Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិបុរសខ្លាំង ម៉ូហ្គាបេ គ្មានវត្តមានបោះឆ្នោតនៅហ្ស៊ីមបាវ៉េ

បុរសខ្លាំង ម៉ូហ្គាបេ គ្មានវត្តមានបោះឆ្នោតនៅហ្ស៊ីមបាវ៉េ

នៅថ្ងៃចន្ទ ម្សិលមិញនេះ ប្រទេសហ្ស៊ីមបាវ៉េ បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី លើកដំបូង ដោយគ្មានវត្តមានបុរសខ្លាំង រ៉ូបឺត ម៉ូហ្គាបេ។ ការបោះឆ្នោតបានចាប់ផ្តើមកាល ពីម៉ោង៧ព្រឹក ហើយនឹងបញ្ចប់នៅម៉ោង៧យប់។ ប្រជាជនហ្ស៊ីមបាវ៉េ ចំនួន៥,៥លាននាក់ មានសិទ្ធិបោះឆ្នោត។

លោកម៉ូហ្គាបេ ដែលត្រូវបានបណ្តេញចេញពីអំណាច កាលពីឆ្នាំទៅមិញ បានដឹកនាំប្រទេសនេះ អស់រយៈពេល៤០ឆ្នាំ។ លោកម៉ូហ្គាបេ បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី ហ្ស៊ីមបាវ៉េ កាលពីឆ្នាំ១៩៨០ ក្រោយពីប្រទេសនេះ បានទទួលឯករាជ្យពេញលេញពីប្រទេសអង់គ្លេស។

នៅក្នុងដំណើរការបោះឆ្នោតនេះ បេក្ខជន២រូប ដែលមានអាទិភាពក្នុងការដណ្តើមយកកៅអីប្រធានាធិបតី គឺលោក Mnangagwa ប្រធានគណបក្ស Zanu-Ps ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន និងលោក Nelson Chamisa មេដឹកនាំគណបក្សប្រឆាំង។ លោក Nelson Chamisa ដែលបានក្លាយជាសមាជិកសភា កាលពីអាយុ២៥ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតរបស់ហ្ស៊ីមបាវ៉េ ប្រសិនបើលោកជាប់ឆ្នោត។

នៅក្នុងអំឡុងការបោះឆ្នោតនោះ អ្នកសង្កេតការអន្តរជាតិ រាប់រយនាក់ ត្រូវបានគេដាក់ពង្រាយ ដើម្បីធានាឱ្យបាននូវសេរីនិងយុត្តិធម៌ ប៉ុន្តែគណបក្សប្រឆាំងបានចោទប្រកាន់ថា មានភាពមិនប្រក្រតី។

នៅក្នុងដំណើរការបោះឆ្នោតនោះ លោកម៉ូហ្គាបេ ដែលបានលាលែងចេញពីតំណែងកាលពីខែវិច្ឆិកា ក្រោយពីកងកម្លាំងយោធា ចូលគ្រប់គ្រងអំណាច បានបដិសេធមិនគាំទ្រប្រធានាធិបតីបច្ចុប្បន្ន លោក Mnangagwa៕

RELATED ARTICLES