បន្ទាប់ពីមានជំនួបប្រជុំជាមួយប្រធានាធិបតីរុស្សុី លោកវ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហែល ស៊ីនគី ប្រទេសហ្វង្វាំឡង់ដ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរងសម្ពាធយ៉ាងខ្លាំងពីសមាជិករដ្ឋសភា មកពីគណបក្សរបស់លោក ក៏ដូចជាគណបក្សប្រជាធិបិតេយ្យ បន្ទាប់ពីថ្លែងសារការពារលោកពូទីន ពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីអាមេរិក បាននិយាយប្រឆាំងទៅនឹងភ្នាក់ងារចារកម្មស៊ើបអង្កេតរបស់ខ្លួន ដោយនិយាយថា ប្រទេសរុស្ស៊ី គ្មានហេតុផលណាមួយ ដើម្បីជ្រៀតជ្រែកទៅលើកិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិកនោះទេ។
ក្រោយពីប្រធានាធិបតីអាមេរិក ជាប់ឆ្នោត ទីភ្នាក់ងារស៊ើបអង្កេត បានចោទប្រកាន់ថា រុស្ស៊ី គឺជាអ្នកនៅពីក្រោយជ័យជម្នះរបស់លោកដូណាល់ ត្រាំ។ កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ចារកម្មរុស្ស៊ី ១២នាក់ បានលួចហែកព័ត៌មានបោះឆ្នោត ឆ្នាំ២០១៦។
មុនជំនួបប្រជុំគ្នា ត្រាំ បានថ្លែងរិះគន់រដ្ឋបាលមុនៗ របស់ទីក្រុងវ៉ាស៊ីនតោន ថាជាគោលនយោបាយដ៏ល្ងង់ខ្លៅ ដោយចាត់ទុកប្រទេសរុស្សុី ជាសត្រូវ។
នៅចំពោះមុខអ្នកសារព័ត៌មានដែលសួរថា តើលោកជឿទៅលើទីភ្នាក់ងារស៊ើបអង្កេតរបស់ខ្លួន ដែលចោទប្រកាន់ថា រុស្ស៊ី ជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែរឬអត់?
ត្រាំ បានឆ្លើយថា ខ្ញុំមិនឃើញមានហេតុផលណាមួយជាប់ពាក់ព័ន្ធនឹងបញ្ហានេះទេ។ លោកបានបន្តទៀតថា ប្រធានាធិបតីពូទីន គឺជាមនុស្សមួយដ៏ខ្លាំងអស្ចារ្យ និងមានអំណាច។
លោក Paul Ryan មកពីគណបក្សសាធារណរដ្ឋ បានធ្វើការរិះគន់ចំពោះការអធិប្បាយរបស់ត្រាំ ដែលថ្លែងការពារទង្វើរបស់ប្រទេសរុស្ស៊ី។
លោកបានបន្តទៀតថា ប្រធានាធិបតីត្រូវូតែវាយតម្លៃថា រុស្ស៊ី មិនមែនជាសម្ព័ន្ធមិត្តរបស់យើងទេ។
ជាងនេះទៅទៀត សមាជិកមកពីគណបក្សប្រជាធិបតេយ្យជាច្រើនរូប ក៏បានធ្វើការរិះគន់ចំពោះការលើកឡើងរបស់ត្រាំ នេះផងដែរ។
ទង្វើរបស់ត្រាំ បែបនេះ បានធ្វើឱ្យអ្នក្ននយោបាយកំពូលៗរបស់សហរដ្ឋអាមេរិក មកពីគណបក្សទាំងពីរ វាយប្រហារនិងរិះគន់យ៉ាងខ្លាំង ដែលធ្វើឱ្យកៅអីប្រធានាធិបតីរបស់លោកកំពុងតែរង្គោះរង្គើ៕