
ភ្នំពេញៈ អ្នកតាមដានផ្នែកច្បាប់ សង្គម និងនយោបាយ បានលើកឡើងថា ការដែលកម្ពុជា សម្រេចដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ គឺជាការជ្រើសរើសយុទ្ធសាស្រ្ត ផ្អែកលើច្បាប់ អ្នកជំនាញការកំពូល និងការទូត ប្រកបដោយគុណភាព ជាមួយភ័ស្តុតាងប្រវត្តិសាស្រ្ត និងការប្រមូលផ្ដុំធនធានបញ្ញាកម្រិតខ្ពស់បំផុតរបស់ពិភពលោក និងជាប្រៀបឈ្នះដោយកិត្តិយស ព្រោះកម្ពុជា បានប្រើសន្លឹកអាត់៣ គឺប្រមុខការទូតកម្ពុជា ដ៏មានបទពិសោធន៍ ប្រាក់ សុខុន (អាត់កឺ) អ្នកជំនាញច្បាប់អន្តរជាតិដែលធ្លាប់ទទួលបានជោគជ័យ ភីធឺរ តាកសូ ជែនសិន (អាត់ការ៉ូ) និងហ្សង់ ម៉ាក ធូវេនីន (អាត់ជួង) ។
លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាអ្នកតាមដានសង្គម-នយោបាយ បានបញ្ជាក់ថា យោងតាមការបញ្ជាក់របស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា បានសម្រេចជ្រើសរើសយន្តការក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីជំរុញការដោះស្រាយវិវាទសមុទ្រជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ការសម្រេចនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់មធ្យោបាយផ្លូវច្បាប់ និងការទូត ដោយផ្អែកលើគោលការណ៍នីតិរដ្ឋអន្តរជាតិ ជាជាងការប្រើប្រាស់សម្ពាធ ឬការប្រឈមមុខដាក់គ្នា។ កម្ពុជា ជឿជាក់ថា ការដោះស្រាយវិវាទតាមយន្តការអន្តរជាតិដែលមានតម្លាភាព ឯករាជ្យ និងទទួលស្គាល់ជាសកល នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ក្នុងរយៈពេលវែង ។ កម្ពុជា ជ្រើសរើសយុទ្ធសាស្ត្រផ្អែកលើច្បាប់ អ្នកជំនាញកំពូល និងការទូតប្រកបដោយគុណភាព ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការក្រោម UNCLOS ដើម្បីដោះស្រាយវិវាទសមុទ្រ បានបង្ហាញពីវិធីសាស្ត្រមួយដែលផ្អែកលើច្បាប់អន្តរជាតិ ភស្តុតាងប្រវត្តិសាស្ត្រ និងការប្រមូលផ្តុំធនធានបញ្ញាកម្រិតខ្ពស់បំផុតរបស់ពិភពលោក។ លោកបានកត់សម្គាល់ឃើញថា នៅក្នុងដំណើរការនេះ កម្ពុជា បានប្រមូលផ្តុំ “សន្លឹកអាត់” សំខាន់ៗចំនួន ៣រូប គឺលោក ប្រាក់ សុខុន មេទ័ពការទូតកម្ពុជា ជាមួយការជ្រើសរើសលោក ភីធឺរ តាកសូ ជែនសិន (Peter Taksøe-Jensen) និងលោក និងហ្សង់ ម៉ាក ធូវេនីន (Jean-Marc Thouvenin) ដែលសុទ្ធតែជាបុគ្គលមានបទពិសោធន៍ និងការទទួលស្គាល់ខ្ពស់ លើឆាកអន្តរជាតិ ។

លោកថេង សាវឿន មើលឃើញថា ឯកសារច្បាប់ និងសន្ធិសញ្ញាប្រវត្តិសាស្ត្រ ចំណុចខ្លាំងរបស់កម្ពុជា មិនមែនផ្អែកលើកម្លាំងយោធា ឬទំហំសេដ្ឋកិច្ចទេ ប៉ុន្តែផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារប្រវត្តិសាស្ត្រដែលត្រូវបានបង្កើតឡើងជាច្រើនជំនាន់មកហើយ រួមទាំងសន្ធិសញ្ញារវាងបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ ព្រមទាំងឯកសារផែនទី និងកំណត់ត្រារដ្ឋបាលដែលពាក់ព័ន្ធ។ ប៉ុន្តែឯកសារល្អតែមួយមុខ មិនគ្រប់គ្រាន់ទេ កត្តាសំខាន់បន្ទាប់ គឺការមានអ្នកជំនាញដែលអាចរៀបចំ បកស្រាយ និងបង្ហាញអំណះអំណាងទាំងនោះ ឱ្យស្របតាមស្តង់ដារច្បាប់អន្តរជាតិទំនើប។ ដូច្នេះលោក ប្រាក់ សុខុន គឺជាស្ថាបត្យករនៃយុទ្ធសាស្ត្រការទូតផ្អែកលើច្បាប់ដ៏ស័ក្ដិសមបំផុត ព្រោះក្នុងនាមជាអ្នកការទូតជាន់ខ្ពស់ និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានជ្រើសរើសវិធីសាស្ត្រដែលផ្អែកលើ “គុណភាពនៃអ្នកជំនាញ” ជាជាង “បរិមាណនៃកម្លាំង”។
ចំពោះការសម្រេចជ្រើសរើសលោក Peter Taksøe-Jensen និងលោក Jean-Marc Thouvenin លោកថេង សាវឿន យល់ថា មិនមែនជាជម្រើសដោយចៃដន្យនោះទេ ប៉ុន្តែជាការជ្រើសរើសអ្នកជំនាញដែលមានបទពិសោធន៍ដោយផ្ទាល់លើសំណុំរឿង UNCLOS និងវិវាទអន្តរជាតិធំៗនៅលើពិភពលោក។ នេះបង្ហាញថា កម្ពុជា មិនត្រឹមតែចង់ចូលរួមក្នុងនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែចង់ធ្វើឱ្យនីតិវិធីនោះមានគុណភាព វិជ្ជាជីវៈ និងទទួលបានការគោរពពីសហគមន៍អន្តរជាតិ ។ ក្នុងនោះ លោក Peter Taksøe-Jensen ជាបុរសដែលធ្លាប់ដឹកនាំជោគជ័យធំបំផុតមួយរបស់ UNCLOS ។ អ្វីដែលធ្វើឱ្យលោក Peter Taksøe-Jensen មានតម្លៃពិសេសសម្រាប់កម្ពុជា គឺលោកមិនមែនគ្រាន់តែជាអ្នកទ្រឹស្តីច្បាប់សមុទ្រនោះទេ ប៉ុន្តែជាអ្នកដែលធ្លាប់ដឹកនាំដំណើរការជាក់ស្តែងដ៏ស្មុគស្មាញបំផុតមួយ ក្រោម UNCLOS។ ក្នុងករណីរវាង Timor-Leste និង Australia លោកបានដឹកនាំគណៈផ្សះផ្សាដែលអាចនាំភាគីទាំងពីរ ឈានដល់កិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ ឆ្នាំ២០១៨។ ករណីនេះ មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះវាបានបង្ហាញថា ប្រទេសតូចមួយ អាចប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីចរចាជាមួយប្រទេសដែលមានសមត្ថភាពសេដ្ឋកិច្ច យោធា និងឥទ្ធិពលធំជាងបាន។ អ្វីដែលលោកនាំមកឱ្យកម្ពុជា មិនមែនគ្រាន់តែជាចំណេះដឹងអំពី UNCLOS ប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍ផ្ទាល់អំពីរបៀបរៀបចំសំណុំរឿងអន្តរជាតិ របៀបប្រើភស្តុតាងប្រវត្តិសាស្ត្រ របៀបដឹកនាំដំណើរការផ្សះផ្សា របៀបបង្កើតទំនុកចិត្តលើដំណោះស្រាយផ្អែកលើច្បាប់ នេះគឺជាបទពិសោធន៍ដែលមានអ្នកជំនាញតិចណាស់នៅលើពិភពលោក ដែលធ្លាប់មាន។

