បក្សសង្គ្រោះជាតិរលាយ បក្សប្តឹងរំលាយ ប្រកាសតាំងខ្លួនធ្វើជាបក្សប្រឆាំងជំនួស

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

ភ្នំពេញ ៖ គណបក្សយុវជនកម្ពុជា ដែលជាគណបក្សប្តឹងរំលាយគណបក្សសង្គ្រោះជាតិ បានប្រកាសតាំងខ្លួនជាគណបក្សប្រឆាំង ជំនួសគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការ កំពូលសម្រេចរំលាយចោលនោះ ប៉ុន្តែមិនលាប ពណ៌មួលបង្កាច់ ដូចអតីតគណបក្សសង្គ្រោះជាតិ កាលមិនទាន់រលាយនោះទេ។

មានឈ្មោះក្នុងនយោបាយរយៈពេល២ ឆ្នាំមកនេះ គណបក្សយុវជនកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយលោកពេជ្រ ស្រស់ អតីត សកម្មជនវ័យក្មេងរបស់គណបក្សសិទ្ធិមនុស្ស និងអតីតគណបក្សសង្គ្រោះជាតិ ហើយទទួល ស្គាល់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ កាល ពីខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីបង្កើតដំបូង គណបក្សនេះ មិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេង ខ្លាំងនោះទេ ប៉ុន្តែក្រោយមក គណបក្សនេះ ចាប់ផ្តើមកសាងភាពល្បីល្បាញឱ្យខ្លួនឯង តាម រយៈការបង្កើតគណៈកម្មការរៃអង្គាសបច្ច័យ សម្រាប់កសាងចេតិយលោកបណ្ឌិតកែម ឡី និងព្រឹត្តិការណ៍ដាក់ពាក្យបណ្តឹងឱ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទអំពីករណី ក្បត់ជាតិជាដើម។ គណបក្សនេះ ក៏បានត្រៀម ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងថា គណបក្សរបស់ លោក នឹងធ្វើសកម្មភាពប្រឆាំង ដើម្បីឱ្យប្រទេស មានការអភិវឌ្ឍ ដោយមិនប្រឆាំងផ្កាប់មុខ មិនដឹងខុសត្រូវនោះទេ គឺកំពុងមើលចំពោះ សកម្មភាពរបស់មន្ត្រីគណបក្សកាន់អំណាច ដែល មានអភ័យឯកសិទ្ធិ ដែលបម្រើប្រជាពលរដ្ឋ។ បើពួកគាត់មិនបម្រើរាស្ត្រ និងឆ្លើយតបម្ចាស់ ឆ្នោតនោះ គណបក្សរបស់លោកនឹងធ្វើការ រិះគន់ ក៏ដូចជាការបំភ្លឺផ្លូវឱ្យដើរតាមឆន្ទៈរបស់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត តាមលទ្ធភាពដ៏សមស្របណាមួយ។ ប៉ុន្តែគណបក្សរបស់លោក មិន ធ្វើដូចគណបក្សសង្គ្រោះជាតិ នោះទេ គឺប្រឆាំង ដើម្បីប្រយោជន៍ជាតិ និងយកប្រជាពលរដ្ឋជាធំ មិនមែនប្រឆាំងដោះដូរអំណាច ឬដើម្បីដោះដូរ ក្រុមណាមួយនោះទេ។ ពោលគឺមិនមែនប្រឆាំង ផ្កាប់មុខនោះទេ ប្រឆាំងត្រង់កន្លែងណា ដែល គេធ្វើអសកម្ម និងធ្វើឱ្យរាស្ត្រហូរទឹកភ្នែក មិន ជួយរាស្ត្រ និងប្រឆាំងអ្នកដែលលក់អធិបតេយ្យជាតិ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “ទី១ ខ្ញុំចង់បកស្រាយឱ្យសាធារណជន កុំ ឱ្យភ័ន្តច្រឡំសាធារណមតិ ការពិតទៅ គណបក្ស យុវជន ជាគណបក្សប្រឆាំង រួចទៅហើយ។ មានន័យថា គណបក្សយុវជន អត់បានចូលធ្វើ ការជាមួយរដ្ឋាភិបាល ក៏មិនបាននៅក្នុងរដ្ឋសភា មិនទាន់បានមកជួបនៅក្រោមគំនាបគណបក្ស ណាមួយដែរ។ អ៊ីចឹង គណបក្សយុវជនយើង ជាគណបក្សប្រឆាំងរួចទៅហើយ ដែលយើង បើកមក គឺបើកដើម្បីប្រឆាំងហើយ មិនមែន ដើម្បីស្របទេ។ ក៏ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា យើង ប្រឆាំងលក្ខណៈបែបថ្មី អត់ប្រឆាំងដូចលក្ខណៈ គណបក្សសង្គ្រោះជាតិទេ យើងប្រឆាំងឈរលើ គោលការណ៍អភិវឌ្ឍន៍ជាតិ ហើយនិងសង្គ្រោះ ប្រជាពលរដ្ឋឱ្យរូចផុតពីទុក្ខលំបាក។ ពោលគឺ ប្រឆាំងដើម្បីឱ្យជាតិរីកចម្រើន និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋនិងម្ចាស់ឆ្នោត។ អ៊ីចឹង យើងប្រឆាំងអត់មានលាយឡំជាមួយនឹងគំនុំ ផ្ទាល់ខ្លួន អត់លាយឡំមួលបង្កាច់ឱ្យបុគ្គលណា ឬក៏ជនណាមួយព្រាត់ប្រាសដោយបក្សប្រឆាំង របស់យើងប្រជាភិថុតិដែរ។ យើងប្រឆាំងទៅ លើប្រព័ន្ធដឹកនាំការងារអសកម្ម ហើយមិន មានឥទ្ធិពល ឬក៏លទ្ធផលទៅដល់ម្ចាស់ឆ្នោត។ អ៊ីចឹងបានយើងប្រកាសខ្លួនថា ប្រឆាំងៗក្នុង ន័យស្ថាបនា ប្រឆាំងដើម្បីឱ្យជាតិរីកចម្រើន។ ចំពោះសង្ឃឹមថានឹងមានសំឡេងគាំទ្រច្រើនទេ នៅពេលក្លាយជាគណបក្សប្រឆាំងនោះ យើង អត់ប្រឆាំងតម្រូវចិត្តម្ចាស់ឆ្នោតទេ គឺយើង ប្រឆាំងឈរលើគោលការណ៍អភិវឌ្ឍន៍ជាតិ យើង ឈរលើគោលការណ៍សង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយយើងប្រកាសខ្លួនហ្នឹងអត់មានទៅទាមទារដាច់ខាតពីបុគ្គលណាមួយទេ គ្រាន់តែថា យើងធ្វើតាមគោលនយោបាយរបស់គណបក្ស យុវជន ដែលបានដាក់ចេញ ដែលឯកភាពក្នុង អចិន្ត្រៃយ៍បក្ស ក្នុងន័យការចូលរួមអភិវឌ្ឍន៍ ជាតិ និងការពារម្ចាស់ឆ្នោត ជូនដល់អ្នកទន់ខ្សោយ និងអ្នកទន់ជ្រាយ។ អ៊ីចឹងយើងប្រឆាំង ឈរលើគោលការណ៍អភិវឌ្ឍន៍ជាតិ សង្គ្រោះជីវភាពប្រជាពលរដ្ឋ យើងអត់ប្រឆាំងដើម្បីអូស ទាញសន្លឹកឆ្នោតដូចគណបក្សមុនៗ មកប៉ាច់ ឡើងប្រឆាំងដាច់ក្បាលដាច់កន្ទុយ ដើម្បីដណ្តើម យកការគាំទ្រ យើងធ្វើអត់បានទេ។ យើងអត់ អាចបង្រៀនមនុស្សឱ្យប្រឆាំងនូវអ្វីដែលមិនមែនជាការពិតនោះឡើយ យើងប្រឆាំងអ្វីដែល ជាការពិត ហើយវាមានភាពរងគ្រោះដល់ជាតិ បានយើងប្រឆាំង បើគេធ្វើឱ្យរីកចម្រើនជាតិ ហើយ យើងទៅប្រឆាំងគេធ្វើអីទៀត អាហ្នឹង ឱ្យគេធ្វើទៅ! តែបើគេធ្វើមិនរីកចម្រើនជាតិ ហើយអសកម្មក្នុងការចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ អាហ្នឹងយើងប្រឆាំងហើយ ក្នុងការងើបឡើងសកម្ម ក្នុងការជួយប្រជាពលរដ្ឋ”។

