យ៉ាងហោចណាស់ មនុស្ស៤៩នាក់ បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំមួយ នៅជិតទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា សាកសព២៦នាក់ ត្រូវបានរកឃើញនៅក្នុងភូមិមួយក្បែរមាត់សមុទ្រ នៅចំណុចកណ្តាលភ្លើងឆេះព្រៃ។
អាជ្ញាធរដដែលបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៩នាក់ហើយ ភាគច្រើន គឺជាកុមារ។
នេះគឺជាការឆេះព្រៃដ៏អាក្រក់បំផុត នៅប្រទេសក្រិក ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។ ក្រុមសង្គ្រោះ និងក្រុមរុករកកំពុងតែបន្តស្វែងរកអ្នកដែលរស់រានមានជីវិត ជាពិសេស ភ្ញៀវទេសចរណ៍ចំនួន១០នាក់ ដែលបានចូលទៅលេងនៅក្នុងព្រៃ។
រហូតមកដល់ពេលនេះ រថយន្តពន្លត់អគ្គិភ័យរាប់រយគ្រឿង កំពុងសម្រុកទៅកាន់ទីនោះ ដើម្បីបីញា់ពន្លត់កុំឱ្យភ្លើងឆេះរាលដាលបន្តទៀត។
ជាមួយគ្នានេះដែរ លោក Alexis Tsipras នាយករដ្ឋមន្ត្រីប្រទេសក្រិក បាននិយាយថា យើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការឆេះភ្លើងនេះ ដើម្បីកុំឱ្យប៉ះពាល់អាយុជីវិតប្រជាជនបន្តទៀត៕