ភ្នំពេញ ៖ យុវជនម្នាក់ ព្រោះតែខឹងនឹងបុរសម្នាក់ជំពាក់លុយ១០ដុល្លារមិនព្រមសង ក៏កាន់ដាវជិះម៉ូតូទៅទារបំណុលទាំងយប់ លុះទៅដល់កើតមានជម្លោះនឹងគ្នា ក៏ត្រូវកូនបំណុលទះ២ដៃ ដួលបោកក្បាលនឹងផ្លូវបេតុង និងត្រូវប្រជាពលរដ្ឋចាប់បំបែកចេញពីគ្នា ត្រឡប់ទៅផ្ទះវិញរៀងខ្លួន លុះព្រឹកឡើងឈឺក្បាលខ្លាំង ក៏ត្រូវក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យព្យាបាល បាន១យប់ ក៏ដាច់ខ្យល់ស្លាប់ ធ្វើឱ្យក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ចោទថាបុរសជាកូនបំណុលវាយកូនប្រុសរបស់ខ្លួន បណ្តាលឱ្យស្លាប់ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន។
ករណីកូនបំណុលវ៉ៃម្ចាស់បំណុលដួលបោកក្បាលស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
យុវជនរងគ្រោះដែលបាត់បង់ជីវិតនោះ មានឈ្មោះតឹង អាន់ អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកជនបង្កហេតុ មានឈ្មោះផាម ហុងខិន ហៅយក្ស អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម មុខរបររើសអេតចាយ ស្នាក់នៅលើទូករបស់អ្នកនេសាទ ក្នុងភូមិជាមួយគ្នា។
តាមសម្តីបុរសឈ្មោះង្វៀង យ៉ាំងផល អាយុ៤៩ឆ្នាំ មុខរបរដើរទិញអេតចាយ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានស្លាប់ដោយសារតែត្រូវជនបង្កហេតុ ឈ្មោះ ផាម ហុងខិន ហៅយក្ស វាយចំក្បាលចំហៀងខាងឆ្វេង បណ្តាលឱ្យដួលបោកទៅនឹងផ្លូវបេតុង រងរបួសធ្ងន់ និងស្លាប់ក្រោយពីដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ បាន១យប់ ហេតុនេះទើបគាត់កើតទុក្ខមិនសុខចិត្ត ស្នើសុំឱ្យសមត្ថកិច្ចចាត់ការទៅលើជនបង្កហិង្សាតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ ដែលស្លាប់ទាំងវ័យក្មេង មិនទាន់មានប្រពន្ធកូននឹងគេនៅឡើយទេ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ឈ្មោះតឹង អាន់ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះផាម ហុងខិន ហៅយក្ស ថាបានវាយទៅលើជនរងគ្រោះ២ដៃ បណ្តាលឱ្យដួលបោកក្បាលស្លាប់។ ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នាំយកមកសាកសួរនៅអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
តាមសម្តីជនសង្ស័យឈ្មោះផាម ហុងខិន ហៅយក្ស បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលរូបគេកំពុងដើររើសអេតចាយ ស្រាប់តែលេចមុខជនរងគ្រោះដែលស្ថិតក្នុងសភាពស្រវឹងស្រាយ៉ាងខ្លាំង រួមនិងមិត្តភក្តិបានជិះម៉ូតូទៅទារលុយពីរូបគេ ដែលរូបគេជំពាក់បងស្រីរបស់ជនរងគ្រោះចំនួន១០ដុល្លារ ពេលនោះ រូបគេបានប្រាប់ថា មានតែ៥ដុល្លារទេ យកសិនទៅ តែជនរងគ្រោះមិនព្រម ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីគ្នានឹងគ្នា ហើយជនរងគ្រោះក៏ជិះម៉ូតូទៅយកដាវពីផ្ទះត្រឡប់មកគំរាមទារលុយពីរូបគេ តែពេលជិះចេញទៅជនរងគ្រោះស្រវឹងស្រាពេក បានដួលម៉ូតូបោកទៅលើផ្លូវបេតុងម្តងរួចមកហើយ តែជនរងគ្រោះបានលើកម៉ូតូជិះបន្តទៅទៀត លុះពេលយកដាវមកដល់ កាប់រូបគេតែមិនត្រូវ ទើបរូបគេបានយកដៃវាយក្បាលជនរងគ្រោះចំនួន២ដៃ បណ្តាលឱ្យដួលទៅលើផ្លូវបេតុង បន្ទាប់មកក៏មានអ្នកជិតខាងចូលមកឃាត់បំបែកពួកគេចេញពីគ្នា ស្រាប់តែរំលងបាន២យប់ ក៏មានដំណឹងមកថា ជនរងគ្រោះបានស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតមានទំនាស់ និងត្រូវជនបង្កវាយ២ថ្ងៃ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា រួចមក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ជនរងគ្រោះស្រាប់តែមានអាការឈឺក្បាលខ្លាំង ទើបក្រុមគ្រួសារនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត តែអកុសលសម្រាកបាន១យប់ មកដល់វេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យ និងត្រូវគ្រួសារដឹកសពត្រឡប់មកផ្ទះវិញធ្វើបុណ្យ។ បន្ទាប់មកឪពុកបង្កើតជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនបង្កថា បានវ៉ៃកូនប្រុសរបស់គាត់ស្លាប់ ទើបសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យសពជនរងគ្រោះ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញមានការសហការជាមួយនឹងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញផង បានបញ្ជាក់ថា សពស្លាប់ដោយសារមានរបស់រឹងវាយចំក្បាល បណ្តាលបោកក្បាលទៅនឹងផ្លូវបេតុងរបួសធ្ងន់ហើយស្លាប់។
ជុំវិញករណីខាងលើនេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