ចំណែកលោក Jean-Marc Thouvenin លោកថេង សាវឿន បង្ហាញការចាប់អារម្មណ៍ថា ជាអ្នកជំនាញច្បាប់ ដែលស្គាល់តុលាការអន្តរជាតិពីខាងក្នុង ។ លោកថា បើលោក Peter Taksøe-Jensen លេចធ្លោផ្នែកការដឹកនាំ និងការផ្សះផ្សា នោះលោក Jean-Marc Thouvenin លេចធ្លោផ្នែកយុទ្ធសាស្ត្រច្បាប់ និងការតស៊ូមតិអន្តរជាតិ ព្រោះក្នុងនាមជាអគ្គលេខាធិការ នៃ The Hague Academy of International Law និងជាអ្នកច្បាប់ ដែលបានបង្ហាញមុខនៅមុខ ICJ, ITLOS និងអាជ្ញាកណ្តាលអន្តរជាតិ ជាច្រើន លោក Jean-Marc Thouvenin មានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីរបៀបដែលស្ថាប័នច្បាប់អន្តរជាតិវាយតម្លៃភស្តុតាង និងអំណះអំណាង។ លោកបានចូលរួមក្នុងសំណុំរឿងអន្តរជាតិធំៗជាច្រើន ដែលពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ ច្បាប់សមុទ្រ អធិបតេយ្យភាពរដ្ឋ វិវាទរវាងប្រទេស។ ជំនាញរបស់លោកអាចជួយកម្ពុជា ក្នុងការរៀបចំអំណះអំណាងឱ្យមានភាពរឹងមាំ ស៊ីជម្រៅ និងស្របតាមនិន្នាការច្បាប់អន្តរជាតិចុងក្រោយបំផុត។

ជារួម ការប្រើប្រាស់អាត់៣ ខាងលើនេះ លោកថេង សាវឿន បញ្ជាក់ថា ការប្រកួតប្រជែងនៅលើតុច្បាប់ មិនមែននៅលើសមរភូមិប្រវត្តិសាស្ត្រនៃការដោះស្រាយវិវាទអន្តរជាតិ បានបង្ហាញជាច្រើនដងថា កម្លាំងយោធា និងសម្ពាធនយោបាយ មិនអាចជំនួសភស្តុតាង និងច្បាប់បានទេ។ នៅក្នុងនីតិវិធី UNCLOS អ្វីដែលមានតម្លៃជាងគេ គឺឯកសារផ្លូវច្បាប់, ភស្តុតាងប្រវត្តិសាស្ត្រ, សមត្ថភាពអ្នកជំនាញ និងគុណភាពនៃអំណះអំណាង ។ ហេតុនេះហើយបានជាការសម្រេចរបស់លោក ប្រាក់ សុខុន ក្នុងការនាំយកអ្នកជំនាញលំដាប់អន្តរជាតិពីររូប ដែលមានបទពិសោធន៍ជាក់ស្តែង និងកេរ្តិ៍ឈ្មោះសកល មកចូលរួមក្នុងដំណើរការ ត្រូវបានមើលឃើញថា ជាការវិនិយោគលើ “អំណាចនៃច្បាប់” និង “អំណាចនៃចំណេះដឹង”។ ការរួមបញ្ចូលគ្នារវាងការដឹកនាំផ្នែកការទូត របស់លោក ប្រាក់ សុខុន បទពិសោធន៍ជោគជ័យ ក្រោម UNCLOS របស់លោក Peter Taksøe-Jensen និងជំនាញច្បាប់អន្តរជាតិកម្រិតកំពូល របស់លោក Jean-Marc Thouvenin បានបង្កើតជាក្រុមការងារមួយ ដែលមានសមត្ថភាពខ្ពស់ ក្នុងការគាំទ្រផលប្រយោជន៍របស់កម្ពុជា តាមផ្លូវច្បាប់អន្តរជាតិ ។
លោកថេង សាវឿន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ថា “ការវិភាគរបស់ខ្ញុំ សម្អាងទៅលើចំណុច ដូចបានលើកឡើងអ៊ីចឹង ថាបើសិនជាបេក្ខជនសមាសភាពគណៈកម្មការអាជ្ញាកណ្ដាល ដែលកម្ពុជាបានជ្រើសរើសពីរនាក់នេះ កើតឡើង មានន័យថា កម្ពុជាបានជ្រើសរើសប្រើប្រាស់នូវមនុស្សកំពូលៗ ដែលលំដាប់ខ្ពស់បំផុតនៅលើពិភពលោក ដែលកម្ពុជាជ្រើសរើស គឺលោកមានបទពិសោធន៍ និងបច្ចេកទេស ពិសេសជាអ្នកជំនាញច្បាប់ ដែលបានឆ្លងកាត់ គឺទី១ ម្នាក់ជាអ្នកជំនាញកិច្ចការងារការទូត និងយន្តការច្បាប់អន្តរជាតិ ហើយម្នាក់ទៀត ជាអ្នកជំនាញបច្ចេកទេសផ្នែកច្បាប់សមុទ្រ ហើយអ្នកដែលមានជំនាញច្បាប់សមុទ្រហ្នឹង ទើបតែទទួលបានជោគជ័យនៅក្នុងរបាយការណ៍ផ្សះផ្សាដោយបង្ខំ រវាងវិវាទសមុទ្រនៃប្រទេសទីម័រខាតកើត ជាមួយនឹងអូស្រ្តាលី ហើយខ្ញុំគិតថា ការជ្រើសរើសរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បា្រក់ សុខុន