យ៉ាងហោចណាស់មនុស្ស៣១នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៣០នាក់ បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅជិតស្ថានីយបោះឆ្នោត ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យមន្ទីរពេទ្យទីក្រុងកេតា បានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះ បានសម្លាប់មនុស្ស៣១នាក់ និងរបួស៣៥នាក់ ខណៈអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុនោះ។ មូលហេតុ ដែលបណ្តាលឱ្យមានការបំផ្ទុះគ្រាប់បែកនេះ មិនត្រូវបានគេដឹងនោះទេ។
នេះគឺជាសោកនាដកម្មទី២ បន្ទាប់ពីកាលពីដើមខែកក្កដា ក៏មានបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្ស១៤៩នាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងយុទ្ធនាការបោះឆ្នោត នៅក្នុងទីក្រុង Mastung។ ការវាយប្រហារគ្រាប់បែកអត្តឃាតកាលពីដើមខែនេះ ពួកសកម្មជនរដ្ឋអ៊ិស្លាម បានចេញមុខទទួលខុសត្រូវ។
នៅក្នុងដំណើរការបោះឆ្នោតនេះ គណបក្សពីរដែលលេចធ្លោជាងគេ គឺគណបក្ស PTI ដឹកនាំដោយលោក Imran Khan អតីតកីឡាករ Cricket និងគណបក្ស PMLM ដឹកនាំដោយលោក Nawaz Sharif។
លោក Imran Khan សង្ឃឹមថា និងផ្តួលគណបក្សរបស់លោក Nawaz Sharif បានដឹកនាំប្រទេស។ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ នេះ មានការរឹតបន្តឹងសន្តិសុខ និងដាក់ពង្រាយទាហាន៣៧ម៉ឺននាក់ កើនឡើង៥ដង បើប្រៀបធ្រៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៣។
គួររំលឹកថា ការបោះឆ្នោតនៅក្នុងប្រទេសប៉ាគីស្ថាន ឆ្នាំ២០១៨ នេះ មានចំនួនអ្នកចុះឈ្មោះបោះឆ្នោត១០៦លាននាក់ ក្នុងចំណោមកៅអីសភាជាតិ៣៤២។ ក្នុងនោះ ៦០កៅអី ទុកសម្រាប់សមាជិកសភាស្ត្រី និង១០កៅអីទៀត ទុកសម្រាប់តំណាងសមាជិកសភា មកពីជនជាតិភាគតិច៕