ក្រោយពីប្រិធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី ព្រមានអាមេរិក ថា ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាម្តាយនៃសង្គ្រាមទាំងអស់ និងសាងសន្តិភាពជាមួយអ៊ីរ៉ង់ គឺជាម្តាយនៃសន្តិភាពពិភពលោក ដែលមានន័យថា ប្រសិនបើអាមេរិក ចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ នោះ វានឹងធ្វើឱ្យប៉ះពាល់មិនត្រឹមតែអាមេរិក ទេ តែវាប៉ះពាល់ទៅដល់បណ្តាប្រទេសជាច្រើនទៀត។ ការលើកឡើងរបស់មេដឹកនាំអ៊ឺរ៉ង់ រូបនេះ ក៏ដោយសារតែអ៊ឺរ៉ង់ គឺជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hornuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ជាងគេលើពិភពលោក ហើយក្នុងករណីអ៊ឺរ៉ង់ បិទច្រកនេះ ពិភពលោកទាំងមូលនឹងជួបបញ្ហាវិបត្តិខ្វះប្រេងឥន្ធនៈ។

មេដឹកនាំអ៊ឺរ៉ង់ រូបនេះ ក៏បានផ្ញើសារទៅលោកដូណាល់ ត្រាំ កុំចង់លេងកន្ទុយតោ ពីព្រោះវានឹងធ្វើឱ្យអ្នកសោកស្តាយជារៀងរហូត។
ក្រោយពីមានការផ្លោងពាក្យសម្តីរបស់មេដឹកនាំអ៊ឺរ៉ង់ រូបនេះ ធ្វើឱ្យដូណាល់ ត្រាំ ឆេះដុំ ក៏បានផ្ញើសារទៅឱ្យលោករូហានីិ វិញដែរ។
កាលពីថ្ងៃចន្ទ ទី23 ខែកក្កដា ឆ្នាំ2018 ត្រាំ បានព្រមានថា អ៊ឺរ៉ង់ កុំព្យាយាមគំរាមកំហែងអាមេរិក បើមិនដូច្នោះទេ អ្នកនឹងជួបគ្រោះអាក្រក់ជាបន្តបន្ទាប់។
កាលពីថ្ងៃអាទិត្យ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានហៅ មេដឹកនាំអ៊ីរ៉ង់ ថាជា “មេម៉ាហ្វៀ”។

សង្គ្រាមពាក្យសម្តីរវាងអាមេរិក និង អ៊ឺរ៉ង់ បានកើតឡើងកាន់តែក្តៅគគុក ក្រោយពេលដែលអាមេរិក ប្រកាសដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ 2015 ហើយវិលត្រឡប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនាំប្រេងចេញដ៏ធំបំផុត សាជាថ្មីឡើងវិញ៕