យ៉ាងហោចណាស់ មនុស្ស៤០នាក់ ត្រូវបានគេបាញ់ប្រហារនៅក្នុងរដ្ឋជីហ្គាហ្គោ សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ក្នុងរយៈពេលត្រឹមតែ៨ម៉ោង រាត្រីថ្ងៃសៅរ៍ ដល់ព្រឹកព្រលឹមថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់បាត់បង់ជីវិត។
នេះបើយោងតាមប្រភពព័ត៌មានពី រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
លោក Fred Waller ប្រធាននាយកដ្ឋានប៉ូលិសប្រចាំទីក្រុងជីហ្គាហ្គោ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អំពើហិង្សានៅក្នុងទីក្រុង បានហក់កើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។
លោកបានបន្តទៀតថា ការបាញ់ប្រហារនេះ ភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងឹក្រុមក្មេងទំនើង ដែលតែងតែបង្កជម្លោះនៅតាមដងផ្លូវ និងកន្លែងស៊ីផឹកមួយចំនួន។
ប៉ូលិសមូលដ្ឋាន បានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់តម្រង់ទៅក្នុងពិធីជប់លៀងមួយ ដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើននៅក្នុងពិធីបុណ្យសពមួយ និងការប្រគំតន្ត្រីនៅទីប្រជុំជន ដែលប្រមូលផ្តុំដោយមនុស្សជាច្រើន។
ទោះជាយ៉ាងណាក្តី ប៉ូលិសមិនទាន់បានរកឃើញមូលហេតុពិតប្រាកដ ដែលនាំឱ្យឈានទៅដល់មានការបាញ់ប្រហារនោះនៅឡើយទេ៕