ខេត្តសៀមរាប ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាកាប់ប្លន់ម៉ូតូ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ថា មុនឈានដល់ការបង្ក្រាបក្រុមជន សង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះអង អែម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើប្លន់កាប់យកម៉ូតូ បង្កឡើងដោយជនសង្ស័យ ១ក្រុម ប្រដាប់ដោយកាំបិតផ្គាក់ ១ដើម បានធ្វើសកម្មភាពធាក់និងកាប់ប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AU-1873 ស្ថិតនៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទវបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ហើយគេចខ្លួនបាត់។
ប្រភពដដែល បន្តថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោកសៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប ឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ចុះសហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យ រួចស្នើសុំកិច្ច សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុក ស្វាយលើ ធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យ បានជាបន្តបន្ទាប់ សរុបចំនួន៨នាក់ យកមកសាកសួរតាមនីតិវិធីជំនាញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ចំនួន៥នាក់ (១-ឈ្មោះប្រុស អ៊ីវិនកុម្ភៈ ហៅជឺម ២-ឈ្មោះឡុង រក្សា ហៅសាល ៣-ឈ្មោះផា ផាន់ណាដុល្លា ហៅខ្លា ៤-ឈ្មោះព្រុំ ផល្លា ៥-ឈ្មោះហាច ធារ៉ា ហៅបេន) បានឆ្លើយសារ ភាពស្របគ្នាថា ពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពធាក់និងកាប់ទៅលើជនរងគ្រោះ ប្លន់ម៉ូតូប្រាកដ មែន ហើយបានយកម៉ូតូនោះ ទៅលក់នៅក្រុងប៉ោយប៉ែត បានប្រាក់ចំនួន ៤០០ដុល្លារ និងបានចែកគ្នាចាយអស់។
ដោយឡែក ឈ្មោះសោម សេងលី ហៅពេជ្រ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូ ចំនួន ១គ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២៦ ពណ៌ខ្មៅ គ្មានអាវ ពីឈ្មោះហាច ធារ៉ា ហៅបេន និងបក្ខពួក ក្នុងតម្លៃ៤០០ ដុល្លារ ប្រាកដមែន។ ក្រោយពីទិញរួច រូបខ្លួនបានយកម៉ូតូ នោះទៅលក់ឱ្យបុរសម្នាក់ទៀត មិនស្គាល់ឈ្មោះ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាក់ចំនួន ៣ ៣០០ ០០០រៀល។
យោងតាមចម្លើយសារភាពខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ចំនួន២ នាក់ទៀត នៅស្រុកស្វាយលើ យកមកសាកសួរបន្ថែម។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន (១-ឈ្មោះធី ថែត ២-ឈ្មោះកុក ពេទ្យ) បានឆ្លើយសារភាពថា ប្រហែល ១សប្តាហ៍មុន ក្នុងខែមិថុនា ឆ្នាំ២០២៦ ពួកខ្លួនពិតជាបានទទួលទិញម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ មាន លេខតួ និងលេខម៉ាស៊ីន 0372857 ក្នុងតម្លៃ ៣ ៣០០ ០០០រៀល ពីឈ្មោះ Jen La (ឈ្មោះក្នុងហ្វេសប៊ុក) ដែលរស់នៅក្រុងប៉ោយប៉ែត និងស្គាល់គ្នាប្រហែលកន្លះខែ។ បន្ទាប់ពីទិញបានហើយ ក៏យកមកជិះ រហូតដល់សព្វថ្ងៃ។
ចំពោះស្លាកលេខម៉ូតូ ភ្នំពេញ 1AK-4500 វិញ ឈ្មោះកុក ពេទ្យ បានខ្ចីពីមិត្តភក្តិឈ្មោះហន ភីតថឺ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ យកមកដាក់លើម៉ូតូដែលខ្លួនទិញពី ឈ្មោះ Jen La ដើម្បីបន្លំសមត្ថកិច្ច។ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ ដែលជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ តំណាងលោកស្នងការនគរបាលខេត្តសៀមរាប ធ្វើការប្រគល់ជូនជនរងគ្រោះវិញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

ជនសង្ស័យ ទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវ តាររួចហើយ ហើយកំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្តទៀត៕