បន្ទាប់ពីរកឃើញថា អ្នកបើកបរយន្តហោះ និងបុគ្គលិកនៅក្នុងបន្ទប់បើកបរ បានលួចជក់បារីអេឡិចត្រូនិក ក្នុងអំឡុងពេលបើកបរ កាលពីដើមសប្តាហ៍ ឥឡូវនេះ ក្រុមហ៊ុនសម្រេចបណ្តេញពួកគេចេញពីតំណែង។ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ កន្លងទៅនេះ អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជើងយន្តហោះហើរលេខ CA106 ចេញដំណើរពីហុងកុង ឆ្ពោះទៅទីក៉្រីង Dalian ភាគខាងជើងនៃប្រទេសចិន។
នៅក្នុងអំឡុងពេលបើកបរ បុគ្គលិកក្នុងបន្ទប់បើកបរបានជក់បារីអេឡិចត្រូនិក ហើយក៏បានច្រឡំដៃបើកកុងតាក់សម្រាប់ ទម្លាក់បំពង់អុកស៊ីហ្សែន ដល់អ្នកដំណើរ ដោយនឹកស្មានថា ជាកុងតាក់សម្រាប់កង្ហារកែច្នៃផ្សែងបារី ដើម្បីកុំឱ្យធុំក្លិនដល់អ្នកដំណើរ ធ្វើឱ្យយន្តហោះបានទម្លាក់ខ្លួនចុះ ពីរយៈកម្ពស់ពី១ម៉ឺនម៉ែត្រ ចុះមកដល់៤០០០ម៉ែត្រ ក្នុងរយៈពេលតិចជាង១០នាទី។ កាលចុចច្រឡំកុងតាក់ទៅលើប្រព័ន្ធទម្លាក់អុកស៊ីហ្សែននោះ បានធ្វើឱ្យអ្នកដំណើរនៅក្នុងយន្តហោះ មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែស្ថានភាពយន្តហោះស្ថិតនៅក្នុងរយៈកម្ពស់ទាបពេក។
នេះបើយោងតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធ័ GPS របស់អ្នកដំណើរ។ យន្តហោះ ប៊ូអ៊ីង ៣៣៧ ដឹកអ្នកដំណើរ១៥៣នាក់ និងអ្នកបើកបរចំនួន៩នាក់ បានចំណាយពេល៣ម៉ោង ធ្វើដំណើរទៅកាន់ទីក្រុង Dalian និងចុះចតដោយសុវត្ថិភាព។
ក្រោយពីប្រមូលបានភ័ស្តុតាងគ្រប់គ្រាន់ ក្រុមហ៊ុនអាកាសចរណ៍ចិន បានសម្រេចបញ្ឈប់ការងារ និងដកហូតអាជ្ញាបណ្ណពីអ្នកបើកបរទាំងនោះ៕