លោកពេជ្រ ស្រស់ បន្តថា “ចំពោះពាក្យ គេថា បក្សប្រឆាំងថ្មី មិនអាចប្រៀបបាននឹងបក្ស ប្រឆាំងចាស់នោះ យើងប្រៀបអត់បានពិតមែន។ យើងទទួលស្គាល់ការពិត ត្រង់ថា យើងអត់ចេះ មួលបង្កាច់ដូចគណបក្សប្រឆាំង ហើយយើង ប្រៀបមិនបានត្រង់ថា យើងបង្រៀនឱ្យល្មើសច្បាប់ទៅអត់រួចទេ។ ប្រឆាំងដូចគណបក្ស សង្គ្រោះជាតិ ហ្នឹងយើងធ្វើអត់ដូចទេ ពីព្រោះ អី? ប្រៀបមិនបានត្រង់ថា យើងអត់បានបង្រៀន ឱ្យសកម្មជនទៅល្មើសច្បាប់ ហើយមួលបង្កាច់ លាបពណ៌អ្នកដទៃ យើងទៅធ្វើអត់ដូចទេ យើង ប្រឆាំងបែបបច្ចេកទេស ប្រឆាំងដែលការងារ ដែលគេធ្វើមិនបានល្អ ឬក៏ធ្វើឱ្យជាតិហិនហោច អាហ្នឹងយើងប្រឆាំង ហើយអត់ប្រឆាំងលក្ខណៈ បោះសំឡេងឱ្យហ៊ុន សែន ចុះចេញទៅ ឱ្យវា ខុសនឹងច្បាប់រដ្ឋហ្នឹង យើងធ្វើអត់បានទេ។ ជារួម ទី១ ខ្ញុំសុំបញ្ជាក់ថា គណបក្សយុវជនកម្ពុជា យើង គឺជាគណបក្សប្រឆាំង តាំងពីយើងបើក ដំបូងមកម៉្លេះ បើគិតមកដល់ថ្ងៃនេះ វាជិតនឹង ២ឆ្នាំមកហើយៗប្រឆាំងរបស់គណបក្សយុវជន ដែលប្រកាសខ្លួន ដែលចុះផ្សាយព្រោងព្រាត ហ្នឹង គឺប្រឆាំងលក្ខណៈបែបថ្មី លក្ខណៈបច្ចេកទេស ដើម្បីជាតិរីកចម្រើនទៅមុខ ហើយឱ្យ ម្ចាស់ឆ្នោតសុខស្រួលនៅក្នុងជីវភាពប្រចាំថ្ងៃ យើងអត់ប្រឆាំងដូចអតីតគណបក្សប្រឆាំងនោះ ឡើយ យើងអត់ប្រឆាំងរត់ចោលស្រុក បង្កាច់ កេរ្តិ៍ ខ្លះគេចាប់ដាក់គុក អាហ្នឹងវាអត់បានន័យ អីទាំងអស់ វាធ្វើឱ្យសកម្មជនយើងរងទុក្ខទៅ វិញ។ អ៊ីចឹងអ្វីដែលខ្ញុំចង់បញ្ជាក់សុំឱ្យបងប្អូន ជនរួមជាតិមេត្តាជ្រាបថា នៅពេលដែលយើង ប្រឆាំងដើម្បីរីកចម្រើន អាហ្នឹងយើងទទួល យកទៅ តែបើប្រឆាំងដើម្បីឱ្យជនណាមួយ ស្លាប់ដោយសារយើងៗគួរតែកុំចូលរួមប្រឆាំង”។

