បក្សកាន់អំណាច បញ្ជាក់គ្មានទេជំនួបចរចាសម្តេចហ៊ុន សែន-លោកសម រង្ស៊ី នៅអូស្ត្រាលី

លោកសុខ ឥសាន

ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ថា នឹងគ្មាន ជំនួបចរចាណាមួយ រវាងសម្តេចហ៊ុន សែន ជាមួយលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និង ជាប្រធានចលនាសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី នាពេលខាងមុខនោះទេ។

ជាមួយនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្តេច ចំហទ្វារសម្រាប់កិច្ចការសន្ទនានយោបាយ ជាមួយអ្នកណាក៏ដោយ តែសម្តេចមិនស្វាគមន៍ ការសន្ទនាជាមួយអ្នកជាប់ទោសខាងផ្លូវច្បាប់ ឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានថ្លែងបញ្ជាក់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ថា ចំពោះការលើកឡើងរបស់ក្រុមប្រឆាំង ដែលចង់ឱ្យមានជំនួប ចរចារវាងសម្តេចហ៊ុន សែន ជាមួយលោកសម រង្ស៊ី នៅពេលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញ ទៅប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅប្រទេស អូស្ត្រាលី នាពាក់កណ្តាលខែមីនា ខាងមុខនេះ។

លោកសុខ ឥសាន បានថ្លែងថា “អតីត មេបក្សប្រឆាំង និងជាទណ្ឌិត កំពុងឆ្លេឆ្លាខ្លាំង ណាស់ ដោយចង់ឱ្យមានរបស់ដែលហៅថា ការ ចរចាថ្នាក់ជាតិមួយ រវាងភាគីរាជរដ្ឋាភិបាល កម្ពុជា និងភាគីទណ្ឌិត ដែលចង់បានដង្ហើមដក ឡើងវិញ ក្នុងសកម្មភាពនយោបាយនៅកម្ពុជា ជាពិសេស ចង់ចូលរួមក្នុងការបោះឆ្នោតជាតិ នាពេលឆាប់ៗខាងមុខនេះ។ ដើម្បីឱ្យការស្រមើស្រមៃរបស់ទណ្ឌិត និងជាឧទ្ទាមក្រៅច្បាប់នេះ បានសម្រេច មានបក្ខពួករបស់ទណ្ឌិត និងឧទ្ទាម បានរួមមតិយោបល់ថា បើសិនជាមានជំនួបគ្នា រវាងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងទណ្ឌិត ពិភាក្សាគ្នា ក្នុងនាមជាខ្មែរ និងខ្មែរ ហើយបើបានហូបបាយ ជាមួយគ្នាទៀត ជាការ កាន់តែល្អ ហើយសង្ឃឹមថា នឹងអាចរកដំណោះ ស្រាយបាន។ ការជួបគ្នា និងហូបបាយសាមគ្គី រវាងក្រុមគ្រួសារ ធ្លាប់បានបង្រៀនសម្តេចរួច ហើយ តែរាល់បំណងដ៏ល្អរបស់សម្តេច ត្រូវបាន ជនអគតិជាដៃគូសន្ទនា ប្រមាថ ហើយបំផ្លាញ ចោលយ៉ាងព្រៃផ្សៃ។ ម៉្យាងទៀត ការធ្វើដំណើរ ទៅអូស្ត្រាលី គឺជាការដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ ដើម្បីប្រជុំកំពូល អាស៊ាន-អូស្ត្រាលី គ្មាន ឱកាសជួបជាមួយទណ្ឌិតណាឡើយ។ ទណ្ឌិត គ្មានឋានៈស្អីមកជួបសម្តេចនោះទេ មានតែចូល គុក។ បើសិនជាមានពេលអាចសម្តេចតេជោ យកពេលនេះ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនរួមឈាមខ្មែរនៅអូស្ត្រាលី ជាការ ប្រសើរជាង។ ដូច្នេះ គោលបំណងចង់ឱ្យមាន ការជួបចរចាណាមួយនោះ គឺគ្មានតែម្តងគឺពិត ជាការយល់សប្តិហើយ កុំសង្ឃឹមឱ្យសោះ។

