កាលពីព្រឹកថ្ងៃពុធ ទី4 ខែកក្កដា ឆ្នាំ2018 តុលាការម៉ាឡេស៊ី បានសម្រេចចោទប្រកាន់លោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធបទល្មើសចំនួន៣ធំៗ រួមមាន៖ បទពុករលួយ បទឧក្រិដ្ឋក្បត់ទំនុកចិត្ត និងបទល្មើសរំលោភអំណាច ក្នុងអំឡុងពេលលោកដឹកនាំប្រទេស។
ទោះជាយ៉ាងណាក្តី លោកណាជីប បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ។ ដោយលើកឡើងជាករណីនយោបាយប្រឆាំងនឹងរូបលោក និងក្រុមគ្រួសារ។
អគ្គមេធាវីទទួលបន្ទុកកាត់ក្តីសំណុំរឿងពុករលួយលោកណាជីប បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានរបាយការណ៍ពុករលួយបន្ថែមទៀតពីអង្គភាពពុករលួយ។
លោកណាជីប ត្រូវបានចោទប្រកាន់ករណីពុករលួយលុយជាង700លានដុល្លារពីមូលនិធិអភិវឌ្ឍន៍ប្រទេស រាប់ពាន់លានដុល្លារ ដែលលោកបានបង្កើតឡើង។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី4 ខែកក្កដា ឆ្នាំ2018។
លោកណាជីប ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរអង្គភាពប្រឆាំងអំពើពុករលួយ កាលពីល្ងាចថ្ងៃអង្គារ ហើយបានឃុំខ្លួននៅទីនោះមួយយប់ មុននឹងនាំឡើងសវនាការ។
លោកណាជីប ត្រូវបានគេសើរើសំណុំរឿងពុករលួយជាបន្តបន្ទាប់ ក្រោយពេលលោកចាញ់ឆ្នោតអស់តំណែងនាយករដ្ឋមន្ត្រី កាលពីខែឧសភា។
ប្រសិនបើរកឃើញថា លោកមានកំហុសដូចការចោទប្រកាន់មែននោះ គឺត្រូវជាប់គុករយៈពេល20ឆ្នាំ។
លោកណាជីប បានសុខចិត្តបង់លុយនៅក្រៅឃុំ ចំនួន247000ដុល្លារ និងត្រូវជាប់បំរាមមិនឱ្យចាកចេញពីប្រទេស ស្ថិតក្នុងការឃ្លាំមើលពីអាជ្ញាធរ។
ការកាត់ក្តីរបស់លោក គ្រោងនឹងធ្វើឡើងនៅថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2019 ខាងមុខ៕