គួរបញ្ជាក់ថា នៅក្នុងបរិបទនយោបាយ នៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ក្រៅពី អតីតគណបក្សសង្គ្រោះជាតិ ដែលបានរំលាយ ដោយសាលដីកាតុលាការកំពូលទៅហើយនោះ ក៏នៅមានគណបក្សមួយចំនួនទៀតផងដែរ ដែលត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោត ខាងមុខ។ គណបក្សទាំងនោះ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ ជាដើម។ ប៉ុន្តែក្នុង ចំណោមគណបក្សទាំងនោះ ដូចជាមិនទាន់មាន គណបក្សណាមួយ ប្រកាសតាំងខ្លួនជាគណបក្ស ប្រឆាំងជំនួសអតីតគណបក្សសង្គ្រោះជាតិ ជា ផ្លូវការនៅឡើយ។

ជាមួយគ្នានោះដែរ មជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន យល់ថា លទ្ធិប្រជាធិបតេយ្យ នឹងដើរថយក្រោយ បើគ្មានបក្សប្រឆាំង ចូលរួម ប្រកួតប្រជែងការបោះឆ្នោត។

លោកចច អេដហ្គារ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកចច អេដហ្គារ (George EDGAR) ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Southeast Asia GLOBE កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ដើម្បីឱ្យដំណើរការបោះឆ្នោតនៅកម្ពុជា មានភាពស្របច្បាប់ អាចទទួលយកបាន គឺ ទាល់តែអនុញ្ញាតឱ្យគណបក្សប្រឆាំង បានចូល រួមដែរ ព្រោះចំណុចសំខាន់នៃគោលការណ៍ លទ្ធិប្រជាធិបតេយ្យ គឺការផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាអ្នកសម្រេចជ្រើសរើស មេដឹកនាំដែលនឹងតំណាងពួកគាត់នៅរដ្ឋសភា ស្របតាមឆន្ទៈពិតប្រាកដរបស់ពួកគាត់។

លោកបន្តថា ការផាត់ចោលគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រ រហូតដល់ជិត ៤៤5 បែបនេះ គឺជាបញ្ហាធំមួយ។ សហភាពអឺរ៉ុប បានសម្រេចកាត់ផ្តាច់ជំនួយទាំងស្រុងដែលធ្លាប់ផ្តល់ទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែ រដ្ឋាភិបាលកម្ពុជា បានធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។

ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ធ្លាប់បានអះអាងថា ទោះបីគ្មានគណបក្សសង្គ្រោះជាតិ ក៏នៅមានគណបក្សនយោបាយ ច្រើនទៀត ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយលទ្ធិប្រជាធិបតេយ្យនៅតែដំណើរការ ធម្មតា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាម កាលបរិច្ឆេទដែលបានកំណត់ ហើយមិនចាំបាច់ ឱ្យប្រទេសណាទទួលស្គាល់ការបោះឆ្នោតរបស់ កម្ពុជា ក្រៅពីប្រជាពលរដ្ឋកម្ពុជា ទៅចូលរួម បោះឆ្នោតជ្រើសរើសតំណាង និងមេដឹកនាំ ប្រទេសរបស់ខ្លួននោះទេ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានធានាអះអាងថា នឹងរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខនេះ ឱ្យបានល្អ ក្នុងសុខសន្តិភាព តម្លាភាព ប្រជាធិបតេយ្យ ដែលបណ្តាបក្សនយោបាយជាច្រើន នឹងចូលរួមក្នុងការបោះឆ្នោតនេះ។

ចំពោះអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) ដែលត្រូវបានរំលាយចោលជា ស្ថាពរដោយអំណាចសាលដីកាតុលាការកំពូល ពីបទក្បត់ជាតិ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នោះ សម្តេចហ៊ុន សែន បញ្ជាក់ម្តងហើយម្តងទៀតថា នឹងគ្មានឈ្មោះ គណបក្សនេះទៀតទេ។ សម្តេចថែមទាំងបាន បញ្ជាក់ថា ឱ្យកាប់ថ្មចំណាំចុះ គណបក្សដែល ងាប់ទៅហើយនោះ មិនអាចរស់វិញបានឡើយ គឺទាល់តែសេះដុះស្នែង ទើបបក្សដែលងាប់ ហើយរស់វិញបាន៕

កុលបុត្រ