លោកសុខ ឥសាន បានមានប្រសាសន៍ បន្ថែមប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “យើងដឹងហើយថា បេសកកម្មរបស់សម្តេច ក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ហ្នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ មិនមែនដើម្បី រវល់ជួបលោកសម រង្ស៊ី ជាទណ្ឌិតទេ គ្មានឋានៈ សម រង្ស៊ី ណាអាចនឹងជួបសម្តេចតេជោ ហ៊ុន សែន បានទេ ព្រោះសម្តេចមានបេសកកម្មធំ របស់គាត់ គឺត្រូវទៅប្រជុំអាស៊ាន-អូស្ត្រាលី។ អ៊ីចឹងគ្មានពេលជួបទណ្ឌិត ហើយបើសិនជា មានពេល ក៏មិនបាច់ជួបទណ្ឌិតដែរ គ្មានឋានៈ អីមកត្រូវជួបសម្តេចតេជោ ហ៊ុន សែន បាន ទេ ព្រោះមនុស្សនេះ គេត្រូវផាត់ចេញពីសង្គម កម្ពុជា រួចទៅហើយ បាត់សិទ្ធិនយោបាយ បាត់ សិទ្ធិអីទាំងអស់ហើយ ព្រោះជាទណ្ឌិត។ អ៊ីចឹង ទេ កុំនិយាយពីរឿងថាចង់ជួបសម្តេចហ៊ុន សែន ក្នុងការចរចាអីផ្សេងៗហ្នឹង វាអត់មានទេ។ មួយ ទៀត បើសិនលោកសម រង្ស៊ី ទៅអូស្ត្រាលី ហើយចូលរួមជាអ្នកប្រឆាំងសម្តេចតេជោ នៅ ទីនោះ អាហ្នឹងសុទ្ធតែពួកប្រឆាំងហើយ នៅ ក្រៅហើយអាហ្នឹង គឺគេមិនឱ្យចូលជិតក្នុងអង្គ ប្រជុំរបស់គេទេ អាហ្នឹងនៅក្រៅបាន អាហ្នឹង នៅក្នុងខ្សែក្រវាត់មួយ ដែលអាជ្ញាធរគេដាក់ ដើម្បីកំណត់ព្រំដែនឱ្យដើរតែប៉ុណ្ណោះទេ”។

ការបញ្ជាក់របស់លោកសុខ ឥសាន អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជាខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលលោកព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ជាឱកាសល្អសម្រាប់ការ ចាប់ផ្តើមឡើងវិញនូវវប្បធម៌សន្ទនាតាមរយៈ ជំនួបផ្ទាល់រវាងសម្តេចនាយករដ្ឋមន្ត្រី និងលោក សម រង្សី នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្ត្រាលី នៅពាក់កណ្តាលខែមីនា ខណៈដែលសម្តេច នាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមប្រជុំកំពូល អាស៊ាន-អូស្ត្រាលី។ លោកព្រាប កុល បាន លើកឡើងថា ចង់ឱ្យឥស្សរជននយោបាយខ្មែរ ទាំងពីររូបនេះ រកដំណោះស្រាយនយោបាយ មួយក្នុងស្មារតីបង្រួបបង្រួមជាតិ ដែលនាំឱ្យ លោកសម រង្សី និងលោកកឹម សុខា បានវិល ចូលមកក្នុងឆាកនយោបាយវិញ។

