ខេត្តក្រចេះ ៖ អាជ្ញាធរស្រុកចិត្របុរី សហការជាមួយមន្ទីរ៉ែនិងថាមពលខេត្ត កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពស្រុក ចុះត្រួតពិនិត្យទីតាំងជីករុករករ៉ែមាស អនាធិបតេយ្យ ក្នុងមូលដ្ឋានឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំដោយលោក សន ស៊ីដែន អភិបាលរងស្រុកតំ ណាងលោកយិន វណ្ណៈ អភិបាលស្រុកចិត្របុរី សហការជាមួយមន្ទីររ៉ែនិងថាមពលខេត្ត ដឹកនាំដោយលោករ័ត្ន តុលា ប្រធានមន្ទីរ និងជាប្រធានក្រុមការងារ បានចុះពិនិត្យដល់ទីតាំងជីកដី រុករករ៉ែមាស អនាធិបតេយ្យ នៅចំណុចអូរយ៉ុង នៃមូលដ្ឋានឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ការត្រួតពិនិត្យករណីរុករករ៉ែអនាធិបតេយ្យនេះ ក្រុមការ ងារបានពិនិត្យជាក់ស្តែង ឃើញប្រជាជនបូមដី ចាក់ទ រុករករ៉ែមាស អនាធិបតេយ្យ ចំនួន១៧ទីតាំង។ ក្រោយអនុវត្តវិធានការតាមនីតិវិធី គឺប្រជាពលរដ្ឋ បាន យល់ព្រមរុះរើសម្ភារៈ និងគ្រឿងយន្តទាំងអស់ ប៉ុន្តែនៅសល់ ១ទីតាំង មិនទាន់រុះរើ (បច្ចុប្បន្នមិនមានសកម្មភាព តែឧបករណ៍មាន ម៉ាស៊ីនសាំង ចំនួន១គ្រឿង ម៉ាស៊ីនគោ យន្តចំនួន១គ្រឿង ទុយោ ប្រវែង៥០ម៉ែត្រ និងទចាក់ ចំនួន១)។

ក្រុមការងារបានធ្វើកំណត់ហេតុ ឱ្យម្ចាស់ទីតាំង រុះរើ ដោយទុកពេល ចំនួន២ថ្ងៃ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុ។ ជាមួយគ្នានោះ មន្ត្រីជំនាញនិងអាជ្ញាធរ បានធ្វើការពន្យល់ច្បាប់ ពាក់ព័ន្ធការប្រព្រឹត្តជីករុករករ៉ែមាស អនាធិប តេយ្យ ឱ្យម្ចាស់ទីតាំងដែលមិនទាន់រុះរើ បានយល់ច្បាស់អំពីនីតិវិធីច្បាប់ ប្រសិនបើរកឃើញថា ម្ចាស់ទីតាំង មិនរុះរើ នឹងចាត់វិធានការតាមនីតិវិធី ចំពោះអ្នកបន្តប្រព្រឹត្តល្មើស៕

