៅផ្លូវផ្សេង ដែលចំនឹងប្រធានបទដែលខ្ញុំចោទសួរគាត់ ព្រោះខ្ញុំចង់បានដាក់ភ័ស្តុតាងដែលគាត់ចោទខ្ញុំថា លួចអីវ៉ាន់គាត់អស់រាប់លានដុល្លារ ។ ចំពោះរឿងបំណុលនេះ បើសម្រាប់ខ្ញុំ ខ្ញុំក៏សំណូមពរឲ្យបងប្អូនប្រជាជនខ្មែរ ដើម្បីគាត់ឲ្យជួយរកយុត្តិធម៌ឲ្យពួកខ្ញុំ ព្រោះពួកខ្ញុំជាជនរងគ្រោះ ហើយអ្វីមិនមែនតែខ្ញុំម្នាក់ទេ ហើយក៏មិនមែនតែបងរ៉ាស៊ី ម្នាក់ដែរ គឺច្រើននាក់“ ។

ក្រៅពីផ្ទុះកក្រើករឿងនេះជាថ្មីម្តងទៀត តាមរយៈការបង្ហោះសាររបស់លោកឃីម វីរៈ ខាងលើនេះ សម្រាប់ពិធីករ លោក សុខ រ៉ាស៊ី ដែលធ្លាប់មានរឿងក្តៅគគុកជាមួយលោក អ៊ិន សុភិន កាលពី ៦ឆ្នាំមុន ក៏បានស៊ែរនិងបង្ហោះសារបង្ហាញពីអារម្មណ៍របស់ខ្លួនថា «លុយខ្ញុំ ៦ឆ្នាំហើយ នៅតុលាការ កាត់ក្តីមិនចេញ តែមួយរៀល មិនបានផង ច្បាប់ មិនអាចចាប់បុគ្គលនេះបាន ជនរងគ្រោះ មានកាន់តែច្រើនឡើង! យើងមិនបានយុត្តិធម៌ពីតុលាការ!» ។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២១ លោក សុខ រ៉ាស៊ី ធ្លាប់បានចេញមុខប្រកាសថា លោកលែងចង់បានលុយដែលលោកអ៊ិន សុភិន ជំពាក់នោះទៀតហើយ គឺចង់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់វិញ គឺលោកសុខចិត្តឲ្យសមត្ថកិច្ច ប្រើច្បាប់ ដើម្បីចាប់ខ្លួនលោកអ៊ិន សុភិន ទៅផ្ដន្ទាទោស ។ នៅពេលនោះដែរ លោកក៏បានប្រកាសគោលជំហរបស់ខ្លួនបន្ថែមទៀតថា លោកបាននិងកំពុងតែពិភាក្សាជាមួយនឹងមេធាវី ដើម្បីដាក់ ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ប្ដឹងលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia ២០២០» ពីបទរំលោភលើសេចក្ដីទុកចិត្ត បន្ទាប់ពីលោក អ៊ិន សុភិន បានគេចវេះជាច្រើនលើក មិនដោះស្រាយបញ្ហាលុយជំពាក់ ពេលជួលឆាកតន្ត្រី និងសម្ភារៈផ្សេងៗទៀត អំឡុងពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» ដែលមានទំហំទឹកប្រាក់ ជិត២ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ និងបន្ទាប់ពីបានទុកពេលវេលាឲ្យ ជិតមួយឆ្នាំ ដើម្បីមានលទ្ធភាពដោះស្រាយសំណង ។ ក្រោយមក ឮថាលោកសុខ រ៉ាស៊ី បានដាក់បណ្ដឹងក្នុងបទចោទនេះ ជាផ្លូវការហើយ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌ ។

 ពាក់ព័ន្ធនឹងការចោទប្រកាន់ របស់លោក ឃីម វីរៈ និងពិធីករ សុខ រ៉ាស៊ី ខាងលើនេះ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ “នគរធំ” បានព្យាយាមទាក់ទងសុំការបកស្រាយបំភ្លឺ ពីលោកអ៊ិន សុភិន ដែរ តែមិនបានសម្រេចទេ ដោយមិនមានការឆ្លើយតប ។ យ៉ាងណា តាមរយៈបណ្ដាញសង្គម លោកអ៊ិន សុភិន បានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង ថែមទាំងព្រមាននឹងលេងផ្លូវច្បាប់ ប្រឆាំងនឹងលោក ឃីម វីរៈ ដែលលោកបានចោទបុគ្គលនេះវិញថា ជាចោរលួចទ្រព្យក្រុមហ៊ុន និងចាត់ទុកលោកសុខ រ៉ាស៊ី បាននិងកំពុងចូលរួមកាន់ជើងចោរ ខណៈដែលកន្លង មក លោកធ្លាប់បាននិយាយនិងទទួលស្គាល់ថា លោកពិតជាមានការជំពាក់ប្រាក់លើការងារមួយចំនួនមែន ដោយសារការងាររកស៊ី បង់ខាតប្រាក់ច្រើន ទើបធ្វើឱ្យលោកមានបញ្ហារឿងលុយកាក់បែបនេះ ។

 លោក អ៊ិន សុភិន បានបង្ហោះរូបលោក ឃីម វីរៈ (ឈ្មោះក្នុងអត្តសញ្ញាប័ណ្ណ ឃឹម វិជ្ជណា) នៅក្នុងទំព័របណ្ដា ញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរថា “មានអ្នកកាន់ជើងចោរលួចរបស់គេទៀត រឿងច្បាប់ ប្ដឹងមិនឈ្នះគេ មកបន្តកាន់ជើងចោរទៀត អា MC Racy ថោក ពូកែណាស់ អា ដើរនិយាយគេ។ ចំណែកម្នាក់នេះ គាត់មិនហានចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនទេ បើខ្លួនល្អ ខ្លាចអីនឹងចូលមកលុយមានបើកឲ្យ គ្រាន់តែយកសោ និងមកចុះហត្ថលេខានៅក្នុងក្រុមហ៊ុន ចប់ហើយ បើមានបានលួចអីគេ ឲ្យទៅគេវិញ ចប់បាត់ តែនេះនៅបន្ត មិនដឹងចង់បានអី ឈ្មោះពិតនៅក្នុងអត្តសញ្ញាណបណ័្ណ Account Facebook ឈ្មោះ វីរៈការហ្វេរ សូមបញ្ចប់រឿងនេះចុះ បើនៅតែបន្ត នឹងរកផ្លូវច្បាប់»។

  ទោះបីយ៉ាងណា ជាការប្រតិកម្មឆ្លើយតបវិញភ្លាមៗ ក្រោយឃើញសំណេររបស់លោកអ៊ិន សុភិន ខាងលើនេះ លោកសុខ រ៉ាស៊ី បានបញ្ជាក់នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា “ការពិត គេមានលុយ រាប់លាន ប្រាប់តុលាការថា ៖ អត់លុយ! ខ្ញុំខំអាណិតគាត់ សូមតុលាការ សាលាដំបូងរាជធានីភ្នំ ពេញ ជួយរកយុត្តិធម៌ឲ្យយើងផង កុំឲ្យមានជនរងគ្រោះ កាន់តែច្រើន សូមមេត្តាអាណិត បង កើត រិទ្ធ ផង គាត់ខិតខំណាស់ ដើម្បីវិស័យយុត្តិធម៌ ជួយចេញលិខិតពន្លឿនរឿងក្តីហើយ តុលាការមិនកាត់ទៀត!“ ៕ កុលបុត្រ

RELATED ARTICLES