លោកព្រាប កុល បានមានប្រសាសន៍ ប្រាប់ “នគរធំ” កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៨ ថា “បាទ! ជំហានទី១ ខ្ញុំយល់ឃើញ ថា វាជាឱកាសល្អ ដែលឥស្សរជននយោបាយ ដែលមានទំនាស់ ឬក៏មានការខ្វែងគំនិត មាន ការប្រឈមមុខដាក់គ្នាហ្នឹង មានឱកាសជួបគ្នា នៅទឹកដីនៃប្រទេសអូស្ត្រាលី នៅក្នុងខណៈ ពេលដែលនាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួម ប្រជុំអាស៊ាន-អូស្ត្រាលី។ ដូច្នេះនេះជាឱកាស ព្រោះលោកសម រង្ស៊ី មិនអាចចូលស្រុកបាន ទេ ក្នុងបរិបទនៃការជាប់ពាក្យបណ្តឹងផ្សេងៗ ហ្នឹង។ អ៊ីចឹងទៅ បើសិនជាយើងមានបំណង ដោះស្រាយវិបត្តិនយោបាយ ក្រោមស្មារតីនៃ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ខ្ញុំថាឱកាស ល្អនៅពេលហ្នឹងហើយ អាហ្នឹងកត្តាទី១។ ដើម្បី ធ្វើរឿងនេះបាន ទាល់តែឥស្សរជននយោបាយ ហ្នឹងមានឆន្ទៈថា ខ្មែរត្រូវតែដោះស្រាយរវាង ខ្មែរ ហើយដើម្បីដោះស្រាយ ត្រូវតែមានជួប សន្ទនា។ អ៊ីចឹងទៅ យើងធ្វើឱ្យវប្បធម៌សន្ទនា ហ្នឹងរស់ឡើងវិញ វប្បធម៌សន្ទនាដែលសម្តេច នាយករដ្ឋមន្ត្រី និងលោកសម រង្ស៊ី បានបង្កើត រួមគ្នាហ្នឹង ឱ្យវាមានជីវិតឡើងវិញ ហើយយក វេទិកាសន្ទនាហ្នឹងជជែកគ្នាទៅ ពីរឿងប្រទេស ជាតិ ថាតើអាចដោះស្រាយបញ្ហាហ្នឹងតទៅ ទៀតយ៉ាងម៉េច? ហើយធ្វើម៉េចដើម្បីយើង ដោះស្រាយវិបត្តិនយោបាយ? ដើម្បីឱ្យចៀស ផុតវិបត្តិកាន់តែធ្ងន់ ហើយនិងអាចឈានទៅ ដល់យើងបារម្ភខ្លាចមានការដាក់សម្ពាធ ឬក៏ ដាក់ទណ្ឌកម្មពីអន្តរជាតិពីប្រទេសមហាអំណាច ផ្សេងៗទៅ វាប៉ះពាល់ប្រជាពលរដ្ឋ ហើយយើង ក៏មិនចង់ឱ្យខ្មែរ យើងហ្នឹងបែកបាក់គ្នា មើល មុខគ្នាមិនចំ ហើយទៅណាមកណា បាតុកម្ម ប្រឆាំងគ្នាលើទឹកដីបរទេស យើងខ្មាសគេណាស់ យើងអត់ចង់ឃើញទិដ្ឋភាពហ្នឹងទេ ខ្លួនខ្ញុំផ្ទាល់ អត់ចង់ឃើញតែម្តង ខ្ញុំមានអារម្មណ៍ថា វាជា ការអកុសល។ អ៊ីចឹងទៅ ខ្ញុំថា បើសិនជាយើង តម្កល់ផលប្រយោជន៍ជាតិ ហើយរកដំណោះស្រាយដោយការបង្រួបបង្រួមជាតិ ដូចអ្វីដែល សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់ធ្វើ ដូចជាយុទ្ធសាស្ត្រ ឬក៏រូបមន្តឈ្នះ-ឈ្នះ ហើយនិងការបង្រួបបង្រួមជាតិ ហើយនិងអ្វីដែលព្រះបរមរតនកោដ្ឋ សម្តេចតា ធ្លាប់បានធ្វើកន្លងមក ខ្ញុំថាវាជារូបមន្ត ល្អហើយ ជាវិធីល្អបំផុត ដែលខ្ញុំអាចគិតឃើញ នៅពេលហ្នឹង ដូចជាមិនមានអ្វីក្រៅពីហ្នឹងល្អ ជាងការជជែកគ្នាហ្នឹងទេ”។

