បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោត បានទៅលើលោក Emmerson Mnangagwa ប្រធានគណបក្ស Zanu-PF និងជាប្រធានាធិបតីបច្ចុប្បន្ន បានធ្វើឱ្យមេដឹកនាំគណបក្សប្រឆាំង មិនសប្បាយចិត្ត ហើយក៏បានដឹកនាំក្រុមគាំទ្ររបស់ខ្លួនធ្វើបាតុកម្មប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត។ បន្ទាប់ពីមានការតវ៉ា កងកម្លាំងរបស់រដ្ឋាភិបាល ក៏បានបង្ខំចិត្តបំបែកហ្វង្វូបាតុកម្ម ដោយការបាញ់កាំភ្លើង បណ្តាលឱ្យអ្នកតវ៉ាចំនួន3នាក់ ស្លាប់បាត់បង់ជីវិត និងជាច្រើនអ្នកទៀតរងរបួស។
អ្នកគាំទ្រគណបក្សប្រឆាំង បានចូលកាន់កាប់ទីក្រុង Harare និងតាមដងវិថីនានា ដោយស្រែកទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។
រដ្ឋាភិបាលបាននិយាយថា ការបង្ខំចិត្តធ្វើដូច្នេះ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ កុំឱ្យមានចលាចល។
ទាក់ទងទៅនឹងបញ្ហានេះ សហគមន៍អន្តរជាតិ បានចេញសេចក្តីអំពាវនាវឱ្យទប់ស្កាត់កុំឱ្យមានអំពើហិង្សាកើតឡើងបន្តទៀត។
អង្គការសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ ក៏បានអំពាវនាវទៅឱ្យរដ្ឋាភិបាលថ្មីហ្ស៊ីមបាវ៉េ បើកការស៊ើបអង្កេតទៅលើទង្វើរបស់យោធា ដែលបានបាញ់សម្លាប់អ្នកតវ៉ា។
គួររំលឹកថា ការបោះឆ្នោតនៅហ្សុម៉ីបាវ៉េ កាលពីថ្ងៃអាទិត្យ គណបក្សកាន់អំណាចរបស់លោក Emmerson បានឈ្នះកៅអីរដ្ឋសភា140 ខណៈដែលគណបក្សសម្ព័ន្ធអ្នកប្រឆាំង ទទួលបានសំឡេង58កៅអី បន្ទាប់ពីនោះ គណបក្សផ្សេងៗទៀត ទទួលបាន2កៅអីម្នាក់៕