យ៉ាងហោចណាស់មនុស្ស14នាក់ បានស្លាប់បាត់បង់ជីវិត និងជាង60នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងការវាយប្រហារនៅឯអាកាសយានដ្ឋានទីក្រុងកាបុល អំឡុងពេលដែលអ្នកគាំទ្រយ៉ាងច្រើនីកុះករ ទៅទទួលលោក Dostum អតីតអនុប្រធានាធិបតី ដែលបានវិលត្រឡប់មកមាតុប្រទេស ក្រោយពីនិរទេសខ្លួនឯង។
នៅក្នុងហេតុការណ៍នេះ ឧត្តមសេនីយ៍ Dostum មិនទទួលរងរបួសនោះទេ ខណៈពេលដែលលោកកំពុងដើរកាត់ហ្វូងមនុស្ស កំពុងឈរតម្រង់ជួររង់ចាំទទួលលោក។
លោក Dostum បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ទៅរស់នៅប្រទេសតួកគី អស់រយៈពេលជាង1ឆ្នាំ បន្ទាប់ពីរូបូលោករងការចោទប្រកាន់ពីបទបញ្ជាឱ្យមនុស្សក្រោមឱវាទរបស់លោក ចាប់ជំរិតនិងរំលោភទៅលើគូបដិបក្ខនយោបាយ បើទោះជាលោកបានច្រានចោលការចោទប្រកាន់ទាំងនោះក្តី។ ក្រោយការវាយប្រហារ ក្រុមសកម្មជនរដ្ឋអ៊ិស្លាម បានចេញមុខទទួលខុសត្រូវ។
យោងតាមលោក Hashmat ស្នងការប៉ូលិសក្រុងកាបុល បាននិយាយថា កម្លាំងកងសន្តិសុខ9នាក់ និងប៉ូលិសចរាចរណ៍ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំង14នាក់។
លោក Hashmat បានឱ្យដឹងទៀតថា អ្នកវាយប្រហារគ្រាប់បែកអត្តឃាត គឺធ្វើដំណើរដោយជើងទទេ ចូលទៅក្នុងហ្វូងមនុស្ស ហើយក៏បានបំផ្ទុះគ្រាប់បែកនៅខាងក្រៅរបងព្រលានយន្តហោះ ដែលមានមនុស្សច្រើនរង់ចាំទទួលលោក Dostum។
គួររំលឹកថា លោកឧត្តមសេនីយ៍ Dostum ធ្លាប់បានជួយសហរដ្ឋអាមេរិក ក្នុងការបណ្តេញពួកតាលីបង់ កាលពីឆ្នាំ2001 ប៉ុន្តែ ក្រោយមកលោកត្រូវបានគេស្តីបន្ទោសពីបទប្រើអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានសង្គ្រាមស៊ីវិល អស់រយៈពេលជាយូរមកហើយ។ ដំណើរវិលត្រឡប់របស់លោក ត្រូវបានអ្នកវិភាគមើលឃើញថា ជាការដាក់ទណ្ឌកម្មមួយរបស់ប្រធានាធិបតីបច្ចុប្បន្ន គឺលោក Ghani ដើម្បីទាញយកប្រជាប្រិយភាពមុនការបោះឆ្នោតឆ្នាំក្រោយ៕