លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានជំរុញឱ្យបណ្តាប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ រក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែង ទៅលើប្រទេសកូរ៉េខាងជើង នឹងិរក្សាសម្ពាធទៅលើគីម ជុងអ៊ុន ក្នុងការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ។

នៅក្នុងជំនួបជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Mike បានថ្លែងប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក ចង់ឃើញប្រមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើអ្វីដែលគាត់បានសន្យាជាមួយពិភពលោកនាពេលកន្លងមក ដែលមានន័យថា លោកគីម ជុងអ៊ុន ត្រូវតែរំលាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅតាមស្មារតីកិច្ចព្រមព្រៀង ១២មិថុនា នៅសិង្ហបុរី។
លោក Mike បានធ្វើដំណើរទៅទីក្រុងញូវយ៉ក សម្រាប់ជំនួបប្រជុំរយៈពេល១ម៉ោង ជាមួយក្រុមប្រឹក្សាសន្តិសុខ ដើម្បីរាយការណ៍ពីស្ថានភាពនយោបាយកិច្ចប្រជុំកំពូល រវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន ទៅឱ្យក្រុមប្រឹក្សាកំពូលអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបញ្ចោញសារនយោបាយច្បាស់លាស់ថា វិធីដ៏ល្អបំផុតដើម្បីគាំទ្រគោលចំណងការទូតជាមួយសហរដ្ឋអាមេរិក ទៅលើប្រទេសកូរ៉េខាងជើង គឺមិនត្រូវបន្ធូរបន្ថយការដាក់ទណ្ឌកម្មនោះទេ។
លោកស្រីបានបន្តទៀតថា យើងមិនអាចបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើង ទេ រហូតដល់ពេលណាមួយ ដែលយើងមើលឃើញថា ប្រមុខមេដឹកនាំប្រទេសនេះគោរពទៅតាមការសន្យា ក្នុងជំនួបប្រជុំកំពូលរំលាយអាវុធនុយក្លេអ៊ែរ ចោល។
ទាក់ទងទៅនឹងបញ្ហានេះ ប្រទេសចិន និង រុស្ស៊ី ធ្លាប់បានលើកឡើងថា កូរ៉េខាងជើង គួរតែត្រូវបានផ្តល់ការលើកទឹកចិត្តលុបបំបាត់ការដាក់ទណ្ឌកម្មជាមុនសិន មុននឹងបើកការសន្ទនាជាមួយសហរដ្ឋអាមេរិក និងការបញ្ឈប់ធ្វើតេស្តមីស៊ីលគ្រប់រូបភាពទាំងអស់។
កាលពីឆ្នាំទៅ អង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង មិនឱ្យនាំប្រេងឆៅ៤លានបារ៉ែល ចេញទៅបរទេស និងហាមផលិតផលប្រេងកែច្នៃ ចំនួន៥០ម៉ឺនបារ៉ែល ផងដែរ៕