ក្នុងការជ្រើសរើសអ្នកជំនាញនិងឯកទេសនេះ គឺជាការធានាមួយនូវភាពជាក់លាក់ និងដំណើរការនៃការដោះស្រាយដោយសន្តិវិធី ក្នុងការរក្សាបាននូវយុទ្ធសាស្រ្តដោះស្រាយបញ្ហាសមុទ្រត្រួតស៊ីគ្នា និងផលប្រយោជន៍របស់កម្ពុជា ប្រកបដោយភាពវៃឆ្លាត ដោយប្រើប្រាស់អ្នកជំនាញបច្ចេកទេសនិងអ្នកជំនាញច្បាប់អន្តរជាតិ ជាមួយនឹងប្រទេសថៃ ដែលថៃមិនសូវចង់ចូលចិត្តប្រើប្រាស់យន្តការអន្តរជាតិទេ ប៉ុន្តែថៃចង់ប្រើប្រាស់នូវកម្លាំងយោធា រួមជាមួយកត្តាសេដ្ឋកិច្ចដាក់សម្ពាធមកលើកម្ពុជា ប៉ុន្ដែយើងជ្រើសរើសច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ គឺជាជំហរមួយជាក់លាក់សម្រាប់កម្ពុជា ។ យើងមើលឃើញថា យន្តការនេះ ចង់ មិនចង់ ថៃត្រូវតែចូលរួមនៅក្នុងដំណើរការដែលកម្ពុជាបានដាក់ចេញ ពីព្រោះហេតុអី? ទោះបីជាថៃមិនចូលរួម នោះមានន័យថា ដំណើរការនីតិវិធី នៅតែបន្ត ហើយដំណើរការនៃការជ្រើសរើសអ្នកដែលមានជំនាញខ្លាំង គឺជាវិធីសាស្ត្រវៃឆ្លាត ហើយជារឿងមួយដែលធានាបានប្រយោជន៍របស់យើងផងដែរ “ ។

លោកថេង សាវឿន បានមានប្រសាសន៍បន្តថា “ សម្រាប់ខ្ញុំ អ្វីដែលខ្ញុំបានសរសេរនិងវិភាគឡើងនេះ បង្ហាញនូវស្មារតីនិងការយល់ឃើញមួយជ្រុងរបស់ខ្ញុំនោះទេ វាមិនមែនជាការកាត់សេចក្ដីនៃយន្តការ។ ប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញអំពីទស្សនៈនៃការយល់ឃើញរបស់ខ្ញុំទៅលើដំណើរការយន្តការអន្តរជាតិ ដែលមានអ្នកជំនាញការទូតខ្មែរ ការបញ្ចុះបញ្ចូលការទូតបរទេស ហើយនិងអ្នកជំនាញច្បាប់អន្តរជាតិ ។ អ៊ីចឹងហើយបានជាខ្ញុំឲ្យរហស្សនាមថា អាត់៣ គឺអាតកឺ អាការ៉ូ និងអាត់ជូង សម្រាប់ដំណើរការយន្តការ UNCLOS នៅក្នុងយុត្តាធិការអន្តរជាតិ នៃសន្ធិសញ្ញា ដែលកម្ពុជាបនដើរមុន ទោះបីជាថៃមិនដើរ ប៉ុន្តែយើងឃើញថា ជំហរថៃ ហាក់បីដូចជាមានភាពស្ទាក់ស្ទើរ ហើយយន្តការនេះ ធ្វើឲ្យថៃ ពិបាកក្នុងការបដិសេធ ត្រូវតែត និងចូលរួមក្នុងយន្តការនេះ ដោយពិបាកក្នុងការសម្រេចចិត្តថាចូល ឬមិនចូលផងដែរ ។ សម្រាប់ខ្ញុំ នយោបាយថៃ ការបរទេសថៃ រដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី អនុទីន គឺមិនមានភាពច្បាស់លាស់ មានន័យថា ប្រើយុទ្ធសាស្រ្តក៏មានដែរ ហើយមួយទៀត ខ្ញុំបានតាមដាននៅលើកាសែត The Nation ថៃ គឺនាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា កម្មវិធីជ្រើសរើសយន្តការ UNCLOS ដោយការជូនដំណឹងផ្លូវការ ដែលមានន័យថា ថៃបានទទួលលិខិតជូនដំណឹងផ្លូវការពីកម្ពុជា ហើយ UN រួចហើយ គឺជាការមួយដែលធ្វើឲ្យមិនដំណើរការល្អនៃការស្ដារឡើងវិញនៃទំនាក់ទំនងអន្តរជាតិ ឬការដោះស្រាយបញ្ហាផ្សេងៗ ហើយថៃហាក់បីដូចជាបង្ហាញភាពជំហរថាចង់ធ្វើការចរចាដោយយន្តការទ្វេភាគី បន្តែយន្តការទ្វេភាគីដែលបង្កើតឡើងថ្មី មិនមែនជាយន្តការទ្វេភាគីដោយ MOU 2001 នោះទេ “ ។

