Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិកម្លាំងចម្រុះអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារតាមអាកាស សម្លាប់សិស្សសាលាយេមែន ៥០និងរបួស៧៧នាក់

កម្លាំងចម្រុះអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារតាមអាកាស សម្លាប់សិស្សសាលាយេមែន ៥០និងរបួស៧៧នាក់

ការវាយប្រហារតាមអាកាសរបស់កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត  ទៅលើរថយន្តដឹកកូនសិស្ស ដែលកំពុងបំពេញទស្សនកិច្ចសិក្សា បានសម្លាប់សិស្សសាលាយេមែន ៥០នាក់ និងរបួស៧៧នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨ នៅក្បែរផ្សារមួយកន្លែង ក្នុងខេត្ត Saada ភាគខាងជើងប្រទេសយេមែន។ ក្មេងៗទាំងនោះមានអាយុតិចជាង១៥ឆ្នាំ ។

នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រី ក្រសួងសុខាភិបាលរបស់យេមែន ថ្លែងប្រាប់ CNN ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១០ សីហា ឆ្នាំ២០១៨។

ក្រុមកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត គាំទ្ររដ្ឋាភិបាលយេមែន បើកការវាយប្រហារជាមួយពួកសកម្មប្រយុទ្ធ Houthi។ Houthi គឺជាក្រុមចលនាប្រដាប់អាវុធនយោបាយសាសនាអ៊ីស្លាម ដែលបង្កើតឡើងកាលពីឆ្នាំ១៩៩០ នៅភាគខាងជើងប្រទេសយេមែន។

ក្រោយការវាយប្រហារក្រុមចម្រុះ បានចេញមុខការពារខ្លួនថា ការវាយប្រហារនេះ គឺស្របច្បាប់ ពីព្រោះកម្លាំងរបស់ខ្លួនមិនបានសំដៅទៅជនស៊ីវិលនោះទេ។

ទោះយ៉ាងណាក្តី អង្គការសហប្រជាជាតិ  និងអង្គការសិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងខ្លាំង ។

ទាក់ទងទៅនឹងបញ្ហានេះ លោក Martin Griffiths អតីតមន្ត្រីទូតអង់គ្លេស ដែលបច្ចុប្បន្នជាបេសកជនពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសយេមែន បាននិយាយថា លោកនឹងកោះហៅភាគីជម្លោះទាំងពីរ ទៅទៅទីក្រុងហ្សឺណេវ ក្នុងខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាគ្នាបញ្ចប់ជម្លោះ៕

RELATED ARTICLES