Thursday, June 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមកាំបិតគួនអ៊ី ប៉ះក្រុមដុំថ្ម សងសឹកច្រឡំ ស្លាប់១ ខ្នោះ២

ក្រុមកាំបិតគួនអ៊ី ប៉ះក្រុមដុំថ្ម សងសឹកច្រឡំ ស្លាប់១ ខ្នោះ២

ខេត្តបាតដ់បង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម មានរហស្សនាម «ក្រុមអ្នកលេងកាំបិតគួនអ៊ី» ចំនួន៥នាក់ ប្រដាប់ដោយកាំបិតគួនអ៊ី កាំបិតផ្គាក់ និងចម្ពាមកៅស៊ូ បានជិះម៉ូតូដឹកគ្នា ដើររកគូសត្រូវ ដើម្បីសងសឹកគំនុំចាស់ គាប់ជួនមានក្មេងទំនើង ២នាក់ទៀត រហស្សនាម «ក្រុមដុំថ្ម» ក៏កំពុងកាន់ដុំថ្មជិះម៉ូតូដឹកគ្នា តាមរកមុខគូទំនាស់ដូច គ្នា លុះជួបមុខគ្នាស្មានថាជាក្រុមសត្រូវ  ក៏បើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាម រហូតបណ្តាលឱ្យភាគីក្រុមដុំថ្ម ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។  ចំណែកក្រុមកាំបិតធំគួនអ៊ី បាននាំគ្នាគេចខ្លួនអស់។ លុះក្រោយមក ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ខណៈបក្ខពួក ៣នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅលើដងផ្លូវមួយកន្លែង ក្នុងភូមិ បវេល១ ឃុំបវេល ស្រុកបវេល។ រហូតមកដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនក្រុមអ្នកលេងកាំបិតគួនអ៊ី បានចំនួន២នាក់។

ក្រុមអ្នកលេងកាំបិតគួនអ៊ី ទាំង២នាក់ ដែលត្រូវចាប់ខ្លួន ទី១-ឈ្មោះណេង នីកាន ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី និងទី២-ឈ្មោះមាន វាសនា ហៅអ៊ួក ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបុរី។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ (ក្រុមដុំថ្ម) ទី១-ឈ្មោះសិដ្ឋ ស៊ីន ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិព្រៃទទឹង ឃុំបវេល ស្រុកបវេល (ស្លាប់) និងទី២-ឈ្មោះធឿន ប៊ុនហ៊ីន ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិបវេល២ ឃុំបវេល ស្រុកបវេល (របួសធ្ងន់)។

យោងតាមរបាយការណ៍របស់ការិយាល័យជំនាញ អំពើហិង្សាដ៏ឃោរឃៅដែលបង្កឡើងដោយពួកក្មេងទំនើង ទាំង២ក្រុមនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅលើដងផ្លូវមួយកន្លែង ក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល។ ប៉ុន្តែក្រោយប្រយុទ្ធគ្នាស្លាប់រស់ ក្រុមអ្នកលេងកាំបិតគួនអ៊ី ដែលច្បាំងឈ្នះ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ បន្សល់ទុកក្រុមអ្នកចាញ់ (ក្រុមដុំថ្ម) ដែលមានម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្រោយពេលកើតហេតុ លោកស្នងការខេត្ត ដែលមានការឯកភាពពីតំ ណាងអយ្យការអមសាលាដំបូងខេត្ត បានចេញបញ្ជាឱ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការស្រុកបវេល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២០ មិថុនា ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ (ក្រុមកាំបិតគួនអ៊ី) បានចំនួន២នាក់ ក្នុងចំណោមបក្ខពួក ចំនួន៥នាក់ ដល់ទឹកដីស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចនៃខេត្តនេះផង។

នៅក្នុងសំណុំរឿង “ឃាតកម្ម” ដែលបង្កឡើងដោយក្រុមក្មេងទំនើងនេះ បើតាមសាវតារនៃរឿងដែលមន្ត្រីជំនាញបានសាកសួរលម្អិត ទើបដឹងថា ក្រុមអ្នកលេងកាំបិតគួនអ៊ី និងក្រុមអ្នកលេងដុំថ្មនេះ ច្បាំងគ្នា ដោយ សារការភាន់ច្រឡំសត្រូវរៀងៗខ្លួន។

លោកឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា នៅយប់កើតហេតុ ក្រុមជនសង្ស័យ (ក្រុមកាំបិតគួនអ៊ី) ចំនួន៥នាក់ បានជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ កាំបិតគួនអ៊ី និងចម្ពាមកៅស៊ូ បានជិះម៉ូតូតាមរកគូសត្រូវរបស់ខ្លួន មួយក្រុម ដែលមានជម្លោះជាមួយនារីម្នាក់ ដែលពួកគេបានស្គាល់ ដើម្បីសងសឹក។

ដោយឡែក ក្រុមជនរងគ្រោះ មានគ្នា២នាក់ ដែលយកដុំថ្មជាអាវុធ (ក្រុមដុំថ្ម) ក៏កំពុងជិះម៉ូតូដឹកគ្នា តាមស្វែង រកគូសត្រូវ ដើម្បីសងសឹកដែរ។ ពោលគឺពួកគេកំពុងជិះម៉ូតូតាមរកសត្រូវដើម្បីសងសឹកដូចគ្នា។ លុះពេលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងគោលដៅបញ្ច្រាសទិសគ្នា ពេលជួបគ្នាតាមផ្លូវដោយចៃដន្យ ភាគីជនរងគ្រោះ ស្មានថាជាគូសត្រូវរបស់ខ្លួន ក៏ជិះតាម ហើយយកដុំថ្មគប់ទៅលើក្រុមកាំបិតផ្គាក់។ រីឯក្រុមកាំបិតផ្គាក់ ដែលមានគ្នាច្រើន ស្មានតែក្រុមជនរងគ្រោះដែលគប់ពួកខ្លួននោះ ជាគូសត្រូវរបស់ខ្លួន ដែលពួកខ្លួនកំពុងតាមរក ក៏នាំគ្នាលោតចុះ ពីម៉ូតូ ប្រើប្រាស់កាំបិតផ្គាក់ កាំបិតគួនអ៊ី និងចម្ពាមកៅស៊ូ ច្បាំងតតាំងយ៉ាងបង្ហូរឈាម ជាមួយក្រុមអ្នកលេងដុំថ្ម យ៉ាងកំរោល ដែលបណ្តាលឱ្យភាគីអ្នកលេងដុំថ្ម ម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់តែម្តង។

ប៉ុន្តែយ៉ាងណា នៅក្នុងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មាន វាសនា ហៅអ៊ួក បានឲ្យដឹងថា ពួកខ្លួនពិតជាបានព្រូតគ្នាកាប់ទៅលើក្រុមជនរងគ្រោះមែន ដោយសារតែក្រុមជនរងគ្រោះគប់មកលើពួកខ្លួនមុន។ ជនសង្ស័យបានសារភាពបន្តទៀតថា ពួកខ្លួននាំគ្នាជិះម៉ូតូទៅលេងស្រុកបវេល ហើយពិតជាបានដាក់កាំបិត តាមខ្លួនមែន គឺដាក់ការពារខ្លួន ព្រោះធ្លាប់មានរឿងកន្លងមក។ ពួកខ្លួនគ្មានចេតនាបង្កជម្លោះជាមួយជនរង គ្រោះទេ ប៉ុន្តែពេលជិះដល់ចំណុចកើតហេតុ ត្រូវក្រុមជនរងគ្រោះជិះម៉ូតូដេញគប់ពួកខ្លួន ទើបពួកខ្លួនជិះម៉ូតូដេញតាមទាន់ ទាញកាំបិតកាប់មនុស្ស កាប់ចិញ្ច្រាំកម្ទេចម៉ូតូជនរងគ្រោះ។ ក្រោយកើតហេតុ ពួកខ្លួនបានជិះត្រឡប់ទៅផ្ទះ ដើម្បីលាក់ខ្លួន តែប៉ុន្មានថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានតែម្តង។

ក្រុមជនសង្ស័យ ទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ដោយឡែកបក្ខពួក ចំនួន៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES