ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពដាក់ថ្នាំសណ្តំ លួចម៉ូតូ បានសម្រេច ជាបន្តបន្ទាប់ ចំនួន២ករណី។

តាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ត្រង់ចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពេជ្រ លាភ ហៅលីលួង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិត ប្រាកដ។ ទី២-ឈ្មោះម៉ាល់ ស៊ីណាត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះចឺម ចន ហៅជេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំពោះសម្ភារៈដកហូត រួមមាន ១-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-3120 (បានប្រគល់ជូនជនរងគ្រោះវិញ)។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Z-6053 (បានប្រគល់ជូនជនរងគ្រោះវិញ)។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ពាក់ព័ន្ធនឹងករណីលួចដាក់ថ្នាំសណ្តំ លួចម៉ូតូ កាល ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់ «ទីក្រុងបាក់ខែង» ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិក្រាំងពង្រ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