Friday, April 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតខ្សែភ្លើងយកស្ពាន់ ឆេះផ្អើលឡានទឹក

ដុតខ្សែភ្លើងយកស្ពាន់ ឆេះផ្អើលឡានទឹក

ភ្នំពេញ ៖ ជនអនាថា ចំនួន៥នាក់ ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា ឃាត់ខ្លួន បន្ទាប់ពីពួកគេលូនចូលទៅស្នាក់នៅក្នុងឃ្លុបក្រោមស្ពានជ្រោយចង្វា (គល់ស្ពានត្រើយខាងកើត) ក្នុងសង្កាត់ជ្រោយចង្វា និងបានធ្វើសកម្មភាពដុតខ្សែភ្លើង យកស្ពាន់លក់ ធ្វើឱ្យឆេះរាលផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្នុងឃ្លុបក្រោមស្ពានជ្រោយចង្វា (គល់ស្ពានត្រើយខាងកើត) ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ មានជនអនាថា ១ក្រុម មានស្រីមានប្រុស ដែលបានលូនចូលទៅស្នាក់នៅក្នុងឃ្លុបក្រោមស្ពានជ្រោយចង្វាចាស់ បាននាំគ្នាដុតខ្សែភ្លើង យកស្ពាន់ ទុកលក់ នៅក្នុងឃ្លុបស្ពាននោះ បណ្តាលឱ្យឆេះហុយផ្សែងមកក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ស្មានតែឆេះស្ពាន។ ភ្លាមៗនោះ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌជ្រោយចង្វា បានចុះអន្តរាគមន៍ ព្រមទាំងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ ដោយសារតែភ្លើងឆេះ នៅ ក្នុងឃ្លុបបែបនេះ បានធ្វើអាជ្ញាធរនិងសមត្ថកិច្ចមានការលំបាកក្នុងការបាញ់ពន្លត់។

តាមប្រភពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា បានឱ្យដឹងថា ជនអនាថា ចំនួន៥នាក់ (ស្រី២នាក់) ត្រូវបានកម្លាំងសណ្តាប់ធ្នាប់និងសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីដុតខ្សែភ្លើង យកស្ពាន់នៅក្នុងឃ្លុបក្រោមស្ពានជ្រោយចង្វា បង្កឱ្យមានការភ្ញាក់ផ្អើល។

ជនអនាថាទាំងនោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនបន្តទៅមណ្ឌលកែប្រែ ឱកាសខ្ញុំ៕

RELATED ARTICLES