Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល និងពួកហាម៉ាស់ យល់ព្រមផ្អាកសង្គ្រាមមួយរយៈ

អ៊ីស្រាអែល និងពួកហាម៉ាស់ យល់ព្រមផ្អាកសង្គ្រាមមួយរយៈ

នៅថ្ងៃសៅរ៍ ទី21 ខែកក្កដា ឆ្នាំ2018 កងកម្លាំងហាម៉ាស់ បាននិយាយថា ខ្លួនបានព្រមព្រៀងផ្អាកសង្គ្រាមមួយរយៈ ជាមួយពួកអ៊ីស្រាអែល នៅតំបន់កាហ្សាស្ទ្រីប ។ ការប្រកាសនេះ ធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ  ក្រោយពេលដែលមានការវាយប្រហារយ៉ាងខ្លាំង ដែលបណ្តាលឱ្យកងទ័ពអ៊ីស្រាអែលម្នាក់ និងកងទ័ពប៉ាឡេស្ទីន 4នាក់ បានស្លាប់បាត់បង់ជីវិត នៅតាមបណ្តោយព្រំដែន។

ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅនឹងការអះអាងរបស់ពួកហាម៉ាស់  ដែលបាននិយាយពីកិច្ចព្រមព្រៀងផ្អាកសង្គ្រាម តែទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា មិនមានឃើញសកម្មភាពយោធាណាមួយនៅក្នុងតំបន់មានជម្លោះ កាលពីថ្ងៃសុក្រ នោះទេ។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ ផ្តើមចេញពីខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ធ្វើឱ្យកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល បានបើកការវាយប្រយុទ្ធតាមអាកាសយ៉ាងខ្លាំង បណ្តាលឱ្យទាហានប៉ាឡេស្ទីន 4នាក់ ស្លាប់បាត់បង់ជីវិត ដែលក្នុងនោះមានពួកសកម្មប្រយុទ្ធហាម៉ាស់ ចំនួន3នាក់។ ក្រៅពីអ្នកស្លាប់ជម្លោះនៅតំបន់កាហ្សានេះ បានបណ្តាលឱ្យមនុស្ស120នាក់ ស្លាប់បាត់បង់ជីវិត។

លោក Fawzi Barhoun អ្នកនាំពាក្យក្រុមអ៊ិស្លាមជ្រុលនិយម ដែលគ្រប់គ្រងតំបន់កាហ្សា បាននិយាយថា កិច្ចព្រមព្រៀងផ្អាកសង្គ្រាមនេះ ផ្តើមចេញពីប្រទេសអេហ្ស៊ីប និងអង្គការសហប្រជាជាតិ ដែលបានប្រឹងប្រែងចង់ឃើញភាគីទាំងពីរ វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់ និងសន្តិភាពវិញ៕

RELATED ARTICLES