នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក រីយុង ហូ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង ទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨ លោកហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានក្រើនរំឭកកូរ៉េខាងជើង ថា កុំទុកចិត្តសហរដ្ឋអាមេរិក។
នេះបើយោងតាមប្រភពព័ត៌មានរដ្ឋអ៊ីរ៉ង់ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងជំនួបនោះ លោករូហានី បានប្រាប់លោករីយុង ហូ ថា ការអនុវត្តន៍រដ្ឋបាលរបស់លោកដូណាល់ ត្រាំ ក្នុងរយៈពេល២ឆ្នាំនេះ គឺកំពុងតែដឹកនាំប្រទេសមហាអំណាចអាមេរិក ឱ្យឃ្លាតឆ្ងាយពីបណ្តាប្រទេសជុំវិញពិភពលោក ពោលគឺគ្មានប្រទេសណាមួយមានទំនុកចិត្តតទៅទៀតនោះទេ។
លោកបានបន្តទៀតថា ស្ថានភាពបច្ចុប្បន្ន ប្រទេសនីមួយៗគួរតែអភិវឌ្ឍទំនាក់ទំនង និងសហប្រតិបត្តិការនៅក្នុងសហគមន៍អន្តរជាតិ ជាជាងបង្កើតសត្រូវ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើង និងអ៊ីរ៉ង់ បាននិងកំពុងបង្កើនទំនាក់ទំនងគ្នាកាន់តែស្អិតល្មួត។
ប្រទេសអ៊ីរ៉ង់ ក៏ដូចជាកូរ៉េខាងជើង ដែរ កំពុងតែរងទណ្ឌកម្មថ្មីៗបន្ថែមទៀតដូចគ្នា ពីសហរដ្ឋអាមេរិក។
អ៊ីរ៉ង់ ទើបតែទទួលបានទណ្ឌកម្មថ្មីកាលពីសប្តាហ៍មុន គឺហាមមិនឱ្យប្រទេសដទៃទៀត ធ្វើជំនួញជាមួយអ៊ីរ៉ង់ និងការនាំចេញផលិតផលប្រេង ជាដើម ខណៈកូរ៉េខាងជើង ក៏រងទណ្ឌកម្មថ្មីដែរ បន្ទាប់ពីមានព័ត៌មានថា ប្រទេសនេះកំពុងលួចផលិតអាវុធនុយក្លេអ៊ែរ ដដែល បើទោះជាមានកិច្ចព្រមព្រៀងក៏ដោយ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ កូរ៉េខាងជើង បានចោទប្រកាន់អាមេរិក ថា មិនបានគោរពស្មារតីកិច្ចព្រមព្រៀងប្រជុំកំពូលនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើងរបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសអាមេរិក ប្រកាសបន្តដាក់ទណ្ឌកម្មមកលើប្រទេសនេះសាជាថ្មីទៀត ក្រោយពីរកឃើញភស្តុតាងថា ប្រទេសនេះកំពុងលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ៕