ស្រដៀងគ្នានេះដែរ លោក នីន សៀម អ្នកវិនិយោគភូមិសាស្ត្រនយោបាយ អ្នកគិតមូលធនយុទ្ធសាស្ត្រ និងជាអ្នកវិភាគទីផ្សារ បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងការនាំបងប្អូនមកស្គាល់ឥស្សរជន២រូប ដែលឱ្យធ្វើជាគណៈកម្មការសម្រុះសម្រួលភាគីកម្ពុជា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំរុញដំណើរការសម្រុះសម្រួលជាយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ ជាមួយប្រទេសថៃ ព្រមទាំងបានជូនដំណឹងជាផ្លូវការ ទៅកាន់អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលថៃ រួចរាល់ហើយនោះ ទីមួយ ដូចបងប្អូនស្គាល់ស្រាប់ហើយ គឺលោក ប្រាក់ សុខុន ខែលការទូត និងសេនាធិការនយោបាយផ្ទៃក្នុង ការដាក់រដ្ឋមន្ត្រីក្រសួងការបរទេស ឱ្យមកធ្វើជាតំណាងគោលដោយផ្ទាល់ បង្ហាញពីសារនយោបាយយ៉ាងច្បាស់លាស់កម្រិតទម្ងន់នយោបាយ Political Weight ភ្នំពេញ ចង់ប្រាប់ទៅ UN និងពិភពលោកថា កម្ពុជា ផ្តល់តម្លៃលើករណីនេះដល់កម្រិតកំពូល។ មិនមែនជារឿងនាយកដ្ឋាន ឬមន្ត្រីបច្ចេកទេសធម្មតានោះទេ ប៉ុន្តែជារបៀបវារៈរដ្ឋ។ អ្នកសម្របសម្រួលយុទ្ធសាស្ត្រ លោក ប្រាក់ សុខុន មានបទពិសោធន៍ជោកជាំខាងការទូត និងដឹងពី DNA នយោបាយរបស់ថៃ យ៉ាងច្បាស់។ គាត់នឹងដើរតួជាអ្នកបញ្ជាការ និងបកស្រាយព័ត៌មានខាងនយោបាយ ទៅកាន់ថ្នាក់ដឹកនាំកំពូល ធានាថា ការដើរហ្គេមផ្លូវច្បាប់ នឹងមិនខុសពីយុទ្ធសាស្ត្រនយោបាយជាតិឡើយ។
លោក នីន សៀម បានលើកឡើងបន្តថា ចំពោះលោក Peter Taksøe-Jensen) ស្ពានភ្ជាប់ទៅកាន់បស្ចិមប្រទេស និងយន្តការ UN ការជ្រើសរើសអ្នកការទូតជើងចាស់ជនជាតិដាណឺម៉ាក រូបនេះ គឺជាយុទ្ធសាស្ត្រកម្ចាត់រូបភាពជាតិនិយមជ្រុល និងបង្កើនភាពជឿជាក់ខ្សែរយៈនៅ UN ។ លោក Peter ធ្លាប់ជានាយកខុទ្ទកាល័យ និងជាជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់ (Under-Secretary-General for Legal Affairs)។ គាត់ស្គាល់មនុស្ស ស្គាល់ច្រកល្ហក និងដឹងពីរបៀបដែលម៉ាស៊ីនច្បាប់របស់ UN ដំណើរការជាងនរណាៗទាំងអស់ ។ ភាពជាកណ្តាលដែលពិភពលោកទទួលស្គាល់ គាត់ជាអតីតឯកអគ្គរដ្ឋទូតដាណឺម៉ាក ប្រចាំនៅសហរដ្ឋអាមេរិក និងឥណ្ឌា។ ការមានរូបលោកនៅក្នុងក្រុមការងារ ធ្វើឱ្យគណៈកម្មការសម្រុះសម្រួល មើលឃើញថា កម្ពុជា មិនមែនលេងល្បែងនយោបាយក្មេងលេងទេ ប៉ុន្តែគឺកំពុងប្រើប្រាស់អ្នកជំនាញកម្រិតសកល ដែលបណ្តាប្រទេសលោកខាងលិច មិនអាចប្រកែកបាន។
