Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិតុលាការកាត់ទោសលោកស្រីប៉ាក់ គឺនហេ ជាប់ពន្ធនាគារ៨ឆ្នាំទៀត បន្ថែមពីលើទោសចាស់

តុលាការកាត់ទោសលោកស្រីប៉ាក់ គឺនហេ ជាប់ពន្ធនាគារ៨ឆ្នាំទៀត បន្ថែមពីលើទោសចាស់

យោងតាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូល បានបន្តបើកសវនាការកាត់ក្តីលោកស្រីប៉ាក់ គឺនហេ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង  ពីបទប្រព្រឹត្តអំពើពុករលួយ។

តុលាការក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកស្រី ៨ឆ្នាំបន្ថែមទៀត ទៅលើទោសជាប់ពន្ធនាគារ២៤ឆ្នាំ ដែលបានកាត់ទោស កាលពីប៉ុន្មានខែមុន។ សរុបទាំងការកាត់ក្តីលើកមុន និងលើកនេះទៀត លោកស្រីត្រូវជាប់ពន្ធនាគាររយៈពេល៣២ឆ្នាំ ខណៈដែលបច្ចុប្បន្នលោកស្រីមានវ័យ៦៦ឆ្ន្នាំទៅហើយ។

តាមប្រភពពីតុលាការក្រុងសេអ៊ូល សម្រេចកាត់ទោសលោកស្រីឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទទទួលមូលនិធិដោយខុសច្បាប់ ពីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង និង២ឆ្នាំទៀត ពីបទជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៅក្នុងសវនាការនោះ។

លោកស្រីប៉ាក់ គឺនហេ  ជាប្រធានាធិបតីស្ត្រីលើកទីមួយរបស់ប្រទេសកូរ៉េ បានធ្វើពហិការមិនចូលស្តាប់សវនាការនោះទេ ហើយនៅតែប្រកាន់ជំហរថា លោកស្រីគ្មានទោសកំហុស។

លោកស្រីថា ការកាត់ក្តីនេះ គឺជារឿងនយោបាយ។

គួររំលឹកថា កាលពីលើកមុន តុលាការបានសម្រេចកាត់ទោសឱ្យលោកស្រីជាប់ពន្ធនាគារ២០ឆ្នាំរួចទៅហើយ ពីបទប្រើប្រាស់អំណាច រំលោភទៅលើកិច្ចការរដ្ឋាភិបាល ទទួលសំណូក  និងជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរដ្ឋាភិបាល៕

RELATED ARTICLES