យោងតាមប្រភពព័ត៌មានពីកាសែត Bangkok Post ចេញផ្សាយកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រទេសថៃ ចង់ឱ្យចក្រភពអង់គ្លេស ធ្វើបត្យាប័នបញ្ជូនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីអំណាច ត្រឡប់មកប្រទេសថៃវិញ។
កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨ ទីភ្នាក់ងារសារព័ត៌័មាន IP បានទទួលលិខិតមួយពីស្ថានទូតថៃ ប្រចាំទីក្រុងឡុងដ៍ ដែលមានខ្លឹមសារថា រដ្ឋាភិបាលថៃ បានស្នើសុំបញ្ជូនខ្លួនលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលត្រូវបានគេជឿថា កំពុងតាំងទីលំនៅក្នុងទឹកដីអង់គ្លេស ឱ្យវិលត្រឡប់មកទឹកដីវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសអង់គ្លេស និងប្រទេសថៃ ដែលបានចុះអនុស្សារណៈយោគយល់គ្នាធ្វើបត្យាប័ន សុំមិនធ្វើអត្ថាធិប្បាយ។
លោកស្រីយីងឡាក់ ដែលត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីឆ្នាំ២០១៤ បាននិរទេសខ្លួន កាលពីខែសីហា ឆ្នាំ២០១៧ ក្រោយពីលោកស្រីរងការចោទប្រកាន់ពីបទបរាជ័យ គោលនយោបាយ ស្រូវ អង្ករ។
រយៈពេលមួយខែក្រោយមក លោកស្រី ត្រូវបានតុលាការថៃ កាត់ទោសកំបាំងមុខ ឱ្យ ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។
ទាក់ទងទៅនឹងការនិរទេសខ្លួនរបស់លោកស្រី ត្រូវបានគេដឹងថា ដំបូងស្នាក់នៅទីក្រុងឌូបៃ បន្ទាប់មកត្រូវបានគេប្រទះឃើញវត្តមាននៅប្រទេសអង់គ្លេស ហើយក៏មានពាក្យចចាមអារ៉ាមថា លោកស្រីកំពុងរងសិទ្ធិជ្រកកោននៅទីនោះ។
រដ្ឋាភិបាលថៃ ដែលបានពន្យារពេលបោះឆ្នោតម្តងជាពីរដង បានសន្យាកាលពីខែកក្កដា ថា នឹងរៀបចំការបោះឆ្នោត នៅដើមឆ្នាំ២០០៩ ខាងមុខនេះ៕