ក្រោយជំនួបប្រជុំនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្ន្នាំ២០១៨ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រមុខមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលបានចុះកិច្ចព្រមព្រៀងរួមក្នុងស្មារតីរំលាយអាវុធនុយក្លេអ៊ែរ រហូតូមកដល់ពេលនេះ មិនទាន់បាន អនុវត្តមួយជំហានណានៅឡើយទេ។ ជំហររបស់លោកដូណាល់ ត្រាំ ហាក់ដូចូជាដើរទៅមុខទៅក្រោយ មានភាពមិនច្បាស់លាស់ក្នុងការទាមទារឱ្យកូរ៉េខាងជើង បំផ្លាញអាវុធនុយក្លេអ៊ែរ។
ក្រោយជំនួបប្រជុំ ប្រធានាធិបតីអាមេរិក រូបនេះ ធ្លាប់បាននិយាយថា នឹងធ្វើឱ្យប្រទេសកូរ៉េខាងជើង លុបបំបាត់អាវុធនុយក្លេអ៊ែរ ឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ប៉ុន្តែ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ប្រធានាធិបតីដែលកំពុងតែទទួលរងការរិះគន់រឿងគាំទ្ររុស្ស៊ី បែរជានិយាយថា សហរដ្ឋអាមេរិក មិនបានកំណត់វេលាជាក់លាក់ដាក់សម្ពាធទៅលើកូរ៉េខាងជើង ក្នុងការបំផ្លាញអាវុធនុយក្លេអ៊ែរនោះទេ តែលោកបាននិយាយថា ដំណើរការពិភាក្សាគ្នារវាងមន្ត្រីជាន់ខ្ពស់ភាគីទាំងពីរ កំពុងស្ថិតនៅលើគន្លងផ្លូវមួយដ៏ត្រឹមត្រូវ និងវិវឌ្ឍន៍ទៅមុខ។
គិតមកត្រឹមថ្ងៃទី១៨ ខែកក្កដា នេះ សេចក្តីថ្លែងការរួមដែលធ្វើនៅសិង្ហបុរី មានអាយុកាល១ខែ៦ថ្ងៃហើយ ប៉ុន្តែ គ្មានសកម្មភាពអ្វីមួយកើតឡើងទាល់តែសោះ ពាក់ព័ន្ធទៅនឹងការប្តេជ្ញាចិត្តរំលាយអាវុធនុយក្លេអ៊ែរ។
ពាក់ព័ន្ធនឹងការរំលាយអាវុធនុយក្លេអ៊ែរនេះដែរ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ធ្លាប់បាននិយាយហើយថា នៅក្នុងអាណត្តិដឹកនាំរបស់ដូណាល់ ត្រាំ ត្រឹមឆ្នាំ២០២១ នេះ មិនអាចបំផ្លាញអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាន់ពេលវេលានោះទេ៕