Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ចាប់ផ្តើមរំលាយទីតាំងបាញ់គ្រាប់រ៉ុក្កែត

កូរ៉េខាងជើង ចាប់ផ្តើមរំលាយទីតាំងបាញ់គ្រាប់រ៉ុក្កែត

យោងតាមប្រភពព័ត៌មានពីផ្កាយរណបរបស់អាមេរិក បានឱ្យដឹងថា កូរ៉េខាងជើង បានចាប់ផ្តើមរំលាយទីតាំងបាញ់គ្រាប់រ៉ុក្កែតសំខាន់ៗ នៅភាគខាងជើងនៃប្រទេស។ ការសម្រេច ចិត្តរំលាយទីតាំងបាញ់គ្រាប់រ៉ុក្កែតដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលមានឈ្មោះថា Sohae គឺជាការឆ្លើយតបទៅនឹងការសន្យារបស់មេដឹកនាំកូរ៉េខាងជើង ជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងជំនួបប្រជុំកំពូល កាលពីថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។

ប្រធានាធិបតីអាមេរិក ធ្លាប់បាននិយាយរួចមកហើយថា របបលោកគីម ជុងអ៊ុន បានសន្យាថា នឹងរំលាយទីតាំងធ្វើិតេស្តម៉ាស៊ីនអាវុធនុយក្លេអ៊ែរ ចោលទាំងអស់ ប៉ុន្តែ លោកមិនបានបញ្ជាក់ឱ្យច្បាស់លាស់ថាមួយណានោះទេ។

ទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ត្រូវបានគេមើលឃើញថា បានដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលឆ្លងទ្វីប រយៈចម្ងាយវែង។

គ្រាប់រ៉ុក្កែត ត្រូវបានបាញ់ពីទីតាំងនេះ កាលពី៩ខែមុន ប៉ុន្តែ វាមិនមែនជាកន្លែងធ្វើតេស្តនុយក្លេអ៊ែរនោះទេ។

ទាក់ទងទៅនឹងព័ត៌មាននេះ ធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ជប៉ុន ក៏ដូចជា សហរដ្ឋអាមេរិក មានការសប្បាយចិត្ត  ដែលជាសញ្ញាវិជ្ជមានមួយឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

គេនៅចាំបានថា លោកដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ក៏បានថ្លែងថា អាមេរិក មិនប្រញាប់ពេកទេ  ហើយក៏មិនបានកំណត់ពេលវេលាឱ្យកូរ៉េខាងជើង រំលាយនុយក្លេអ៊ែរនោះដែរ។

ទោះជាយ៉ាងណាក្តី កាលពីថ្ងៃចន្ទ កូរ៉េខាងជើង ក៏បានទទូចសុំឱ្យអាមេរិក បង្កើតសន្ធិសញ្ញាសន្តិភាព មុននឹងឈានទៅរកការរំលាយអាវុធនុយក្លេអ៊ែរ៕

RELATED ARTICLES