រីឯសាស្ត្រាចារ្យ Jean-Marc Thouvenin លោកនីល សៀម ថា ជាកាំបិតកាត់សេចក្តី និងខួរក្បាលច្បាប់សមុទ្រ ។ លោកពន្យល់ថា បើលោក Peter ជាអ្នកបើកផ្លូវការទូត នោះលោក Jean-Marc គឺជាអាវុធប្រល័យលោកខាងផ្លូវច្បាប់ ។ មេធាវីលំដាប់កំពូលនៅតុលាការអន្តរជាតិ (ICJ) រូបនេះ ជាអគ្គលេខាធិការ នៃបណ្ឌិត្យសភាច្បាប់អន្តរជាតិ ទីក្រុងឡាអេ (Hague Academy of International Law) និងជាសាស្ត្រាចារ្យច្បាប់ ដ៏ល្បីល្បាញនៅបារាំង។ អ្វីដែលសំខាន់បំផុត គាត់មានបទពិសោធន៍ក្តីក្តាំផ្ទាល់នៅតុលាការអន្តរជាតិ (ICJ) និងតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ជាច្រើនទសវត្សរ៍ ។ ជាអ្នកជំនាញបច្ចេកទេសច្បាប់សមុទ្រ គាត់ដឹងពីគ្រប់ចន្លោះប្រហោងនៃអនុសញ្ញា UNCLOS។ ការតែងតាំងគាត់ មានន័យថា ភ្នំពេញ ត្រៀមខ្លួនរួចជាស្រេចក្នុងការវះកាត់ រាល់អាគុយម៉ង់ផ្លូវច្បាប់ ដែលថៃធ្លាប់ប្រើកន្លងមក ជាពិសេសការទាញខ្សែបន្ទាត់ព្រំដែនសមុទ្រ ខុសខ្នាតបច្ចេកទេសអន្តរជាតិ។
សរុបមក លោកនីល សៀម ថា ការរួមបញ្ចូលគ្នារវាងអ្នកនយោបាយខ្មែរ + អ្នកការទូតដាណឺម៉ាក + អ្នកច្បាប់បារាំង» បង្កើតបានជាទម្រង់ទ័ព ដែលថៃ ពិបាកនឹងទប់ទល់ណាស់ គឺៈ
១. ការទម្លាយខ្សែការពាររបស់ថៃ ថៃ តែងតែប្រើប្រាស់លេសរឿងផ្ទៃក្នុង ឬរឿងទ្វេភាគីអាស៊ាន ដើម្បីពន្យារពេល។ ប៉ុន្តែនៅពេលកម្ពុជា ប្រើប្រាស់សមាសភាពអន្តរជាតិលំដាប់អឺរ៉ុបបែបនេះ ថៃ មិនអាចប្រើពាក្យថា កម្ពុជា ធ្វើបាបថៃ ឬកម្ពុជា លេងល្បែងនយោបាយបានទៀតទេ ព្រោះនេះជាក្រុមការងារកម្រិតអាជីពអន្តរជាតិ។
២. សម្ពាធអន្តរជាតិទៅលើបាងកក ក្រុមការងារនេះ មានសមត្ថភាពខ្ពស់ក្នុងការសរសេររបាយការណ៍ និងអនុសាសន៍ ឱ្យចេញមកមានទម្ងន់គតិយុត្តសកល។ ទោះបីជាលទ្ធផលចុងក្រោយរបស់គណៈកម្មការសម្រុះសម្រួលមានលក្ខណៈមិនបង្ខំ (Non-binding) ក៏ដោយ ប៉ុន្តែបើរបាយការណ៍ដែលរៀបចំដោយអ្នកជំនាញទាំងនេះវាយតម្លៃថា ថៃខុស នោះថៃ នឹងត្រូវខូចឈ្មោះ និងបាត់បង់ភាពស្របច្បាប់ នៅលើឆាកអន្តរជាតិទាំងស្រុង។ នេះជាការដើរក្រឡាអុកបែបឡោមព័ទ្ធ និងវាយសង្គ្រប់របស់ភ្នំពេញ។ កម្ពុជា ចង់បញ្ជាក់ថា ខ្លួនមិនត្រឹមតែចង់ឈ្នះក្នុងណូតព័ត៌មាននោះទេ ប៉ុន្តែគឺចង់ឈ្នះដាច់ខាងបច្ចេកទេសច្បាប់សមុទ្រអន្តរជាតិ តែម្តង។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី “ ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ “ នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រាបជូនពីកម្ពុជា បានផ្ញើលិខិតជូនដំណឹងជាផ្លូវការ ទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ឬ UNCLOS ។ សម្ដេចបញ្ជាក់ថា យើងបានជ្រើសរើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាង ដោយសន្តិវិធី ។ កម្ពុជា នៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ទន្ទឹមនឹងនេះ អធិបតេយ្យភាពជាតិ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ត្រូវតែគោរពដាច់ខាត ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្ពុជានិងថៃ មានក្របខ័ណ្ឌទ្វេភាគី ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ។ ក្របខ័ណ្ឌទ្វេភាគីនេះ គឺអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ហៅថា MOU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរ គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ។ សម្ដេចបន្តថា នៅពេលដែលរាជរដ្ឋាភិបាលថៃ បានប្រកាសថា នឹងដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជា បានស្នើឲ្យភាគីថៃ ពិចារណាឡើងវិញ ប៉ុន្តែជាការគួរឲ្យសោកស្ដាយ ភាគីថៃ នៅតែសម្រេចចិត្តដើរចេញពីក្របខ័ណ្ឌទ្វេភាគីនេះដដែល ។ ការណ៍នេះ មានន័យថា MOU 2001 ដែលជាក្របខ័ណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់ សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាងម្ភៃប្រាំឆ្នាំកន្លងមក មិនអាចបន្តយកមកប្រើប្រាស់ទៀតបានឡើយ ។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគី ដើម្បីឈានទៅរកដំណោះស្រាយ ត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ ។ ហេតុដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងហ្មត់ចត់បំផុតនៅរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធី ដែលមាន និងអាចអនុវត្តទៅបាន ។ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិ ដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះ ទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ ។ ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី និងក្រោមអនុសញ្ញា UNLCOS ។ យន្តការនេះ នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សា ចំនួនប្រាំរូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ លើកដំបូងបង្អស់ ត្រូវបានអនុវត្តដោយជោគជ័យ ក្នុងករណីវិវាទរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ។ តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរ បានដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធី នៅឆ្នាំ២០១៨ ។ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នាពេលនេះ ជាករណីទីពីរក្នុងប្រវត្តិសាស្ត្ររបស UNCLOS ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះ នឹងបង្ហាញជាថ្មីម្តងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈការចរចារវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ។ នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធី តាមរយ់ច្បាប់អន្តរជាតិ និងដោយសុច្ឆន្ទៈពិតប្រាកដ ។ ខ្ញុំសូមបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជា កំពុងនាំយកការសន្ទនា ចូលទៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ ។ កម្ពុជានិងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ ។ ដំណោះស្រាយដោយសន្តិវិធី ជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពតំបន់ ។ ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រលើការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា កម្ពុជា មិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ។ ជាមួយគ្នានេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ ខ្លួន ។ នាពេលនេះ កម្ពុជា បន្តប្រកាន់គោលជំហរទួលខុសត្រូវដ៏មុតមាំនេះ ដោយពិតមែនតាមរយៈការប្រើប្រាស់កម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី ។ សម្ដេចសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល ។
ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានជម្រាបជូនពីលទ្ធផលនៃការអញ្ជើញធ្វើបទបង្ហាញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយលោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការសោកស្តាយ និងការខកចិត្តយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា MC-2001 បានឆ្លុះបញ្ចាំងពីឆន្ទៈ និងចេតនាពិតប្រាកដរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដោយស្មោះត្រង់ និងអនុលោមតាមច្បាប់អន្ដរជាតិ ដើម្បីដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធី និងអភិវឌ្ឍធនធានរួមគ្នានៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ រយៈពេល២៥ឆ្នាំកន្លងមកនេះ MOU-2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរពឹងផ្អែកលើ ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារបស់ខ្លួន។ ដោយសារថៃ បានដកខ្លួនចេញពី MOU-2001 បន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្ននូវរាល់ជម្រើសប្រកបដោយសន្តិភាច និងសស្របច្បាប់ កម្ពុជាយល់ថា គ្មានជម្រើសផ្សេងក្រៅពីផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាយការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះទេ។ យ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែង ។
នៅក្នុងដំណើរការយន្តការ UNCLOS នេះ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ជាតំណាងរបស់ខ្លួន ព្រមទាំងបានតែងតាំងអ្នកការទូតដាណឺម៉ាក លោក Peter Taksøe-Jensen និងអ្នកប្រាជ្ញបារាំង លោក Jean-Marc Thouvenin ឲ្យចូលរួមជាអ្នកសម្របសម្រួលផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជា បាននិយាយថា ប្រទេសថៃ មានរយៈពេល ២១ថ្ងៃ ដើម្បីតែងតាំងអ្នកសម្របសម្រួលពីររូបរបស់ខ្លួន។ បន្ទាប់មក អ្នកសម្របសម្រួលនឹងជ្រើសរើសប្រធានម្នាក់ដើម្បីបញ្ចប់ការបង្កើតគណៈកម្មាធិការសម្របសម្រួលក្រោមការត្រួតពិនិត្យ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ៕