ទោះបីយ៉ាងណា លោកសុខ ឥសាន បាន មានប្រសាសន៍ឆ្លើយតបសង្កត់ធ្ងន់នឹងចំណុច នេះថា “អាហ្នឹងការចង់របស់គាត់ ជាការចង់ របស់គាត់ (លោកព្រាប កុល) ក៏ប៉ុន្តែអាការ ចង់ហ្នឹង វាមិនអាចប្រែក្លាយទៅជាការពិតទេ មិនយកអ្នកត្រឹមត្រូវទៅធៀបជាមួយអ្នកដែល មានទោសជាប់គុក ហើយមិនទាន់បានអនុវត្ត ទោសនោះទេ។

ទោះជាយ៉ាងណា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង បញ្ជាក់ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ថា សម្តេចបើកទ្វារចំហ សម្រាប់ការសន្ទនាខាង នយោបាយជាមួយអ្នកណាក៏ដោយ ប៉ុន្តែសម្តេច មិនសន្ទនាជាមួយអ្នកជាប់ទោស ឬទណ្ឌិតនោ ទេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ នៅពេលនោះថា “ខ្ញុំបើកទ្វារចំហទៅលើកិច្ចការ សន្ទនាខាងនយោបាយ ជាមួយអ្នកណាក៏ដោយ ក៏ប៉ុន្តែត្រូវតែញែកគ្នា ឱ្យច្បាស់ខ្ញុំមិនអាចសន្ទនា ជាមួយអ្នកណាជាប់ជាមួយផ្លូវច្បាប់បានទេ ព្រោះរឿងនេះ ជារឿងតុលាការ ឯរឿងអ្នក ដទៃទៀត ដែលមិនជាប់ បញ្ហាផ្លូវច្បាប់ បក្ស នយោបាយច្រើនណាស់ ឥឡូវឮថាបង្កើតបក្ស កែម ឡី ហើយឮថា តាម៉ម សូណង់ដូ កំពុង តែពង្រឹងកម្លាំងគាត់ខ្លាំងណាស់ កាលពីមុន គេតែងតែនិយាយទៅដល់តាដូដែរ តាម៉ម សូណង់ដូ អ៊ីចឹងឮថា គាត់ក៏កំពុងតែពង្រឹងតាដូ អើយ ចាស់ហើយ ប៉ុន្តែបើធ្វើបានធ្វើទៅបក្ស នយោបាយនឹងកើតព្រោងព្រាត ការដែលអនុវត្ត ច្បាប់ទៅលើអ្នកប្រព្រឹត្តខុស និងអង្គការចាត់ តាំងនយោបាយមួយដែលធ្វើខុស មិនមែនជា ការបំផ្លាញលទ្ធិប្រជាធិតេយ្យទេ តែនេះ គឺជា ការសង្គ្រោះលទ្ធិប្រជាធិតេយ្យ ហើយធានា បានថា មិនមានមនុស្សណាស្លាប់ ដោយសារ តែអំពើអនាធិបតេយ្យរបស់ក្រុមជ្រុលនិយម ១ក្រុមទេ។ ខ្ញុំបាននិយាយនៅទីនេះ បើទោះ ចំណាយមនុស្សមួយចំនួន ដើម្បីសង្គ្រោះមនុស្ស រាប់លាននាក់ ក៏ត្រូវតែធ្វើដែរ មិនអាចទុកឱ្យ អ្នកឯងបំផ្លាញជាតិបានទេ! សង្គ្រាម ខ្ញុំជាអ្នក បញ្ចប់សង្គ្រាម មិនមែនជាអ្នកបង្កើតសង្គ្រាម ទេ សង្គ្រាមត្រូវបានបញ្ចប់នៅក្នុងកណ្តាប់ដៃ របស់ហ៊ុន សែន ពេលដែលប្រទេស ផ្ទុះសង្គ្រាម ខ្ញុំទើបមានអាយុ១៨ឆ្នាំទេ ពីឆ្នាំ១៩៧០ រហូត ដល់ឆ្នាំ១៩៩៨ យើងគិតមើលប៉ុន្មានឆ្នាំ…៕

កុលបុត្រ