យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី06 ខែសីហា ឆ្នាំ2018 បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស91នាក់ បានស្លាប់បាត់បង់ជីវិត និងជាង200នាក់ បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះធម្មជាតិរញ្ជួយដី កម្រិត6.9រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី05 ខែសីហា នៅកោះឡុំបុក ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។
យោងតាមវិទ្យាស្ថានភូគ្ភសាស្ត្រអាមេរិក USGS បានបង្ហាញថា រញ្ជួយដីនេះមានកម្លាំងផ្ទុះពីក្រោមដីមក ជម្រៅ10គីឡូម៉ែត្រ។
ក្រៅពីអ្នកស្លាប់ និងរបួសមនុស្សរាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍ជាង1ពាន់នាក់ ត្រូវបានគេជម្លៀសចេញទៅកាន់ទីសុវត្ថិភាព។
យោងតាមលោក Sotopo អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បាននិយាយថា ការរញ្ជួយដីនេះ បានធ្វើឱ្យប៉ះពាល់ដល់អគារជាច្រើននៅកោះបាលី រងការខូចខាតផងដែរ។
ទោះជាយ៉ាងណាក្តី ពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះទេ។ កាលពីសប្តាហ៍មុន ក៏មានការរញ្ជួយដីកម្រិត6.4រ៉ិចទ័រ នៅកោះឡុំបុក ដែលបណ្តាលឱ្យមនុស្ស17នាក់ ស្លាប់បាត់បង់ជីវិត និងមនុស្សរាប់រយ ដែលឡើងទៅលើភ្នំ ត្រូវបានជម្លៀសចេញ។
គួររំលឹកថា ប្រទេសឥណ្ឌូណេស៊ី ជានិច្ចកាលតែតែងជួបប្រទះនៅគ្រោះធម្មជាតិរញ្ជួយដី។ កាលពីឆ្នាំ2004 មានប្រជាជនឥណ្ឌូណេស៊ី 12ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត៕